Connect with us

ព័ត៌មានអន្ដរជាតិ

ក្នុង​ស​ង្គ្រា​ម​​​កន្លងមកនេះ​​ ​អ៊ីស្រាអែល​​​​​ រងការ​ចោទ​ថា បាន​ប្រើប្រាស់​សា​​រធាតុ​គីមី​ហាមឃាត់​ បង្កគ្រោះថ្នាក់​​​ ដល់​មនុស្ស​និបរិស្ថាន​​

បានផុស

នៅ

គិតត្រឹមខែមេសា ឆ្នាំ២០២៦ មានរបាយការណ៍គួរឲ្យទុកចិត្តជាច្រើនពីអង្គការសិទ្ធិមនុស្សអន្តរជាតិ និងបណ្ដាប្រទេសមួយចំនួន ដែលបានចោទប្រកាន់ប្រទេសអ៊ីស្រាអែល អំពីការប្រើប្រាស់សារធាតុគីមី និងអាវុធ​បណ្តាល​ឲ្យ​រលាក​ឬ​ឆេះ​( Incendiary Weapons) ក្នុងសមរភូមិសង្គ្រាមថ្មីៗនេះ។

រូបភាពReuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​របស់​អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានចោទប្រកាន់អ៊ីស្រាអែល​ ថា បានប្រើប្រាស់សារធាតុគីមីហាមឃាត់ «ផូស្វ័រពណ៌ស» បាញ់ស្រោចលើផ្ទះសម្បែងរបស់ប្រជាជនក្នុងក្រុង Yohmor ភាគខាងត្បូងប្រទេសលីបង់។ របាយការណ៍នោះ បាន​បញ្ជាក់ថា អ៊ីស្រាអែលបានប្រើប្រាស់សារធាតុនេះជាង ២៥០ ដង ចាប់តាំងពីឆ្នាំ២០២៣ មកម៉្លេះ។

លោក Ramzi Kaiss អ្នកស្រាវជ្រាវប្រចាំប្រទេសលីបង់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាន​លើក​ឡើង​ថា៖ «ការប្រើប្រាស់ ផូស្វ័រពណ៌ស ដោយខុសច្បាប់របស់កងទ័ពអ៊ីស្រាអែល នៅលើតំបន់លំនៅឋាន គឺជាបញ្ហាដែលគួរឲ្យព្រួយបារម្ភបំផុត ហើយនឹងផ្ដល់នូវផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជនស៊ីវិល។ ឥទ្ធិពលនៃការឆាបឆេះនៃផូស្វ័រពណ៌ស អាចបណ្តាល​ឲ្យស្លាប់ ឬបង្កជារបួសយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យមានការឈឺចាប់អស់មួយជីវិត»។

ដោយឡែក យោងតាមរបាយការណ៍ពីសភាអឺរ៉ុប និងលីបង់ ក្នុងខែមករា និងកុម្ភៈ ឆ្នាំ២០២៦ មានរាយការណ៍ថា យន្តហោះអ៊ីស្រាអែលបានបាញ់ សារធាតុគីមី (ទំនងជាថ្នាំសម្លាប់ស្មៅ Glyphosate កម្រិតខ្ពស់) លើដីកសិកម្មក្នុងភាគខាងត្បូងប្រទេសលីបង់ និងស៊េរី ដែលបណ្តាលឲ្យខូចខាតដំណាំរាប់សិបហិកតា។ ប្រធានាធិបតីលីបង់ លោក Joseph Aoun បានហៅសកម្មភាពនេះថា ជា «បទឧក្រិដ្ឋបរិស្ថាន»។ 

មិនតែប៉ុណ្ណោះ ប្រទេសកាតា និងអៀរឡង់ ក៏បានធ្វើការចោទប្រកាន់អ៊ីស្រាអែលជាផ្លូវការនៅក្នុងសន្និសីទនៃអង្គការហាមឃាត់អាវុធគីមី (OPCW) នៅទីក្រុងឡាអេ អំពីការប្រើប្រាស់ «អាវុធគីមីដែលត្រូវបានហាមឃាត់» នៅក្នុងប្រតិបត្តិការយោធានៅហ្គាហ្សា និងលីបង់ ផងដែរ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយនៅអង្គការហាមឃាត់អាវុធគីមី (OPCW) ប៉ាឡេស្ទីន និងបណ្ដាប្រទេសសម្ព័ន្ធមិត្តបានស្នើឲ្យមានការតាមដាន និងស៊ើបអង្កេតលើ «ការគំរាមកំហែង ឬការប្រើប្រាស់ជាក់ស្ដែង» នូវសារធាតុគីមីពុលដោយអ៊ីស្រាអែល ដែលពួកគេចាត់ទុកថាជាការបំពានអនុសញ្ញាអាវុធគីមី (CWC)។

ទោះជាយ៉ាងនេះក្ដី កងកម្លាំងការពារអ៊ីស្រាអែល (IDF) តែងតែបដិសេធរាល់ការចោទប្រកាន់អំពីការប្រើប្រាស់អាវុធខុសច្បាប់ ដោយអះអាងថា ខ្លួនប្រើប្រាស់ផូស្វ័រពណ៌សគ្រាន់តែជា «ផ្សែងបិទបាំង» ដើម្បីការពារកងទ័ពតែប៉ុណ្ណោះ ហើយវាមិនត្រូវបានប្រើដើម្បីគោលដៅលើជនស៊ីវិលឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម