Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង​ទទូច​ឱ្យ​អ៊ីស្រាអែល​បំបាត់រាល់​​ឧបសគ្គ​​​ក្នុងការ​ផ្តល់​​ជំនួយ​មនុស្សធម៌​ទៅ​តំបន់ហ្គាហ្សា

បានផុស

នៅ

​តំណាង​ប្រទេស​បារាំង​ បាន​អំពាវនាវឱ្យអ៊ីស្រាអែលលុបបំបាត់ឧបសគ្គ​ទាំង​អស់​ ចំពោះ​ជំនួយមនុស្សធម៌ទៅ​​កាន់​តំបន់ហ្គាហ្សា និង​ធានា​សុវត្ថិភាព​របស់​បុគ្គលិកនិង​សម្ភារៈរបស់អង្គការសហប្រជាជាតិ (UN) ដោយ​ព្រមាន​ថា ​ស្ថាន​ភាព​នៅទី​នោះ​នៅ​តែ​ប្រឈម​នឹង​មហន្តរាយ​ធ្ងន់​ធ្ងរ​នៅ​ឡើយ​។ នេះ​បើយោង​តាមភ្នាក់​ងារ​​សារព័ត៌មានតួកគី​ Anadolu ផ្សាយ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ ។

លោក ​Jerome Bonnafont បេសកជន​អង្គការសហប្រជាជាតិ​​ប្រទេស​បារាំង។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុង​កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) លោក ​Jerome Bonnafont បេសកជន​​របស់​ប្រទេស​បារាំង​នៅ​អង្គការសហប្រជាជាតិ បាន​​លើក​ឡើង​ថា៖ « បទឈប់​បាញ់​នៅ​តំបន់​ហ្គាហ្សា​នៅ​តែ​ផុយ​ស្រួយ​ណាស់​​ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកការ​ទូតជាបន្តបន្ទាប់ក៏ដោយ​។ ប្រទេស​បារាំង​អំពាវ​នាវ​ឱ្យ​អ៊ីស្រាអែល​លុបចោល​ឧបសគ្គទាំងអស់​ ចំពោះការផ្តល់​ជំនួយ​មនុស្ស​ធម៌ ដើម្បី​ការពារ​បុគ្គលិកនិងសម្ភារៈ​របស់អង្គការសហប្រជាជាតិ ដើម្បី​សម្រួល​​ដល់​ការ​ជម្លៀស​ផ្នែកវេជ្ជសាស្រ្ត​តាមរយៈអង្គការសុខភាពពិភពលោក(WHO)»។

លោក Bonnafont កត់សម្គាល់ថា ៦ខែ​ បន្ទាប់ពីការអនុម័ត​សេចក្តី​សម្រេចរបស់អង្គការសហប្រជាជាតិគាំទ្រផែនការសន្តិភាព​និង​មាន​សហរដ្ឋអាមេរិក ស្ថានភាព​នៅហ្គាហ្សាមានភាព​ប្រសើរឡើង​តិច​តួច  តែ​វិបត្តិមនុស្សធម៌នៅតែធ្ងន់ធ្ងរ។

លោកលើក​ឡើង​ថា៖ « បទឈប់បាញ់​នៅតែមិនច្បាស់លាស់ ស្ថាន​ភាពមនុស្សធម៌​នៅតែ​មាន​ភាព​ស្មុគ​ស្មាញ​។ ប្រទេសបារាំង​រំពឹង​ថា​នឹង​មានការកែលម្អ​ជាក់ស្តែង​ ក្នុង​ស្ថាន​ភាព​របស់ប្រជាជនប៉ាឡេស្ទីននៅ​ដំណាក់​កាល​បន្ទាប់​។ ការកែលម្អបែបនេះ​នឹងជាជំហានដំបូង​ឆ្ពោះ​ទៅរក​ការកសាងឡើងវិញ និងការស្តាររចនាសម្ព័ន្ធអភិបាល​កិច្ចនៅហ្គាហ្សា ​រួមទាំង​ការដាក់ពង្រាយគណៈកម្មាធិការរដ្ឋបាលជាតិ និង​ការ​វិល​ត្រឡប់​របស់អាជ្ញាធរ​ប៉ាឡេស្ទីន»។

ប្រទេស​បារាំង​ក៏បានបញ្ជាក់ម្តងទៀតថា ការរំសាយអាវុធរបស់ក្រុមហាម៉ាសគឺមានសារៈសំខាន់​ខ្លាំងណាស់។ ក្រុមនេះមិន​អាច​មាន​អនាគត​នៅតំបន់ហ្គាហ្សា ឬនៅប៉ាឡេស្ទីនបានទេ។

លោក Bonnafont សង្កត់​ធ្ងន់ថា៖ « ប្រទេស​បារាំងរក្សា​សិទ្ធិ​ក្នុងការប្រតិកម្ម​បន្ថែម​ទៀត ប្រសិនបើការវិវត្ត​ក្នុង​រូបភាព​អាក្រក់​ៗនៅតែបន្ត ខណៈយើង​ក៏​អំពាវ​នាវ​ឱ្យ​អ៊ីស្រាអែលលុបចោល​ច្បាប់ដែល​ពង្រីកវិសាលភាព​នៃទោសប្រហារជីវិត ការរើសអើង ដែល​ផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ​»។

ប្រទេសបារាំងបាន​បញ្ជាក់ជាថ្មីនូវការគាំទ្រ​របស់ខ្លួន​ លើ​ដំណោះ​ស្រាយចំពោះ​រដ្ឋពីរ ​ហើយគោល​ការណ៍​នេះ​នៅ​តែ​ជាមធ្យោ​បាយ​តែ​មួយគត់​ ដើម្បីសម្រេចបាន​នូវ​ស្ថិរភាពយូរអង្វែង៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម