Connect with us

ព័ត៌មានជាតិ

កម្ពុជាបញ្ជាក់ជាថ្មីទៅកាន់ប្រធានអាស៊ានពីជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី

បានផុស

នៅ

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជាថ្មីទៅកាន់ហ្វីលីពីន ដែលជាប្រធានអាស៊ានប្ដូរវេនក្នុងឆ្នាំនេះ អំពីជំហរបស់កម្ពុជាក្នុងការបន្តជ្រើសរើសនូវយន្តការដោយសន្តិវិធី ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលកំពុងតែអូសបន្លាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់សម្ដេចតេជោបានធ្វើឡើងនៅក្នុងពេលដែលទទួលជួបលោកស្រី ហ្វើ្លរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ដើម្បីជម្រាបលា ខណៈដែលលោកស្រីឯកអគ្គរដ្ឋទូត ត្រូវចប់បេសកកម្មការទូតនៅកម្ពុជា។

ថ្លែងឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការវិវត្តថ្មីៗនៃស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានបញ្ជាក់ទៅកាន់លោកស្រីឯកអគ្គរដ្ឋទូតថា កម្ពុជាប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ និងផ្អែកលើយន្តការ ដែលមានស្រាប់រវាងភាគីទាំងពីរបានព្រមព្រៀងគ្នាកន្លងមក។

ឆ្លើយទៅនឹងជំហររបស់កម្ពុជា លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោ ថា ក្នុងឋានៈហ្វីលីពីន ជាប្រធានអាស៊ានប្តូរវេន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃឱ្យប្រព្រឹត្តទៅដោយលទ្ធផលផ្លែផ្កា ហើយវិលទៅរកប្រក្រតីភាពឡើងវិញនៅតាមបណ្តោយព្រំដែននៃប្រទេសជាសមាជិកអាស៊ានទាំងពីរនេះ។

គួរកត់សម្គាល់ថា កម្ពុជាតែងតែបានបង្ហាញនូវការប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ហើយកម្ពុជាប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងដើម្បីកែប្រែព្រំដែន។

កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបានបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញាសន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា​ ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម