Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ ទាហានអាមេរិកនឹងមិន​ឈរ​ជើង​នៅ​អ៊ុយក្រែនទេ ប៉ុន្តែអាច​ជួយ​តាម​របៀប​ផ្សេង

បានផុស

នៅ

លោក ដូណាល់ ត្រាំ បានច្រានចោលការបញ្ជូនទាហានអាមេរិកទៅកាន់ទឹក​ដី​អ៊ុយក្រែន ប៉ុន្តែបាននិយាយថា ក្រុង​វ៉ាស៊ីនតោន​មានឆន្ទៈក្នុងការផ្តល់ការគាំទ្រផ្លូវអាកាសដល់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ដែលជាផ្នែក​មួយ​នៃកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលជាមួយរុស្ស៊ី។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​នា​ថ្ងៃ​ទី​២០​សីហា​របស់​ SkyNews បន្ទាប់ពីកិច្ចប្រជុំនៅសេតវិមានជាមួយមេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ថា អឺរ៉ុប​មានឆន្ទៈ​ក្នុង​ការ​ដាក់​ពង្រាយ​កង​កម្លាំង​នៅ​លើ​ដី ខណៈដែលសហរដ្ឋអាមេរិក​វិញ​នឹងជួយ«ប្រហែលជាតាមផ្លូវ​អាកាស»។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Karoline Leavitt បាន​​​បញ្ជាក់​បន្ថែម​ថា ប្រធានាធិបតីអាមេរិក«បាន​រៀបរាប់​យ៉ាងច្បាស់ថា អាមេរិក​នឹងមិន​ឈរ​ជើង​នៅលើទឹកដីអ៊ុយក្រែនឡើយ ប៉ុន្តែយើងពិតជាអាចជួយក្នុងការសម្របសម្រួល ហើយប្រហែលជាផ្តល់នូវមធ្យោបាយនៃការធានាសន្តិសុខផ្សេងទៀតដល់សម្ព័ន្ធមិត្តអឺរ៉ុបរបស់យើង»។

ការគាំទ្រផ្លូវអាកាសអាចមានច្រើន​ទម្រង់ រួមទាំងប្រព័ន្ធការពារមីស៊ីល ឬយន្តហោះចម្បាំងដែលពង្រឹងតំបន់គ្មានការហោះហើរ ហើយវាមិនច្បាស់​ទេ​ថាតើសហរដ្ឋអាមេរិកនឹងដើរតួអ្វីនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវ​បានស្នើឡើងនោះ។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើងនៅពេលដែលផែនការសម្រាប់កិច្ចប្រជុំកំពូល​រវាង​លោក ហ្សេលេនស្គី និងសមភាគី​រុស្ស៊ី​លោក វ៉្លាឌីមៀរ ពូទីន កំពុងត្រូវបាន​រៀបចំ​​។ កិច្ចប្រជុំ​នេះ អាចកើតឡើងនៅចុងខែសីហា​ ដោយទីក្រុងហ្សឺណែវ នៃ​ប្រទេសស្វីស ទំនង​​ជាជម្រើស​ល្អ​បំផុត​ចំពោះ​ជំនួប​​កំពូលដើម្បី​ដោះស្រាយ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២២។

សូម​ជម្រាប​ថា​ ​កាល​ពី​​ថ្ងៃទី​១៨​ខែសីហា លោក ហ្សេលេនស្គី ធ្លាប់​បាន​លើក​ឡើង​ថា អ៊ុយក្រែនកំពុង​ពិចារណា​លើ​ការ​ទិញអាវុធអាមេរិក​ក្នុង​តម្លៃ ៩០ពាន់លានដុល្លារ ដោយប្រើមូលនិធិអឺរ៉ុប ជាថ្នូរនឹងការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន។ អ៊ុយក្រែន កំពុង​ស្វែងរកទិញប្រព័ន្ធការពារដែនអាកាស Patriot យ៉ាងតិច១០គ្រឿង ព្រម​ទាំង​ឧបករណ៍យោធា និង​មីស៊ីល​ផ្សេងៗទៀត។ បន្ថែម​ពី​នេះ អ៊ុយក្រែន ក៏កំពុង​ធ្វើ​កិច្ចព្រមព្រៀងតម្លៃ ៥០​ពាន់លានដុល្លារដាច់ដោយឡែក​មួយ​ សម្រាប់ការផលិតយន្តហោះគ្មានមនុស្សបើករួមគ្នាជាមួយ​អាមេរិក​ផង​ដែរ៕

លោក វ៉្លាឌីមៀរ ពូទីន និង​លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ អ៊ុយក្រែនពិចារណាទិញអាវុធអាមេរិក៩០​ពាន់លានដុល្លារ ជាថ្នូរនឹងការធានាសន្តិសុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម