Connect with us

សេដ្ឋកិច្ច

​ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៦ ​កំពុងដំណើរការហោះហើរនៅកម្ពុជា

បានផុស

នៅ

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ​៣៦ ក្រុមហ៊ុន ​(ជាតិ ៤ ​អន្តរជាតិ ៣២) ​កំពុងតភ្ជាប់ជើង​ហោះ​ហើរជាមួយ ​១៧ ប្រទេស និង ៤៦ ទីក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងចំណោម ១៧ ប្រទេស​នោះ អាកាសចរណ៍កម្ពុជា ​បានតភ្ជាប់ទៅកាន់ ៨ ប្រទេសក្នុង​តំបន់​អាស៊ាន និងមាន​ប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម និងជប៉ុន។​

​​វិស័យអាកាសចរណ៍កម្ពុជា​កំពុងឈាន​ចូលដល់ដំណាក់កាល​ផ្លាស់ប្តូរទៅកាន់សករាជថ្មី ​ជាមួយ​នឹង​ការបើកដំណើរការអាកាស​យានដ្ឋានអន្តរជាតិតេជោ ​កាលពីខែកញ្ញា ​ឆ្នាំ ២០២៥ ​និងការពង្រីក​បណ្តាញ​ផ្លូវ​អាកាសអន្តរជាតិ​របស់កម្ពុជា ហើយយើង​មាន​គោលបំណងដាក់ប្រទេស​កម្ពុជាជាមជ្ឈ​មណ្ឌល​អាកាសចរណ៍ក្នុង​តំបន់​ដែល​ឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និង​និរន្តរ​ភាព។

​លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ​រដ្ឋ​មន្ត្រី​ទទួល​បន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មាន​ប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាទើបចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ដើម្បីទទួលបានអាកាសយានប្រភេទថ្មីៗបន្ថែមទៀត ជាមួយក្រុមហ៊ុនប៊ូអ៊ីងរបស់សហរដ្ឋអាមេរិក (Boeing Company) និងក្រុមហ៊ុកូម៉ាករបស់ប្រទេសចិន (COMAC Company) ព្រមទាំងការពង្រីក​ជើង​ហោះហើរថ្មីៗ ទោះបីជាកម្ពុជាកំពុងជួបប្រទះសង្គ្រាមព្រំដែន ដែលបង្កឡើងដោយប្រទេសថៃ និង​ស្ថានភាពពិភពលោកកំពុងស្ថិតនៅក្នុងភាពប្រទាញប្រទង់ ទីតាំងភូមិសាស្ត្រនយោបាយ សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមមជ្ឍិមបូព៌ាជាដើម។​

​លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បញ្ជាក់ថា៖ «ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ​រដ្ឋលេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅតែជាដៃគូយុទ្ធសាស្ត្រជាមួយវិស័យឯកជន​ក្នុងការខិតខំ​ជំរុញ​ឱ្យមានកំណើនការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ធានាឱ្យបាននូវសន្តិសុខ និង​សុវត្ថិភាពអាកាសចរណ៍ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ដើម្បីចូលរួមចំណែក​ក្នុង​ការអនុវត្តផែន​ការយុទ្ធសាស្ត្រ​អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល»។

​យោង​តាម​​អាកាសចរណ៍​ស៊ីវិល​ នៅ​ក្នុងឆ្នាំ ២០២៥ ​កម្ពុជាទទួលបាន​ជើង​ហោះហើរចេញ-ចូល (ទ្វេទិស) ​ចំនួន ​៦៤ ៨២១ ជើង កើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៤, អ្នកដំណើរចេញ-ចូល (ទ្វេទិស) ​ចំនួន ៦ ៩៨៨ ២៥៩ នាក់ កើន ១២% និង​ទំនិញតាមផ្លូវអាកាសមានចំនួន ​៩៣ ៨៨៩ តោន ​កើន ២១%៕​

អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម