Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងហក់ឡើងទៅជាង​ ៨០ ដុល្លារ/បារ៉ែលជាថ្មី ជុំវិញហានិភ័យផ្គត់ផ្គង់តាម​ច្រកហ័រមូហ្ស

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​បន្តហក់ឡើងនៅព្រឹកថ្ងៃអង្គារនេះដល់ជាង ៨០ ដុល្លារ/បារ៉ែលជាថ្មី ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១ ខែ ក្រោយអាមេរិកប្រកាសបិទផ្លូវទឹកអ៊ីរ៉ង់ឡើងវិញ ចំពេលដែលប្រទេសទាំង២វាយប្រហារគ្នាទៅវិញទៅមក ដោយបង្កើនហានិភ័យសម្រាប់លំហូរប្រេងកាត់តាមច្រកហ័រមូហ្ស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅ ម៉ាក Brent បាន​កើនឡើង ១,៦៨ ដុល្លារ ឬ ២% ដល់ ៨៤,៩៨ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៩ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI ឯណោះវិញ បាន​កើនឡើង ១,៦៥ ដុល្លារ ឬ ២,១% ដល់ ៧៩,៧៩ ដុល្លារ/បារ៉ែល។

តម្លៃប្រេងម៉ាក Brent បាន​ហក់ឡើងប្រមាណជិត ១០% ពេលបិទការជួញដូរកាលពីថ្ងៃចន្ទ ដែលជាការហក់ឡើងប្រចាំថ្ងៃខ្ពស់បំផុតរាប់តាំងពីខែឧសភា ឆ្នាំ ២០២០។ ​តម្លៃប្រេងបាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់ដល់រង្វង់ ៧០ ដុល្លារ/បារ៉ែល ក្រោយពេលអាមេរិក និងអ៊ីរ៉ង់ សម្រេចបានកិច្ចព្រមព្រៀងសន្ដិភាពបណ្ដោះអាសន្នកាលពីពាក់កណ្ដាលខែមិថុនា។

​យ៉ាងណាមិញ តម្លៃប្រេងកើនឡើងជាបន្តបន្ទាប់តាំងពីសប្ដាហ៍មុន ក្រោយជម្លោះផ្ទុះឡើងជាថ្មី។ ​កាលពីថ្ងៃចន្ទ នាវាដឹកប្រេងរបស់អារ៉ាប់រួម (UAE) ចំនួន ២ គ្រឿង ត្រូវបានមីស៊ីលគ្រូសរបស់អ៊ីរ៉ង់វាយប្រហារ នៅ​ច្រកសមុទ្រហ័រមូហ្សស្ថិតក្នុងដែនទឹករបស់ប្រទេសអូម៉ង់ ​ដោយ​សម្លាប់នាវិកជនជាតិឥណ្ឌាម្នាក់ និងបណ្តាលឱ្យមនុស្ស ៨ នាក់ទៀតរងរបួស។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបាន​បិទផ្លូវទឹក​របស់អ៊ីរ៉ង់ ហើយលោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកគួរតែទទួលបានសំណងពីបណ្តាប្រទេសដែល​អាមេរិក​កំពុងជួយការពារសុវត្ថិភាពនាវាចរនៅច្រកសមុទ្រហ័រមូហ្ស។

អ្នកវិភាគទីផ្សារបាននិយាយថា ការ​បិទខ្ទប់របស់អាមេរិក និងការឆ្លើយតបរបស់អ៊ីរ៉ង់ បានបង្កើនភាពមិនប្រាកដប្រជាចំពោះការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារពិភពលោក។ ទោះបីជាច្រកហ័រមូហ្សមិនទាន់ត្រូវបានបិទទាំងស្រុងក៏ដោយ ការប្រឈមមុខដាក់គ្នារវាងភាគីទាំង២ បានធ្វើឱ្យវិនិយោគិនព្រួយបារម្ភថា លំហូរប្រេងអាចរងផលប៉ះពាល់បន្ថែមទៀត។

ទន្ទឹមនឹងនេះ កងទ័ពអាមេរិកបានបន្តការវាយប្រហារលើគោលដៅ​នៅ​អ៊ីរ៉ង់ជាយប់ទី៣ជាប់ៗគ្នា ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា មានការផ្ទុះជាច្រើនកន្លែង​នៅទីក្រុងកំពង់ផែ Bandar Abbas និងលើកោះ Kish។ ​ប្រទេសយេម៉ែនឯណោះវិញ ក្រុមហ៊ូធីក៏បានបាញ់មីស៊ីលទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីចោទប្រកាន់ថា អារ៉ាប៊ីសាអូឌីតបានវាយប្រហារអាកាសយានដ្ឋានមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ក្រុមអ្នកវិភាគព្រមានថា ប្រសិនបើការវាយប្រហាររបស់ក្រុមហ៊ូធីពង្រីកទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម នោះវាអាចបង្កើនភាពមិនច្បាស់លាស់បន្ថែមទៀតចំពោះការផ្គត់ផ្គង់ប្រេងពីតំបន់មជ្ឈិមបូព៌ា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម