ព័ត៌មានអន្ដរជាតិ
ភាពតានតឹងវ៉េណេស៊៊ុយអេឡា-អាមេរិក មិនធ្វើឱ្យតម្លៃប្រេងអន្តរជាតិហក់ឡើងទេ
ទោះបីជាភាពតានតឹងកើតឡើងរវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា ដែលជាសមាជិករបស់អង្គការនាំចេញប្រេងកាត (OPEC) ក្ដី តម្លៃប្រេងអន្តរជាតិមិនបានហក់ឡើងទេ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ។

គិតត្រឹមម៉ោងប្រហែល ១០ ព្រឹកនៅទីក្រុងហុងកុង តម្លៃប្រេងនាពេលអនាគតម៉ាក Brent បានជួញដូរនៅតម្លៃ ៦០,៧៦ ដុល្លារ/បារ៉ែល ដោយកើនឡើង ០,០១ ដុល្លារ ឬប្រមាណ ០,០២% ខណៈតម្លៃប្រេងអាមេរិកម៉ាក West Texas Intermediate ជួញដូរនៅតម្លៃ ៥៧,២៦ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះ ០,០៦ ដុល្លារ ឬ ០,១០%។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ស្ថានភាពនៅវ៉េណេស៊ុយអេឡាបច្ចុប្បន្នមិនធ្វើឱ្យតម្លៃប្រេងហក់ឡើងភ្លាមៗទេ ដោយវិនិយោគិននៅតែវិភាគពីស្ថានការណ៍ថាតើវាអាចបង្កការរាំងស្ទះដល់ការដឹកជញ្ជូនប្រេងសកល ឬយ៉ាងណា ក្រោយសហរដ្ឋអាមេរិកវាយប្រហារ និងចាប់ខ្លួនមេដឹកនាំប្រទេសនេះ លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)។
ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ភាពតានតឹងចុងក្រោយកើតឡើងចំពេលដែលតម្លៃប្រេងអន្តរជាតិសកលធ្លាក់ចុះខ្សោយរួចស្រាប់ទៅហើយ ដោយសារតែកំណើននៃការផ្គត់ផ្គង់លើសតម្រូវការ និងការរំពឹងទុកពីកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន-រុស្ស៊ី។
ម្យ៉ាងវិញទៀត វ៉េណេស៊ុយអេឡា មិនមែនជាប្រទេសផ្គត់ផ្គង់ប្រេងដ៏សំខាន់សម្រាប់ទីផ្សារអន្តរជាតិនោះទេ ទោះបីជាប្រទេសមានស្ដុកប្រេងក្រោមដីច្រើនជាងគេបំផុតលើពិភពលោកក៏ដោយ។ បើតាមរ៉យទ័រ ប្រទេសនេះផលិតប្រេងឆៅតែប្រហែល ១ លានបារ៉ែល/ថ្ងៃ ប៉ុណ្ណោះ ដែលទំហំនេះតិចជាង ១% នៃផលិតកម្មសរុបរបស់សកល ហើយភាគច្រើននាំចេញទៅចិន។
អ្នកវិភាគរបស់ធនាគារ Goldman Sachs បាននិយាយក្នុងកំណត់ត្រាមួយចេញផ្សាយនៅថ្ងៃទី ៤ ខែមករា យ៉ាងដូច្នេះថា៖ «យើងឃើញហានិភ័យប្រទាញប្រទង់ ប៉ុន្តែមានកម្រិតមធ្យមចំពោះតម្លៃប្រេងក្នុងរយៈពេលខ្លីពីប្រទេសវ៉េណេស៊ុយអេឡា ដោយវាអាស្រ័យទៅលើការវិវត្តនៃគោលនយោបាយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក»។
ក្រៅពីបញ្ហាវ៉េណេស៊ុយអេឡា វិនិយោគិនប្រេងក៏រងចាំមើលពីបញ្ហាភូមិសាស្រ្តនយោបាយអាមេរិក និងអ៊ីរ៉ង់ផងដែរ ក្រោយលោក ត្រាំ គំរាមលូកដៃចូលបញ្ហាផ្ទៃក្នុងអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការបង្រ្កាបបាតុករតវ៉ាជុំវិញវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសនេះ។ ការបង្រ្កាបរបស់អាជ្ញាធរអ៊ីរ៉ង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ គិតត្រឹមថ្ងៃអាទិត្យ។
ដោយឡែក OPEC+ ដែលសំដៅលើ OPEC និងសម្ព័ន្ធមិត្ត បានសម្រេចមិនដំឡើងផលិតកម្មប្រេងបន្ថែមទៀតទេ ក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ក្រោយតម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះប្រមាណ ១៨ % ពេញ ១ ឆ្នាំ ២០២៥៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


