Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញសព​ជាង ៤ ០០០​នាក់ហើយ ក្រោយ​រញ្ជួយដី​ដ៏​មហន្តរាយ​នៅ​វ៉េណេស៊ុយអេឡា

បានផុស

នៅ

សោកនាដកម្មរញ្ជួយដីកម្រិតធ្ងន់ ដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្សល់ទុកនូវការខូចខាត និងការបាត់បង់ដ៏ធំធេង ខណៈដែលលោក Jorge Rodriguez ប្រធានសភាជាតិ បានប្រកាស​ពី​តួលេខថ្មីថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីភ្លោះ បានកើនឡើងដល់ ៤ ១១៨នាក់ហើយ។ នេះ​បើយោង​តាម​ការ​ចុះផ្សាយ​របស់សារព័ត៌មាន The Guardian នា​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៦។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាងមួយសប្តាហ៍បន្ទាប់ពីគ្រោះមហន្តរាយនេះ ក្រុមការងារសង្គ្រោះ នៅតែបន្តធ្វើការយ៉ាងមមាញឹកទាំងយប់ទាំងថ្ងៃ ដើម្បីស្វែងរកអ្នកដែលនៅជាប់ក្រោមគំនរបាក់បែក។

គិតមកទល់ពេលនេះ ក្រុមសង្គ្រោះ បានជួយសង្គ្រោះជីវិតមនុស្សចំនួន ៦ ៤៦២នាក់ ចេញពីគំនរបាក់បែក ខណៈដែលមនុស្សចំនួន ១៦ ៧៤០នាក់ផ្សេងទៀត បានរងរបួស។ កម្លាំងរញ្ជួយដីដ៏ខ្លាំងក្លាទាំងពីរលើក ដែលមានកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ កើតឡើងចន្លោះគ្នា​ត្រឹមតែ ៣៩វិនាទីប៉ុណ្ណោះ កាលពីថ្ងៃទី២៤ ខែមិថុនា បានធ្វើឱ្យអគារចំនួន ១៩០កន្លែងដួលរលំទាំងស្រុង និងអគារ ៨៥៦ផ្សេងទៀត រងការខូចខាត។ គ្រោះមហន្តរាយនេះ បានប៉ះពាល់ដល់ជីវភាពរបស់គ្រួសារប្រជាជនជិត ៨៧ ០០០គ្រួសារ ដែលទាមទារឱ្យមានការផ្តល់ជំនួយជាបន្ទាន់។

ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ រដ្ឋាភិបាល បានដាក់ពង្រាយកម្លាំងមនុស្សសរុបជិត ៦ម៉ឺននាក់ រួមមានទាំងបុគ្គលិកជំនាញ និងអ្នកស្ម័គ្រចិត្ត រួមជាមួយក្រុមអ្នកសង្គ្រោះអន្តរជាតិជាង ៣ ៤០០នាក់។ ជំនួយមនុស្សធម៌ជាច្រើន ត្រូវបានចែកចាយដល់ដៃប្រជាជន រួមមាន ស្បៀងអាហារជិត ១ម៉ឺនតោន និងទឹកស្អាតជាង ១៣លានលីត្រ ខណៈដែលអ្នករបួសជិត ៣ម៉ឺននាក់ ត្រូវបានទទួលការព្យាបាលតាមមន្ទីរពេទ្យ។ បច្ចុប្បន្ន អាជ្ញាធរបានរៀបចំជុំរុំបណ្តោះអាសន្នចំនួន ៨៩កន្លែង ដើម្បីផ្តល់ទីជម្រកដល់ប្រជាជនដែលគ្មានផ្ទះសម្បែង។

ទោះបីជាការងារសង្គ្រោះ កំពុងដំណើរការយ៉ាងសកម្មក៏ដោយ ក៏តំបន់នោះ នៅតែបន្តញ័ររង្គើដោយសារការ​រញ្ជួយ​ដីបន្ទាប់បន្សំ​ ចំនួន ១ ១៧១លើក ដែលបង្កជាការលំបាកបន្ថែមទៀតដល់ប្រតិបត្តិការជួយសង្គ្រោះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម