Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ ជនបរទេសក៏ដោយដែលទទួលបានសញ្ជាតិខ្មែរត្រូវដកសញ្ជាតិវិញ ករណីឃុបឃិតជាមួយបរទេសបំផ្លាញកម្ពុជា

បានផុស

នៅ

ប្រធានព្រឹទ្ធសភា​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ការរៀបចំច្បាប់ដកសញ្ជាតិនេះឡើង ដើម្បីកុំឱ្យមានជនក្បត់ជាតិកើតឡើង​ ហើយច្បាប់នេះមានវិសាលភាពគ្របដណ្តប់ទាំងជនជាតិខ្មែរ និងជនបរទេសដែលទទួលបានសញ្ជាតូបនីយកម្ម នឹងត្រូវដកហូតសញ្ជាតិវិញ ក្នុងករណីរកឃើញឃុបឃិតជាមួយបរទេសបំផ្លាញឧត្តមប្រយោជន៍ជាតិខ្មែរ។ សញ្ជាតូបនីយកម្ម សំដៅដល់ការផ្តល់សញ្ជាតិខ្មែរតាមរយៈការស្នើសុំរបស់ជនបរទេស ដោយ​ផ្អែកតាមលក្ខខណ្ឌនៃការស្នាក់នៅ អំណោយជាសាច់ប្រាក់ និងគុណសម្បត្តិពិសេស ឬថ្វីដៃពិសេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ និងសម្រេចលើសំណើរ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការរៀបចំច្បាប់នេះ កុំឱ្យមានជនក្បត់ណាមួយកើតឡើង បើជនក្បត់នេះនៅក្នុងប្រទេសត្រូវជាប់គុក តែបើជនក្បត់នៅបរទេសគឺត្រូវដកសញ្ជាតិ។ សម្តេចបញ្ជាក់ថា៖«រាប់ទាំងជនជាតិបរទេសដែលចូលសញ្ជាតិខ្មែរ ជួនកាលជនជាតិថៃគេចូលសញ្ជាតិខ្មែរ ប៉ុន្តែទៅបម្រើឱ្យថៃវិញ ឬជនបរទេសណាមួយ»។

កន្លងមកកម្ពុជាបានធ្វើសញ្ជាតូបនីយកម្មរាប់សិបសញ្ជាតិផ្តល់ជូនជនបរទេស ប៉ុន្តែមិនមានសិទ្ធិដកសញ្ជាតិគេនោះទេ ដូច្នេះច្បាប់ដកសញ្ជាតិដែលកម្ពុជាកំពុងធ្វើនេះ នឹងមានវិសាលភាពគ្របដណ្តប់លើជនបរទេសផង និងជនជាតិខ្មែរផង។ សម្តេចតេជោបញ្ជាក់ថា៖«ឥឡូវរាជរដ្ឋាភិបាល យើងបានដើរដល់ចំណុចនេះហើយ ជនជាតិបរទេសមួយចំនួនបានចូលសញ្ជាតិខ្មែរ ប៉ុន្តែគេទៅបម្រើបរទេសប្រឆាំងជាមួយយើង តែយើងគ្មានសិទ្ធិធ្វើទណ្ឌកម្មចំពោះគេតាមរយៈការដកសញ្ជាតិឯណា។ ឧទាហរណ៍ ជនជាតិថៃដែលចូលសញ្ជាតិកម្ពុជា គេត្រឡប់ទៅស្រុកវិញ គេផ្តល់លុយ ផ្តល់កាក់ ដើម្បីឱ្យទហានថៃវៃជាមួយយើង តើយើងដកសញ្ជាតិឬមិនដក ខ្ញុំចង់សួរកន្លែងនេះ ព្រោះកុំភ្លេចអតីតកាលឈឺច្បាប់យើងនៅកន្លែងហ្នឹង»។

រំលឹកបន្តិចថា អំឡុងពេលចុះសួរសុខទុក្ខកងទ័ពកន្លងទៅ កាលពីថ្ងៃទី ២៧​ខែមិថុនា ឆ្នាំ ២០២៥ សម្តេចតេជោ បានស្នើឱ្យធ្វើច្បាប់ដកសញ្ជាតិ ដោយសារសភាពការណ៍ព្រំដែន រវាងកម្ពុជា និងថៃ កាន់តែឡើងកម្តៅ ហើយច្បាប់នេះទៀតសោតសំដៅការពារផលប្រយោជន៍ជាតិខ្មែរជាធំ។ វិសាលភាពច្បាប់នេះ​ចែងច្បាស់ណាស់ គ្មានពលរដ្ឋណាមួយដែលត្រូវដកសិទ្ធិនោះទេ ប្រសិនបើអ្នកទាំងនោះមិនបានធ្វើអ្វីមួយដែលក្បត់ ឬប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួនឯង ដូច្នេះមិនចាំបាច់ភ័យនោះទេ។

ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា បញ្ជាក់ថា៖«អ្វីទៅនិយមន័យពីការក្បត់ជាតិ មិនមែនគ្រាន់តែសិទ្ធិបញ្ចេញមតិទេ ជំទាស់ ធ្វើជាបក្សប្រឆាំង ស្មើនឹងទោសក្បត់ជាតិ គឺអត់ទេ។ ប៉ុន្តែទង្វើទាំងឡាយដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិរបស់ខ្លួន ទើបជាគោលដៅ ចឹងមានអ្វីដែលត្រូវខ្លាច អ្នកដែលឃុបឃិតជាមួយបរទេសទាំងឡាយ ទើបជាគោលដៅ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម