Connect with us

ព័ត៌មានជាតិ

សិង្ហបុរីប្រកាសបន្តគាំទ្រតួនាទីរបស់អ្នកសង្កេតការណ៍អាស៊ានលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

សិង្ហបុរីប្រកាសពីការគាំទ្ររបស់ខ្លួនចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) លើជម្លោះព្រំដែនកម្ពុជា-ថៃ។ ការប្រកាសនេះ បានធ្វើឡើងដោយឧត្តមសេនីយ៍ត្រី Frederick Choo អគ្គលេខាធិការរងទទួលបន្ទុកនយោបាយ នៃក្រសួងការពារជាតិសិង្ហបុរី ហើយជាការឆ្លើយតបទៅនឹងការស្នើរបស់កម្ពុជាឱ្យសិង្ហបុរីបន្តគាំទ្របេសកកម្មAOT ដើម្បីធានាការអនុវត្តបទឈប់បាញ់ពេញលេញ ហើយឈានទៅស្ដារឡើងវិញសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយនឹងអគ្គមេបញ្ជការកងទ័ពកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ ឧត្តមសេនីយ៍ត្រី Frederick Choo បានវាយតម្លៃខ្ពស់ចំពោះការអត់ធ្មត់និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ដោយនៅក្នុងឆ្នាំ២០២៧ សិង្ហបុរីនឹងធ្វើជាប្រធានអាស៊ានប្តូរវេន លោកបានបញ្ជាក់ថា សិង្ហបុរីនឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងបេសកកម្មនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីជំរុញតម្លាភាព សន្តិភាព និងភាពសុខដុមរមនាក្នុងតំបន់ តាមរយៈការបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍នេះ។

ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងទ័ពកម្ពុជាបានអះអាងថា កម្ពុជាបន្តប្រកាន់ជំហដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ហើយកម្ពុជាប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងដើម្បីកែប្រែព្រំដែន។

លោកអគ្គមេបញ្ជាការ បានអរគុណដល់សិង្ហបុរី ដែលបានគាំទ្រដល់បទឈប់បាញ់ និងការបញ្ជូននាយទាហានមកចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជាការកត់សម្គាល់ ក្នុងជំនួបរវាងអគ្គមេបញ្ជាការកងទ័ពកម្ពុជា និងអគ្គលេខាធិការរងក្រសួងការពារជាតិសិង្ហបុរី ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងសិង្ហបុរីផងដែរ ពិសេសតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកព័ត៌មានសន្តិសុខ និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការធ្វើលំហាត់សមយុទ្ធរួមគ្នាជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម