សេដ្ឋកិច្ច
កម្ពុជាតភ្ជាប់ជើងហោះហើរត្រង់ ពីក្រុងព្រះសីហនុ-សៀមិន
ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines (ZA) នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៦ បានបើកជើងហោះហើរត្រង់ពីក្រុងព្រះសីហនុ-សៀមិន ប្រទេសចិន ឆ្លុះបញ្ចាំងពីការបង្កើនភ្ញៀវទេសចរ និងទាក់ទាញវិនិយោគិនកាន់តែច្រើនមកកម្ពុជា។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុជាគោលដៅវិនិយោគដ៏ទាក់ទាញស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោក ម៉ាង ស៊ីណេត យល់ឃើញថា៖ «ការបើកជើងហោះហើរត្រង់ថ្មីបន្ថែមទៀតនេះ គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាលណាមានការហោះហើរកាន់តែច្រើន គឺបានពង្រីកនូវចំនួនភ្ញៀវទេសចរ និងអ្នកវិនិយោគ ប្រសិនបើការតភ្ជាប់ជើងហោះហើរនេះ មានអតិថិជនកាន់តែច្រើន ក៏ឆ្លុះបញ្ចាំងពីសន្តិសុខ សុវត្ថិភាព នៅក្នុងខេត្តព្រះសីហនុ»។

លោក ម៉ាង ស៊ីណេត បញ្ជាក់ថា ការបើកការហោះហើរនេះ បញ្ជាក់ថា សន្តិសុខ សុវត្ថិភាព ក្នុងខេត្តព្រះសីហនុមានលក្ខណៈល្អប្រសើរ ហើយខេត្តព្រះសីហនុក៏ជាគោលដៅ ដែលភ្ញៀវទេសចរមិនគួរមើលរំលង ខណៈគោលដៅទេសចរណ៍មួយនេះមានកោះ និងឆ្នេរដ៏ស្រស់ស្អាត។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាសន៍ថា ការតភ្ជាប់ជើងហោះហើរពីកម្ពុជាទៅទីក្រុងសៀមិន ប្រទេសចិន មានគុណតម្លៃមហាសាលសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ប្រសិនបើការតភ្ជាប់ជាអចិន្ត្រៃយ៍ ខណៈរាជរដ្ឋាភិបាលកំពុងបង្ក្រាបទៅលើក្រុមល្បែងឧក្រិដ្ឋកម្មអនឡាញខុសច្បាប់ ដោយសារមានបុគ្គលិកមកពីចិនច្រើនដែលកំពុងសម្រុកទៅចិនវិញ។

យោងតាមអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ ២០២៥ កម្ពុជាទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួន ៦៤ ៨២១ ជើង កើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៤, អ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួន ៦ ៩៨៨ ២៥៩ នាក់ កើន ១២% និងទំនិញតាមផ្លូវអាកាសមានចំនួន ៩៣ ៨៨៩ តោន កើន ២១%៕






-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


