Connect with us

ជីវិតកម្សាន្ដ

យ៉េ យ៉េ ទទូចសុំសារព័ត៌មានដែលផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍របស់ នូឌី កុំប្រើពាក្យណាដែលថែមបន្ទុក

បានផុស

នៅ

តារាសម្តែងបែបកំប្លុកកំប្លែង យ៉េ យ៉េ បានចេញមុខទទូចដល់អ្នកសារព័ត៌មានមួយចំនួន ដែលចុះផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី០៥កញ្ញា ហើយជាប់ពាក់ព័ន្ធនឹងអ្នកសិល្បៈមួយរូបដែរនោះ ប្រើពាក្យពេចន៍ឱ្យបានត្រឹមត្រូវ ជៀសវាងប្រើខ្លឹមសារបង្កការភ័ន្តច្រឡំ និងដាក់បន្ទុកបន្ថែមលើករណីនេះ។

ការទទូចនេះ គឺបន្ទាប់ពីមានការផ្សព្វផ្សាយដោយដាក់ចំណងជើងថា “ឃាត់ខ្លួនអ្នកបើកបរម៉ូតូ PCX ដែលបង្កគ្រោះថ្នាក់ស្លាប់ម្នាក់នៅក្រោមស្ពានជ្រោយចង្វារ បញ្ជូនទៅតុលាការ” ដែលហាក់ចុចចំៗថាឈ្មោះ​ នាង​ សុភ័ក្រ្តបញ្ញា​ ហៅ នូឌី ភាគម្ចាស់ម៉ូតូ PCX ជាអ្នកបង្កហេតុ។ ខណៈប្រយោគនេះ ធ្វើឱ្យ យ៉េ យ៉េ ចាត់ទុកថា ជាការដាក់បន្ទុកបន្ថែមលើ នូឌី ពិសេសផ្លូវចិត្តរបស់សិល្បកររូបនេះ ដ្បិតអី ក៏ជាជនរងគ្រោះម្នាក់ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការដាក់បន្ទុក ឬយ៉ាងណានោះ បើតាមសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរាត្រីម្សិលមិញនេះ ដោយយោងតាមការសន្និដ្ឋាន​របស់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ហើយថា ៖
– អ្នកបេីកម៉ូតូ ​Honda PCX បេីកចេញពីផ្លូវបាត់សិទ្ធិ​ (ផ្លូវអក្សT)​។
​- អ្នកបេីកម៉ូតូ​ Honda C125 បេីកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ក្នុងនោះ ក៏មានបញ្ជាក់ដែរថា ករណីនេះ ត្រូវបានលោក​ ស៊ិន​ រក្សា​ ព្រះរាជអាជ្ញារង​ប្រចាំខណ្ឌជ្រោយចង្វារ​ ឱ្យឃាត់អ្នកបេីកម៉ូតូPCX​ ឈ្មោះ​ នាង​ សុភ័ក្រ្តបញ្ញា​ កាលថ្ងៃទី០៦​ កញ្ញា​ ឆ្នាំ២០២៥​ វេលាម៉ោង​ ០៨​:០០នាទី។ បន្ទាប់មក កម្លាំងជំនាញរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ​បានបញ្ជូនសំណុំរឿង​ វត្ថុតាង​ និងអ្នកបេីកម៉ូតូម៉ាក Honda PCX ឈ្មោះ​ នាង​ សុភ័ក្រ្តបញ្ញា​ ភេទប្រុស អាយុ​ ៣០ឆ្នាំ​ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០២៥​ វេលាម៉ោង​ ១៤​:៣៣នាទី​ ដើម្បីចាត់ការតាមនីតិវិធី។

គួរជម្រាបថា ករណីនេះកំពុងបន្តធ្វើការតាមនីតិវិធី ខណៈត្រង់ ២ចំណុចដែលកម្លាំងមានសមត្ថកិច្ចគូសបញ្ជាក់ បានបង្ហាញទៅហើយថា ម្នាក់បេីកចេញពីផ្លូវបាត់សិទ្ធិ​ (ផ្លូវអក្សT)​ ឯម្នាក់ទៀតបេីកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ដូច្នេះពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍​ដែលបណ្តាលឱ្យមានអ្នកស្លាប់​ សមត្ថកិច្ចត្រូវបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម