វប្បធម៌ ជំនឿ
រួមគ្នាឈប់គាំទ្រទង្វើមិនល្អគប្បីក្នុងវិស័យសិល្បៈខ្មែរ ដោយដុស “កម្អែលសិល្បៈ” ចេញ
ខណៈ មានអ្នកតាំងខ្លួនជា “តារា” ឬទទួលងារជា “តារាក្រៅផ្លូវការ” មួយចំនួនយកងារជាតារា ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន បែបអាត្មានិយម មិនគិតផលប៉ះពាល់វប្បធម៌ និងសង្គមជាតិ លោក ហ៊ឺ វីរ: រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានបញ្ចេញ អត្ថបទមួយមានចំណងជើងថា “កម្អែលសិល្បៈ” ដោយមានខ្លឹមសារដូចខាងក្រោម៖

សិល្បៈបានផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយនឹងជីវិតរស់នៅរបស់យើង ប្រៀបដូចជាបង្អែមបន្ថែមអត្ថន័យ នៃជីវិតឱ្យកាន់តែប្រសើរឡើង។ បច្ចុប្បន្ន វិស័យសិល្បៈបានរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានធនធានជាវីរសិល្បករបន្តវេនគ្នាគ្រប់ជំនាន់ក្រោមដំបូល នៃសន្តិភាពជាអ្នកទ្រទ្រង់។ ទន្ទឹមនេះ កម្អែលដែលជាភាពកខ្វក់ក៏បានរុំព័ទ្ធសិល្បៈបន្តិចម្តងៗ មិនអាចធ្វើឱ្យសិល្បៈរះភ្លឺត្រចង់ឡើងបាន។

អ្នកសិល្បៈ ហៅថា “តារា” នោះ សំដៅដល់អ្នកដែលមានប្រជាប្រិយភាពក្នុងពិភពសិល្បៈ ឬកីឡាជាដើម។ តារា ជាអ្នកដែលបានទទួលនូវងារដ៏កំពូល ជាមួយនឹងកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយមានគុណតម្លៃខ្ពស់ក្នុងចិត្តអ្នកគាំទ្រ ក៏ជាបុគ្គលដែលមានស្នាដៃ និងទេពកោសល្យខ្ពស់ ជាគំរូ និងជានិមិត្តរូបក្នុងវិស័យសិល្បៈជាតិទាំងមូល។ ក្នុងនាមជាតារាដែលជាបុគ្គលសាធារណៈត្រូវមាន ចរិយាសម្បត្តិ គុណតម្លៃ គុណធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងជីវិតខាងក្នុង និងខាងក្រៅសិល្បៈ។

បច្ចុប្បន្ន “តារា” ត្រូវបានគេប្រើជាទូទៅ និងជារួមទៅលើបុគ្គលដែលទទួលការចាប់អារម្មណ៍ ទាំងអ្នកមានទេពកោសល្យសិល្បៈក្ដី និងអ្នកដែលទទួលការចាប់អារម្មណ៍តាមបណ្ដាញទំនាក់ទំនងសង្គមសម័យបច្ចេកវិទ្យាជឿនលឿន។ ជាការពិត យើងគួរកំណត់ឱ្យបានច្បាស់ថា បុគ្គលរូបណាជា “តារា” ពិតប្រាកដ ចៀសវាងអ្នកដែលគ្រាន់តែទទួលការចាប់អារម្មណ៍ផ្សព្វផ្សាយក្នុងបណ្ដាញសង្គមត្រឹមតែរយៈពេលខ្លីក៏តាំងខ្លួនថាជា “តារា” ដែលជាហេតុនាំឱ្យគុណតម្លៃនៃ “តារា ” ពិតប្រាកដមានការធ្លាក់ចុះ ហើយក៏បណ្តាលឱ្យវិស័យសិល្បៈខ្មែរត្រូវបានជាន់ឈ្លីផងដែរ។
បុគ្គលមួយចំនួនបានចូលសិល្បៈតាមរយៈ ការប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗ រួចបានឈ្មោះជាអ្នកសិល្បៈ ឬតារា ក្រោយមកក៏យកឈ្មោះនេះដើម្បីរកចំណូលបានខ្ពស់ តាមរយៈការងារប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈ។ បុគ្គលខ្លះទៀត តោងយកសិល្បៈជាឈ្នាន់ ដោយការថត សម្តែងតាមរូបភាពផ្សេងៗ លែងគិតកេរ្តិ៍ខ្មាស ធ្វើយ៉ាងណាឱ្យតែទទួលបានភាពទាក់ទាញ ល្បីល្បាញ លើបណ្តាញសង្គមផ្សេងៗ រួចក៏តាំងនាមខ្លួនឯងថា ជាអ្នកសិល្បៈ តារាផ្សេងៗ។

ដោយឡែកមួយរយៈក្រោយនេះ ក៏ឃើញមានសកម្មភាពបរិហារកេរ្តិ៍គ្នាក្នុងបណ្តាញសង្គម ឆ្លងឆ្លើយគ្នាហូរហែរ ដែលជាកត្តាមិនគួរគប្បីសោះ។ ពាក្យបុរាណលោកថា “ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ”។ យើងជាខ្មែរដូចគ្នា ដូចជាស្ថិតក្នុងគ្រួសារតែមួយហើយ គួររកដំណោះស្រាយ ជាជាងបង្កើតព្រឹត្តិការណ៍ទាមទារការគាំទ្ររៀងៗខ្លួនតាមតុលាការហ្វេសប៊ុក។ គ្មានអ្នកណាដឹងច្បាស់ជាងភាគីជម្លោះឡើយ ហើយក៏គ្មានអ្នកទទួលពានពីការឈ្លោះគ្នានោះដែរ ក្រៅតែពីសម្អុយគ្នាទៅវិញទៅមក ចុងក្រោយក្លាយជារឿងអាស្រូវក្នុងសង្គមជាតិ។ ទាំងនេះជាការបំផ្លិចផ្លាញវិស័យសិល្បៈយ៉ាងធ្ងន់ធ្ងរ ប្រៀបបីដូចជាច្រែះដែលកើតពីដែក ហើយរមែងស៊ីដែកទៅវិញអ៊ីចឹង។

“កម្អែល មិនដែលក្រអូប”។ កម្អែលដែលជាភាពកខ្វក់នេះ គួរនាំគ្នាកម្ចាត់ចោលហើយពេលនេះ។ ម្យ៉ាងទៀត ការផ្សព្វផ្សាយ គ្រឿងស្រវឹង និងអំពើអបាយមុខផ្សេងៗ គួរត្រូវបានពិចារណាឱ្យគ្រប់ជ្រុងជ្រោយ ព្រោះអ្នកសិល្បៈដែលជា Idol គួរជាគំរូដ៏ល្អ ដឹកនាំគេឱ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ ចៀសឆ្ងាយអបាយមុខទាំងឡាយ។ យើងគួររួមគ្នាឈប់គាំទ្រនូវទង្វើមិនគួរគប្បីក្នុងវិស័យសិល្បៈខ្មែរយើង ដែលនេះជាការដុសជម្រុះក្អែល នៃសិល្បៈចេញ ជួយទ្រទ្រង់ឱ្យសិល្បៈខ្មែរឱ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញរះត្រដែតឡើង។

យើងទាំងអស់គ្នាគាំទ្រយ៉ាងពេញទំហឹង និងអរគុណដល់ នាយ គ្រឿន ដែលបានភ្ញាក់រលឹក និងសន្យាឈប់ផ្សព្វផ្សាយនូវអបាយមុខទាំងនេះអស់មួយជីវិត ហើយនេះក៏ជាសារយ៉ាងសំខាន់សម្រាប់ តារា ដែលជា Idol ដទៃទៀតផងដែរសម្រាប់ពិចារណា។

សិល្បៈវប្បធម៌ខ្មែរ បានលើកមុខមាត់ប្រទេសជាតិយ៉ាងខ្លាំងទាំងលើឆាកជាតិ និងអន្តរជាតិ កាលពីស៊ីហ្គេមឆ្នាំ ២០២៣។ នេះជាស្នាដៃប្រវត្តិសាស្ត្រជូនជាតិមាតុភូមិ ដែលបងប្អូនសិល្បករ-សិល្បការិនី ទាំងក្នុង និងក្រៅប្រព័ន្ធបានរួបរួមគ្នាបង្កើតឡើងមកដោយក្តីស្រលាញ់ សាមគ្គីភាពជាបងប្អូនខ្មែរ មិនប្រកាន់និន្នាការនយោបាយ ជំនឿ វណ្ណៈ ពណ៌សម្បុរ…។ យើងមិនចង់ឃើញការបែកបាក់ក្នុងសង្គមខ្មែរនោះទេ ព្រោះមានបទពិសោធន៍ជោគជាំណាស់មកហើយ គ្មានប្រយោជន៍អ្វីក្រៅពីបំផ្លាញគ្នាឯងមិនឱ្យរីកចម្រើនទៅមុខ។ ដូច្នះ យើងត្រូវរួមគ្នា ថែរក្សាកែច្នៃអ្វីដែលល្អ រួចធ្វើឱ្យកាន់តែប្រសើរឡើង ហើយកម្ចាត់បង់នូវកម្អែលដែលកខ្វក់ចេញ ទើបទទួលបានអ្វីដែលល្អៗចូលមក។ រួមគ្នាជាធ្លុងមួយ ជួយសិល្បៈវប្បធម៌ខ្មែរ ថែកេរដូនតា។

ជាមួយគ្នានេះ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ លោកស្រី ចន ច័ន្ទលក្ខិណា ប្រធាន សមាគមសិល្បករខ្មែរ បានចេញសេចក្ដីថ្លែងការ ដោយជម្រាបដល់សិល្បករសិល្បការិនី និងសាធារណជនឱ្យជ្រាបថា ដើម្បីចូលរួមការពារមុខមាត់ កិត្តិយសសេចក្ដីថ្លៃថ្នូរសម្រាប់សិល្បករសិល្បការិនីទូទៅ ជាពិសេសដើម្បីចូលរួមការពារគុណតម្លៃមិនអាចកាត់ថ្លៃបាន នៃសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ សមាគមសូមមិនគាំទ្រជាដាច់ខាតចំពោះសិល្បករណា ឬបុគ្គលណា ប្រើឈ្មោះជាសិល្បករ ហើយទៅប្រព្រឹត្តរឿងមិនគប្បីនោះឡើយ។

សមាគមសិល្បករខ្មែរ សូមបញ្ជាក់ជូនសិល្បករទាំងអស់ឱ្យបានជ្រាបថា សមាគមសូមមិនគាំទ្រ និងបដិសេធជាដាច់ខាតចំពោះសិល្បកររូបណា ដែលយកវិជ្ជាជីវៈសិល្បៈរបស់ខ្លួន ឬ យកឈ្មោះជាសិល្បករ ទៅប្រព្រឹត្តទង្វើមិនគួរគប្បី ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយនាំមកនូវការបាត់បង់តម្លៃជាសិល្បករ និងអាប់ឱនដល់កិត្តិយសសិល្បករដទៃទៀត ដែលកំពុងខិតខំចូលរួមលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ។

សូមសិល្បករជាសមាជិកទាំងអស់ ផ្តល់ព័ត៌មានមកកាន់សមាគម ដើម្បីបានទទួលការប្រឹក្សាយោបល់ ឬដំណោះស្រាយដោយសន្តិវិធី ឬការគាំទ្រផ្នែកច្បាប់ស្របតាមគោលការណ៍សមាគម ប្រសិនបើមាន វិវាទណាមួយកើតឡើង ជៀសវាងការបង្ហោះវីដេអូជេរប្រមាថឆ្លើយឆ្លងទៅវិញទៅមក នាំឱ្យតម្លៃជាសិល្បករធ្លាក់ ចុះ ជាគំរូមិនល្អដល់អ្នកគាំទ្រ និងមហាជនទូទៅផងដែរ៕

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?