Connect with us

ព័ត៌មានជាតិ

លោកតា ស៊ុច មកដល់កម្ពុជា ជាមួយការស្វាគមន៍​ពីអាជ្ញាធរ ព្រះសង្ឃ តាជី យាយជីរាប់រយនាក់នៅព្រលានយន្តហោះភ្នំពេញ

បានផុស

នៅ

លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ​ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងព្រះគ្រូនាគសត្ថា សុខុមោ នី សុវណ្ណមុនីរ៉េត តំណាងព្រះបវរមុនី ងិន ឃីម ព្រះចៅអធិការវត្តនាគវ័ន នាព្រឹកថ្ងៃទី០២ កក្កដានេះ បាននិមន្ត និងជូនដំណើរព្រះតេជគុណលោកតា ស៊ុច ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់វត្តនាគវន្តក្នុងខណ្ឌទួលគោកប្រកបដោយសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះតេជគុណតា ស៊ុច ជាព្រះសង្ឃមួយអង្គមានស្រុកកំណើតនៅខេត្តបូរីរាំ ព្រះរាជាណាចក្រថៃ បានសំរេចព្រះទ័យចូលមកកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមិននិមន្តទៅប្រទេសថៃវិញជាដាច់ខាត។ ការនិមន្តមកប្រទេសកម្ពុជាពីសំណាក់លោកតា ស៊ុច គឺក្រោយពីមានការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ជាងនេះទៅទៀត ខណៈព្រះអង្គនិមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០២ កក្កដានេះ គេបានឃើញមានព្រះសង្ឃ និងតាជី យាយជី រាប់រយនាក់បាននិមន្ត និងអញ្ជើញមកទទួលលោកតាស៊ុចយ៉ាងកក់ក្ដៅបំផុត។

លោកតា ស៊ុច ជាព្រះសង្ឃមួយអង្គដែលតែងតែមានសង្ឃដីកាពិត និងសម្ដែងធម៌ទេសនាអ្វីដែលជាសច្ចភាពបច្ចុប្បន្ន និងអនាគត ចែកជូនដល់ពុទ្ធបរិស័ទ្ធជានិច្ច ហើយអ្វីដែលលោកតាមានសង្ឃដីកាចុងក្រោយនេះ ក៏ជាពាក្យពិត ដែលធ្វើឱ្យថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនថៃខ្លាចការពិត ខ្លាចសច្ចធម៍ មិនហ៊ានប្រឈមមុខនឹងច្បាប់អន្តរជាតិ។

ព្រះអង្គមានព្រះទ័យ សប្បាយរីករាយដោយព្រះអង្គតូចទាប មិនមានបុណ្យស័ក្តអ្វីទេ តែត្រូវបានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យព្រះអង្គនិមន្តមកប្រទេសកម្ពុជាដោយការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ ចំពោះផែនការមកកម្ពុជា ថាតើ នឹងត្រូវនិមន្តបន្តទៅណានោះ ព្រះអង្គមានសង្ឃដីកាថា មិនទាន់មានគម្រោងទៅណានូវឡើយទេ ដោយចាំប្រឹក្សាជាមួយលេខាសិន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរសំណេរក្នុងហ្វេសបុករបស់សម្តេចហើយថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។ មិនត្រឹមតែចំពោះលោកតាស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារមានសង្ឃដីកាឬបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន សម្ដេច សូមនិមន្តនិងអញ្ជើញព្រះតេជគុណ និងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា។ រាជរដ្ឋាភិបាល និងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថា នឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម