Connect with us

ព័ត៌មានជាតិ

ជំនន់ក្នុងខេត្តកំពង់ធំ បានប៉ះពាល់ដល់ប្រជាជនជាង១៤០០គ្រួសារ និងដំណាំស្រូវជាង១ពាន់ហិកតា

បានផុស

នៅ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចចុះមូលដ្ឋានខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរខេត្តបន្តតាមដានស្ថានភាពទឹកជំនន់ ហើយត្រូវត្រៀមចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះពលរដ្ឋ និងសង្គ្រោះដំណាំរបស់កសិករដែលរងផលប៉ះពាល់ដោយទឹកជំនន់។ ខណៈកម្ពស់ទឹកដងស្ទឹងសែនបានហក់ឡើងខ្ពស់ធ្វើឱ្យប៉ះពាល់ដល់ប្រជាជន និងដំណាំស្រូវកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា បច្ចុប្បន្នស្ថានភាពកម្ពស់ទឹកស្ទឹងសែនបានឡើងដល់កម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ដែលបង្កឱ្យមានការជន់លិចនៅក្នុងខេត្តកំពង់ធំ និងបានធ្វើឱ្យប៉ះពាល់ដោយសារការជន់លិចដំណាំស្រូវប្រមាណជាង១ ១០០ហិកតា ស្មើនឹង១ ៤៥០គ្រួសារ ព្រមទាំងធ្វើឱ្យប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងប្រជាពលរដ្ឋ ពិសេសនៅបណ្តោយដងស្ទឹងសែន។

ចំពោះមុខបញ្ហាប្រឈមនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជាប់ជាប្រចាំ ដើម្បីរួមគ្នាស្វែងរកនូវដំណោះស្រាយជាក់ស្តែងនានាឱ្យបានទាន់ពេលវេលា។

លើកឡើងនៅក្នុងពេលចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសង្កត់ធ្ងន់ដល់ការត្រៀមស្បៀង ពូជ និងការស្តារជួសជុសហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវ និងសាលារៀនជាដើមនោះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក៏ដូចជាត្រៀមរៀបចំទីទួលសុវត្ថិភាពក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព ក្នុងអំឡុងពេលមានគ្រោះមហន្តរាយមកដល់។  

នៅក្នុងដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការក៏បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងមួយចំនួនដែលកំពុងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយមផងដែរ។ លោកបានស្នើក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្ត ឱ្យបន្តយកចិត្តទុកដាក់លើការងារអន្តរាគមន៍នេះបន្ថែមទៀត ដោយត្រូវចាត់វិធានការបន្ទាន់ក្នុងការកាយមុខទឹកកុំឱ្យស្ទះ សំដៅបញ្ចៀសការជន់លិច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម