Connect with us

ព័ត៌មានអន្ដរជាតិ

ជំនួបក្ដៅត្រាំ-ស៊ី នៅប៉េកាំងសប្ដាហ៍នេះ​ នឹងផ្ដោតលើពាណិជ្ជកម្ម រ៉ែកម្រ និងវិបត្តិអ៊ីរ៉ង់

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ​រំពឹងថានឹងផ្តោត​លើបញ្ហា​ពាណិជ្ជកម្ម ការវិនិយោគ និងរ៉ែសំខាន់ៗ នៅ​ពេលមេដឹកនាំទាំង២ ជួបគ្នានៅទីក្រុងប៉េកាំង​ក្នុង​សប្តាហ៍នេះ ​ខណៈមហាអំណាចសេដ្ឋកិច្ចទាំង២សម្លឹងដោះស្រាយភាពតានតឹងនៃទំនាក់ទំនងដែលបង្កឡើងដោយពន្ធ ត្រាំ និងផលប្រយោជន៍ភូមិសាស្រ្តនយោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ និងស៊ី នឹ​ងជួបគ្នាផ្ទាល់ជាលើកដំបូងក្នុងរយៈពេលជាងកន្លះឆ្នាំ ដោយ​ ត្រាំ ​គ្រោង​​ធ្វើដំណើរទៅដល់ក្រុងប៉េកាំងនៅថ្ងៃពុធ ហើយការពិភាក្សារវាងមេដឹកនាំទាំង២ នឹងរៀបចំឡើងនាថ្ងៃព្រហស្បតិ៍-សុក្រ ដោយ​រួមបញ្ចូលបញ្ហាផ្សេងៗ ដូចជា​ការបន្ថែមពេលអនុវត្ត «​បទឈប់បាញ់នៃសង្គ្រាមពាណិជ្ជកម្ម​»​​ជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដែលស្រង់ព័ត៌មាន​ពីប្រភពមន្រ្តីអាមេរិក​ដោយ​មិនបញ្ចេញឈ្មោះ។ ​វាគឺជាដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅចិន​ជាលើកដំបូងរាប់តាំងពីឆ្នាំ ២០១៧។

​មេដឹកនាំទាំង២ ក៏​រំពឹងថានឹងប្រកាសពីកិច្ចព្រមព្រៀងដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ​ រួមទាំងវេទិកា​សម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគ ខណៈចិន​នឹងបង្ហាញផែនការទិញ​យន្តហោះ Boeing ផលិតផលកសិកម្ម និងថាមពលរបស់អាមេរិក​។​

មន្រ្តីអាមេរិក​បាន​ឱ្យដឹងទៀតថា អនាគតនៃកិច្ចព្រមព្រៀងរ៉ែដ៏កម្រ ​ដែល​សំខាន់ជាយុទ្ធសាស្ត្រសម្រាប់ឧស្សាហកម្មផលិតកម្ម និងបច្ចេកវិទ្យារបស់​អាមេរិក ក៏នឹង​ត្រូវលើកយកទៅពិភាក្សាផងដែរ។ យ៉ាងណាមិញ ប្រភព​មិនទាន់ច្បាស់នៅឡើយទេ​ថាតើមេដឹកនាំទាំង២ នឹង​​​បន្ថែមពេល​អនុវត្តកិច្ចព្រមព្រៀង។

គួរគូសបញ្ជាក់ថា ជំនួបត្រាំ-ស៊ី គ្រោងរៀបចំឡើង​ខណៈរដ្ឋាភិបាល​អាមេរិក-ចិន ព្យាយាមទប់ស្កាត់ភាពតានតឹងសេដ្ឋកិច្ចមិនឱ្យកើនឡើងម្តងទៀត ក្រោយ​ពន្ធ ត្រាំ ក្លាយជាបញ្ហាស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំង២កាលពីឆ្នាំមុន។

លោក ត្រាំ និង ស៊ី បាន​ជួបគ្នាដោយផ្ទាល់ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែតុលា ដោយភាគីបាន​ព្រមព្រៀងផ្អាក «ប្រយុទ្ធគ្នា» លើសង្រ្គាមពាណិជ្ជកម្មកាលនោះជាបណ្ដោះអាសន្ន។ យ៉ាងណាមិញ ភាពចម្រូងចម្រាស់នៅតែមាន​ក្រោមវិធានការជាបន្តបន្ទាប់របស់អាមេរិក និងការបន្តរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន។

មន្រ្តីអាមេរិក​និយាយថា ក្នុងជំនួបសប្ដាហ៍នេះដដែល អាមេរិកអាចនឹង​​ដាក់សម្ពាធលើចិន​ចំពោះទំនាក់ទំនងសេដ្ឋកិច្ចរបស់​ប្រទេសនេះ​ជាមួយអ៊ីរ៉ង់ និងរុស្ស៊ី ជាពិសេសការទិញប្រេងអ៊ីរ៉ង់របស់ចិន និងលំហូរនៃទំនិញប្រើប្រាស់បាន២មុខ (ស៊ីវិល និងយោធា) និងគ្រឿងបន្លាស់ឧស្សាហកម្ម ដែលអាចជួយពង្រឹងសមត្ថភាពយោធារបស់រុស្ស៊ី។

ថ្មីៗនេះ រ៉យទ័របាន​រាយការណ៍ថា លោក ត្រាំ បាន​ជំរុញឱ្យចិន​ប្រើប្រាស់ឥទ្ធិពលខ្លួនលើអ៊ីរ៉ង់ ​ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀង​ទូលំទូលាយ​ជាមួយ​អាមេរិក​ និងជួយបញ្ចប់ជម្លោះ​ដើម្បីបើកច្រកហ័រមូស្សឡើងវិញឱ្យ​បាន​ឆាប់។

បញ្ហា​តៃវ៉ាន់ក៏នឹង​ក្លាយជាប្រធានបទធំមួយផងដែរ ក្នុងជំនួបត្រាំ-ស៊ី ជាមួយ​នឹង​បញ្ហាស្មុគស្មាញផ្សេងៗទៀតរួមទាំងខ្សែច្រវ៉ាក់ផ្គត់ផ្គង់បន្ទះឈីប និងការប្រកួតប្រជែងបច្ចេកវិទ្យា។ កន្លងមក ចិន​តែងតែសម្ដែងការមិនសប្បាយចិត្ត ចំពោះការគាំទ្ររបស់អាមេរិក​លើតៃវ៉ាន់ រួមទាំងការលក់អាវុធឱ្យកោះ ដែលចិនចាត់ទុកថាជារបស់ខ្លួនមួយនេះ។

​ក្រៅពីនោះ បញ្ញាសិប្បនិម្មិត (AI) គឺជាក្តីបារម្ភកាន់តែខ្លាំង​សម្រាប់រដ្ឋបាល ត្រាំ ជាពិសេសការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃគំរូ AI ទំនើបរបស់ចិន។ ប្រភព​មន្ត្រីអាមេរិកបាននិយាយថា ភាគីទាំង២ ត្រូវការ «បណ្តាញទំនាក់ទំនង» ដើម្បីការពារការយល់ច្រឡំ ឬជម្លោះទាក់ទងនឹងបច្ចេកវិទ្យា AI។ ជាមួយគ្នានោះ អាមេរិក​ក៏អាចនឹង​លើកឡើងពីបញ្ហានុយក្លេអ៊ែរ ប៉ុន្តែចិនអាចនឹង​បន្តមិនពិភាក្សាលើបញ្ហានេះ​ ដោយ​ប្រភព​មួយរូបបាន​បញ្ជាក់ថា ចិន​បានបង្ហាញជាឯកជនថា ខ្លួន «គ្មានចំណាប់អារម្មណ៍ក្នុងការអង្គុយពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរប្រភេទណាមួយ ឬអ្វីផ្សេងទៀត ដែលទាក់ទងនឹងចំណុចនេះទេ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម