Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​ប្តេជ្ញា​តាម​ប្រល័យ​មេ​ដឹកនាំ​ហាម៉ាស បើ​ពួកគេ​ពិតជារួច​ជីវិត​ពី​ការវាយប្រហារ​នៅ​ដូហា

បានផុស

នៅ

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ថា ប្រទេសរបស់លោកនឹងបន្ត​តាម​សម្លាប់មេដឹកនាំក្រុមហាម៉ាស​ដោយ​មិន​លែង​ដៃ​នោះ​ឡើយ បើ​ពួកគេ​ពិត​ជា​រួច​ជីវិត​ពី​​ការវាយប្រហារដ៏សាហាវនៅរដ្ឋធានីដូហារបស់ប្រទេសកាតា​នា​ពេល​ថ្មីៗនេះ។

លោក Yechiel Leiter (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​វាយ​ប្រហារ​​​​ដែល​បាន​សម្លាប់​មនុស្ស​៦​នាក់​​នៅ​កាតា ត្រូវ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង។ ក្រុមហាម៉ាសបាននិយាយថា អ្នកស្លាប់ចំនួន ៥​នាក់គឺជាសមាជិកដែលមានឋានៈទាប​ប៉ុណ្ណោះ ខណៈដែលប្រទេសកាតាបានបញ្ជាក់ថា អ្នកស្លាប់​ទី​៦​គឺជាសមាជិកនៃកងកម្លាំងសន្តិសុខផ្ទៃក្នុងរបស់ខ្លួន។

បេសកជន​អ៊ីស្រាអែល​ប្រចាំ​​នៅ​អាមេរិក លោក Yechiel Leiter បានច្រានចោលការរិះគន់អន្តរជាតិនៅក្នុងបទសម្ភាសន៍​មួយ​ជាមួយ Fox News។ លោក​បាន​លើក​ឡើង​ថា «ឥឡូវនេះ យើងប្រហែលជាទទួលរងនូវការរិះគន់បន្តិចបន្តួច។ ពួកគេនឹងទទួល​យក​វា។ ហើយអ៊ីស្រាអែលកំពុងត្រូវបានផ្លាស់ប្តូរ​ឲ្យ​កាន់តែប្រសើរឡើង។ ​ប្រសិន​បើ​យើង​មិន​អាច​សម្លាប់​ពួក​​គេ​លើក​នេះ យើង​នឹង​ធ្វើ​វា​​លើក​ក្រោយទៀត​»។

ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ហាម៉ាស (រូបថត៖ Reuters)

ការកត់សម្គាល់នេះ បានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីកាតា Mohammed bin Abdulrahman bin Jassim Al Thani បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថាបានអូសទាញ​តំបន់នេះទៅជា«ភាពវឹកវរ» ហើយបាននិយាយថា រដ្ឋាភិបាល​ដូហាកំពុងវាយតម្លៃឡើងវិញនូវតួនាទីរបស់ខ្លួនជាអ្នកសម្រុះសម្រួល ក្នុងកិច្ចចរចាបទឈប់បាញ់។ លោក ណេតាន់យ៉ាហ៊ូ បាន​ទាមទារ​ឲ្យ​កាតា​បណ្ដេញ ឬ​កាត់ទោស​មេដឹកនាំ​ក្រុម​ហាម៉ាស ដោយ​ព្រមាន​ថា «បើ​អ្នក​មិន​ធ្វើ​ទេ យើង​នឹង​ធ្វើវា»។

ប្រតិបត្តិការ​របស់​អ៊ីស្រាអែល​នៅទីក្រុង​ដូហា គឺ​ជា​បញ្ហា​ដ៏​​រសើបខ្លាំង ដោយសារតែប្រទេសកាតា គឺ​ជា​អ្នក​បានរៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់ ក្នុងគោលបំណងបង្កើត​​បទឈប់បាញ់នៅ​តំបន់​ហ្គាហ្សា។ កាតាបានហៅសកម្មភាពរបស់អ៊ីស្រាអែលថា «ក្បត់» និងជា «អំពើភេរវកម្ម» ហើយ​ក៏​មាន​រិះគន់​យ៉ាង​ខ្លាំង​​​ផ្សេង​ទៀត​​ពី​​រដ្ឋអារ៉ាប់ជាច្រើនផង​ដែរ។

ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​ដូហា​ថ្ងៃទី៩កញ្ញា​២០២៥ (រូបថត៖ Reuters)

ទន្ទឹម​នោះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហាញពីជំហររបស់សហភាពអឺរ៉ុប ដោយនិយាយថា ប្លុកនេះនឹងស្នើដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីអ៊ីស្រាអែលដែល​ជ្រុលនិយម និងផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល។ លោកស្រី​បានបន្ថែម​ថា «អ្វីដែលកំពុងកើតឡើងនៅហ្គាហ្សាបានអង្រួនសតិសម្បជញ្ញៈរបស់ពិភពលោក» ដោយលើកឡើងពីទិដ្ឋភាព«មហន្តរាយ»នៃភាពស្រេក​ឃ្លាន និងការស្លាប់របស់ជនស៊ីវិល។

សូម​រឭក​ឡើង​វិញ​ថា អ៊ីស្រាអែលបានបើកការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាសកាលពីថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣​បាន​វាយប្រហារ និង​សម្លាប់មនុស្សប្រហែល ១ ២០០​នាក់ និង​ចាប់​ចំណាប់ខ្មាំងជាង ២៥០​នាក់។ អាជ្ញាធរសុខាភិបាល​ហ្គាហ្សា បាន​ឲ្យ​ដឹង​ថា មនុស្សជាង ៦៤ ០០០​នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ ចាប់តាំងពីពេលនោះមក ជាមួយនឹងការបំផ្លិចបំផ្លាញយ៉ាងពេញ​ទំហឹង និង​បង្ក​ជា​គ្រោះ​ទុរ្ភិក្សយ៉ាង​ធ្ងន់ធ្ងរ៕

លោកស្រី Ursula von der Leyen (រូបថត៖ Reuters)

ដោយ៖​ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម