Connect with us

ព័ត៌មានជាតិ

ស្រុកចំនួន៣នៅខេត្តកោះកុង រងផលប៉ះពាល់ខ្លាំងក្រោយជំនន់ទឹកភ្លៀង៣ទៅ៤ថ្ងៃជាប់គ្នា

បានផុស

នៅ

មន្រ្តីជំនាញទទួលបន្ទុកគ្រោះមហន្តរាយនៃរដ្ឋបាលខេត្តកោះកុង បង្ហាញថា ស្រុកចំនួន៣បានជួបផលប៉ះពាល់ដោយសារតែជំនន់ទឹកភ្លៀងរយៈពេល៣ទៅ៤ថ្ងៃមកនេះ ដែលបណ្តាលឱ្យលំនៅដ្ឋាន ដីស្រែចម្ការ និងស្ពានផ្លូវថ្នល់មួយចំនួនលិចលង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វន់ ស៊ីគូ មន្រ្តីទទួលបន្ទុកការងារគ្រោះមហន្តរាយរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ថា យ៉ាងហោចណាស់ មានលំនៅដ្ឋានពលរដ្ឋ១៤៣គ្រួសារ ដីស្រែចម្ការ២២៦ហិចតា ព្រមទាំងស្ពានថ្នល់មួយចំនួនបានរងផលប៉ះពាល់ ព្រោះតែព្យុះភ្លៀង និងខ្យល់កន្រ្តាក់នៅមូលដ្ឋានស្រុកស្រែអំបិល ស្រុកកោះកុង និងស្រុកមណ្ឌលសីមា។

មន្រ្តីទទួលបន្ទុកការងារគ្រោះមហន្តរាយរបស់រដ្ឋបាលខេត្តកោះកុង អះអាងថា ឥទ្ធិពលព្យុះភ្លៀង៣ទៅ៤ថ្ងៃនេះ មិនទាន់បង្កគ្រោះថ្នាក់របួស ឬស្លាប់ដល់ប្រជាពលរដ្ឋនោះទេ។ រីឯបរិមាណទឹកហក់ឡើងក៏បានស្រកទៅវិញជាធម្មតាហើយដែរ។ ប៉ុន្តែស្ថានភាពស្ថិតនៅក្រោមការតាមដានជាប្រចាំផងដែរ។

រដ្ឋបាលខេត្តកោះកុង បានណែនាំដល់រដ្ឋបាលសមត្ថកិច្ចក្រុងស្រុកទាំង៧ បន្តបង្កើនការយកចិត្តទុកដាក់តាមដានពីការប្រែប្រួលអាកាសធាតុ ផ្តល់ស្បៀងអាហារ និងចុះជួយសង្រ្គោះអោយទាន់ពេលវេលាចំពោះមូលដ្ឋានពលរដ្ឋដែលងាយនឹងប្រឈម។ ក្នុងចំណោមស្រុកដែលរងផលប៉ះពាល់ គឺលោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង ថ្លែងប្រាប់កម្ពុជាថ្មីថា គិតមកទល់ម៉ោងលំនៅដ្ឋានពលរដ្ឋ៣៦គ្រួសារបានរងប៉ះពាល់ ហើយក៏បានជម្លៀសទៅទីទួលសុវត្ថិភាពផងដែរ ដោយពុំមាននរណាម្នាក់របួស ឬស្លាប់ ព្រោះជំនន់ទឹកភ្លៀងនេះឡើយ។

លោកអភិបាលស្រុកកោះកុង ក៏បានផ្តល់ជាស្បៀងអាហារ និងតង់ដល់ពលរដ្ឋអំឡុងមានការប្រែប្រួលអាកាសធាតុឆ្នាំនេះ។ ជាក់ស្តែងបរិមាណទឹកជន់ហូរពីជ្រលងភ្នំតាមដងព្រែកនានាក៏បានស្រកជាបណ្តើរៗហើយដែរ។ បច្ចុប្បន្ន អាជ្ញាធរសមត្ថកិច្ចកំពុងតាមដានកម្ពស់ទឹកដែលបង្ហូរពីវារីអគ្គិសនី តបនឹងការជូនដំណឹងរបស់ក្រុមហ៊ុនអោយមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសពលរដ្ឋរស់នៅតាមដងព្រែក។

ខេត្តកោះកុង បានរងឥទ្ធិពលព្យុះភ្លៀង និងខ្យល់កន្រ្តាក់៣ទៅ៤ថ្ងៃមកហើយ ដែលបង្កការព្រួយបារម្ភមួយចំនួនដល់ពលរដ្ឋនៅតាមតំបន់ភ្នំ និងនៅតាមដៃព្រែកឆ្នេរសមុទ្រ ដោយអាជ្ញាធរសមត្ថកិច្ចជំនាញ ក៏ត្រៀមលក្ខណៈជួយសង្រ្គោះជម្លៀសទីទួលសុវត្ថិភាព ព្រមទាំងផ្តល់ជាស្បៀងអាហារជាដើម៕ អត្តបទ៖សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម