Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ អំពាវនាវឲ្យបេក្ខជនប្រឡងបាក់ឌុបថែទាំសុខភាពឱ្យបានល្អនិងគោរពច្បាប់ចរាចរណ៍​ដើម្បីការប្រឡងទទួលបានលទ្ធផលល្អ

បានផុស

នៅ

លោកបណ្ឌិត ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានធ្វើការអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង២៨ សីហា ២០២៥ សូមថែរក្សាសុខភាពឱ្យបានល្អ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីឱ្យដំណើរការប្រឡងទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះបានធ្វើឡើងនៅថ្ងៃទី២៧សីហា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោក ឧបនាយករដ្ឋមន្ត្រីបានចេញវីដេអូរសារជូនពរ និងផ្តាំផ្ញើដល់បេក្ខជប្រឡងបាក់ឌុបដែលត្រូវប្រឡងនៅថ្ងៃទី២៨សីហាស្អែកនេះ។

តាមរយៈសារជូនពរ និងផ្តាំផ្ញើដល់បេក្ខជប្រឡង លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា «ក្មួយៗជាបេក្ខជនទាំងអស់ជាទីស្រលាញ់ ថ្ងៃស្អែកជាថ្ងៃសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២៨សីហា ២០២៥ ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ សូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទបញ្ញាតការប្រឡងឱ្យបានល្អប្រសើរ ពិសេសមិនត្រូវយកតាមខ្លួននូវឧបករណ៍អេឡេចត្រូនិចគ្រប់ប្រភេទេ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡងនិងបន្ទប់ប្រឡងជាដាច់ខាត និងមិនត្រូវប្រព្រឹត្តិសកម្មភាពផ្ទុយនឹងបទបញ្ញាតនៃការប្រឡងឡើយ សូមក្មួយៗជាបេក្ខជនទាំងអស់ខិតខំថែរក្សាអនាម័យ និងសុខភាពឱ្យបានល្អ និងត្រូវទទួលទានដំណេក និងទទួលទានអាហារ ឬទឹកស្អាតឱ្យបានគ្រប់គ្រាន់ពិសេសទទួលទានអាហរពេលព្រឹកឱ្យបានគ្រប់គ្រាន់ដើម្បីក្មួយៗមានមានភាពក្លាហានអារម្មណ៍នឹងនប្រកបដោយភាពជឿជាក់ និងប្រុងប្រយ័ត្នក្នុងពេលប្រឡង»។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីបានធ្វើការណែនាំដល់បេក្ខជនប្រឡងត្រូវគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើរទៅមកមណ្ឌលប្រឡង​។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់បេក្ខជនប្រឡងទាំងអស់ទទួលបានលទ្ធផលល្អក្នុងពេលប្រឡងឱ្យបានគ្រប់ៗគ្នា និងជួនពរគណៈកម្មការនានា និងគណៈមេប្រយោគទាំងអស់មានសុខសុវត្តិភាព និងទទួលបានសុខភាព និងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច។

ក្រសួងអប់រំយុវជន និងកីឡា បានណែនាំឱ្យបេក្ខជនទៅមើលបញ្ជីឈ្មោះ មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុនៅព្រឹកថ្ងៃទី២៧សីហា ដើម្បីត្រៀមចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅថ្ងៃទី២៨សីហាស្អែកនេះបន្ទាប់ពីបានបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅរាជធានី ខេត្ត និងតាមមណ្ឌលប្រឡង ចំនួន២លើករួចមកហើយ គឺ លើកទី១៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្រាប់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ លើកទី២៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សម្រាប់រាជធានី ខេត្តចំនួន២៣ និងការបិទឈ្មោះឡើងវិញម្តងទៀត សម្រាប់បេក្ខជនខេត្ត ឧត្តរមានជ័យ ដែលត្រូវប្រឡងនៅស្រុកពួក ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលឈ្មោះតាមមណ្ឌលប្រឡង។

ក្រសួងអប់រំបានបញ្ជាក់ថា ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះត្រូវប្រព្រឹត្តទៅដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះ គឺជាប់”។

គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ចែកជា២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់។ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ចែកជា៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់ចែកជា១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។បេក្ខជន ត្រូវបានរៀបចំ ចំនួន ២៥ នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម