Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនស៊ី​.ភី បើកសម្ពោធ​​រោងចក្រផលិត​ចំណីអាហារស្តង់ដារ​ដំបូងគេក្នុងប្រទេសកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានបើកពិធីសម្ពោធជាផ្លូវការ រោងចក្រផលិតចំណីអាហារស្តង់ដារ ឈានមុខគេមួយ​ក្នុងប្រទេសកម្ពុជានៅខេត្តកំពត។ ពិធីសម្ពោធនេះ ធ្វើឡើងកាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២២ ក្រោមអធិបតី​ភាពសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងវត្តមានលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ស៊ី.ភី ដែលដឹកនាំដោយលោក Preeda Chunwong អនុប្រធានក្រុមប្រឹក្សាភិបាល លោក​​ Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរង​ជាន់ខ្ពស់​នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ និងលោកបណ្ឌិត​​ ម៉ៅ​ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗជាង ១០០០​ នាក់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាក្នុងឱកាសនេះ លោក ម៉ៅ​ ធនិន ​អភិបាលនៃគណៈអភិបាលខេត្តកំពតសម្តែងក្តីរំភើបក្រៃលែង នៅក្នុងពិធីសម្ពោធជា​ផ្លូវការ រោងចក្រផលិតចំណីអាហារ និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ​យល់គ្នារវាងសាកលវិទ្យាល័យ ជាស៊ីម កំចាយមា និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង។

ជាមួយគ្នានេះ លោក​​ Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានមានប្រសាសន៍ថា ការបង្កើតរោងចក្រផលិតចំណីអាហារនេះឡើងគឺដើម្បីលើកកម្ពស់ស្តង់ដារគុណ​ភាពនៃការផលិត​ចំណីអាហារនៅកម្ពុជា ​​ឱ្យស្របតាមស្តង់ដារអន្តរជាតិនិងដើម្បីឱ្យប្រជាជនកម្ពុជា ទទួលទានអាហារដែលជាផលិ​តផលផលិតក្នុងស្រុក មានគុណភាពនិងអនាម័យ។ លើសពីនេះទៅទៀត លោក Paitoon Wongkatawethin ក្រុមប្រឹក្សាភិបាលរងនៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានចុះហត្ថលេខាលើអនុស្សរណះនៃការយោគយល់ ជាមួយសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង បច្ចេកទេសផ្សេងៗ ដែលទាក់ទងនឹងបច្ចេកវិទ្យាផលិតចំណីអាហារ ព្រមទាំងផ្តល់ឱកាសការងារទាក់ទងនឹងអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារដល់ប្រជាជនកម្ពុជាផងដែរ។

លោក​​ Wittaya បានលើកឡើងអំពីគោលការណ៍ ក្នុងការផលិតចំណីអាហារប្រកបដោយអនាម័យ​ល្អនិងការទទួល​បានសាច់ដែលមានភាពស្រស់ ត្រូវមានគោលការណ៍ចំនួន ៥ ប្រការ ដូចជាក្រោម ៖

ទី១) សត្វត្រូវមានសុខភាពល្អ ដឹកចេញពីកសិដ្ឋានចិញ្ចឹមបែបស្តង់ដា។

ទី២) ការរៀបចំទុកដាក់សត្វមុនចូលរោងពិឃាត គឺសត្វមិនទទួលរងសម្ពាធផ្នែកអារម្មណ៍ ព្រោះថាពេលដែលសត្វរងសម្ពាធនឹងធ្វើឱ្យគុណភាពសាច់ធ្លាក់ចុះ។

ទី៣) ទីកន្លែង និងឧបករណ៍ត្រូវតែស្អាត ដោយជ្រើសរើសឧបករណ៍ដែលត្រឹមត្រូវ ទំនើប និងមានការថែរក្សាបានល្អ ឱ្យរួចរាល់សម្រាប់ទុកប្រើប្រាស់។

ទី៤) ដំណើរការផលិតត្រូវតែមានស្តង់ដារត្រឹមត្រូវតាមគោលការណ៍ និងអនាម័យ មានការបែងចែករវាងផ្នែកស្អាត និងផ្នែកកខ្វក់ចេញពីគ្នាយ៉ាងច្បាស់លាស់ ត្រូវបានត្រួតពិនិត្យភ្នាក់ងារចម្លងរោគគ្រប់ដំណាក់កាលនៃការផលិត។

ទី៥) ការថែរក្សាសាច់បន្ទាប់ពីកែច្នៃហើយ សាច់ត្រូវតែរក្សាទុកនៅក្នុងសីតុណ្ហភាពត្រឹមត្រូវ ដើម្បីរារាំងការលូតលាស់នៃបាក់តេរី ដែលបណ្តាលឱ្យសាច់ខូច។

ទន្ទឹមគ្នានេះ លោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ គឺជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាហារឈានមុខគេមួយនៅក្នុងប្រទេសថៃ ដែលបានសហការជាមួយរដ្ឋាភិបាលថៃរហូតមក។  ក្រុមហ៊ុន ស៊ី.ភី បានផ្តោតលើការអភិវឌ្ឍន៍ផលិតផលចំណី​អាហាររបស់​ប្រទេសថៃ ដែលមាការទទួលស្គាល់ពីអតិថិជនយ៉ាងច្រើន​ និងមនុស្សជុំវិញពិភពលោក។ លោកថា ក្រុមហ៊ុន ស៊ី.ភីជាចំណែកមួយ​នៃការ​ជួយជ្រំជ្រែង​ប្រទេស​កម្ពុជា ទាក់ទងនឹងការលើកកម្ពស់ស្តង់ដារ​ឧស្សាហកម្មផលិតចំណីអាហារ និងអភិវឌ្ឍផលិតផលផ្នែកអាហាររបស់កម្ពុជាឱ្យមានការទទួល​ស្គាល់លើឆាកអន្តរជាតិផងដែរ។

សម្តេចក្រឡាហោម ស ខេង​ នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងពិធីបើកសម្ពោធនេះថា ក្រុមហ៊ុន ស៊ីភី ជារោងចក្រផលិតចំណីអាហារ ទីមួយនៅកម្ពុជានៅខេត្តកំពតនេះ។ សម្តេចបានលើកឡើងថា គុណភាពផលិតចំណីអាហារ ស៊ីភី មិនចាញ់ផលិតផលនាំចូលឡើយ។ លើសពីនេះទៀត ក្រុមហ៊ុនបានជួយ​បង្កើតឱកាស​ការងារនៅក្នុងតំបន់ និងកាត់បន្ថយការចំណាក់ស្រុក ដោយការបង្កើតរោងចក្រកែច្នៃចំណីអាហារ បានតបស្នងទៅនឹងបញ្ហាការប្រឈមកង្វះការផលិតចំណីអាហារនៅកម្ពុជាផងដែរ។ សម្តេចបន្តថា វត្តមាន​របស់ក្រុមហ៊ុន ស៊ីភី បានរួមចំណែកក្នុងការផ្គត់ផ្គង សាច់ស្រស់ ផលិតផលចំណីអាហារ ដែលមានអនាម័យ តម្លៃសមរម្យ និងបង្កើតទីផ្សារនៅកម្ពុជា ហើយក្រុមហ៊ុនបានជួយទិញ ដំណាំកសិកម្មដូចជា ពោត ដំឡូងមី ស្រូវ ពីប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំកាត់ បានដំណើរការអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារនៅ​ប្រទេសកម្ពុជាជាង ២៦ឆ្នាំហើយ ជាមួយនឹងចក្ខុវិស័យ “ផ្ទះបាយពិភពលោក” បានប្តេជ្ញាផ្តល់នូវផលិត​ផលប្រកបដោយគុណភាព អនាម័យ និងអាហារូបត្ថម្ភខ្ពស់ជាមួយនឹងទំនួលខុសត្រូវដល់សង្គមជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំកាត់ មានទស្សនវិស័យក្នុងការធ្វើ​អាជីវកម្មដែលហៅថា “គោលការណ៍ប្រយោជន៍ទាំង៣ប្រការដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផល​ប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍​ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។

ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ជាក្រុមហ៊ុនមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ដោយអាជីវកម្មទាំងអស់ត្រូវបានបែងចែកជា ៣ ប្រភេទ គឺអាជីវកម្មផលិតចំណីសត្វ(Feed) អាជីវកម្មចិញ្ចឹម​សត្វ(Farm) និងអាជីវកម្មចំណីអាហារ(Food)។ ក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយ និងអាហារជាច្រើនដូចជា CP Fresh Mart, CP Fresh Shop, Five Star, និង Star Coffee។

ក្រុមហ៊ុន ស៊ីភីអេហ្វ(CPF) បានបណ្តាក់ទុនលើអាជីវកម្មផ្សេងៗ ជាង១៦ ប្រទេស និងចែកចាយផលិតផល​របស់ខ្លួនជាង ៤០ ប្រទេស នៅទូទាំងពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ចិនផ្ដល់ឧបករណ៍តេស្តរកសារធាតុញៀនចំនួន១​ ៣០០០តេស្ដ ដល់ក្រសួងមហាផ្ទៃ  

ព័ត៌មានអន្ដរជាតិ១ នាទី មុន

គ្រូពេទ្យរុស្ស៊ី បង្កើតប្រវត្តិសាស្រ្តពិភពលោក វះកាត់យកសាច់មហារីក ១៧០ដុំ ពីខ្លួនមនុស្ស ដោយជោគជ័យ

ព័ត៌មានជាតិ៤ នាទី មុន

ថ្នាក់ដឹកនាំធនាគារជាតិចង់ឱ្យកម្មកររោងចក្របើកប្រាក់ខែជាប្រាក់រៀល

សន្តិសុខសង្គម១៥ នាទី មុន

ស្នងការខេត្តបន្ទាយមានជ័យ កំពុងស្រាវជ្រាវករណីអធិការរងក្រុងប៉ោយប៉ែត យកលុយពលរដ្ឋជិត២ម៉ឺនដុល្លាររត់ការចូលក្របខណ្ឌ

ព័ត៌មានជាតិ២១ នាទី មុន

អង្គការទស្សនៈពិភពលោក កៀរគររកសៀវភៅ ១ ម៉ឺនក្បាល ដើម្បីផ្ដល់ឱ្យបណ្ណាល័យនៅតំបន់ដាច់ស្រយាល

Sokha Hotels

ព័ត៌មានពេញនិយម