សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងកសិកម្មចុះពិនិត្យនិងវាយតម្លៃលក្ខណៈសម្បត្តិក្រុមហ៊ុនចំនួន៤ត្រៀមនាំចេញស្វាយកែវរមៀតស្រស់ពីកម្ពុជាទៅចិន
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងសហការីកាលពីថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២០ បានចុះពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពរបស់ក្រុមហ៊ុនចំនួន០៤ដែលកំពុងត្រៀមលក្ខណសម្បត្តិ លើការងារបច្ចេកទេសឲ្យបានត្រឹមត្រូវ ឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញស្វាយកែវរមៀតស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

ក្រុមហ៊ុនចំនួន៤នោះរួមមានទី១- ក្រុមហ៊ុន Green Centric Farm Co.,Ltd ស្ថិត នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នមានផ្ទៃដីចំការស្វាយចំនួន២៧០ហិកតា មានស្វាយចំនួនជាង៤៦ ៣៥៦ដើម និងចំនួនជាង៣០០០ហិកតាទៀត បានចុះកិច្ចសន្យាជាមួយប្រជាកសិករនៅក្នុងតំបន់នេះ។
ក្រុមហ៊ុនបានសាងសង់បន្ទប់ត្រជាក់ ឃ្លាំងត្រជាក់ បន្ទប់សម្ងួតតត្រជាក់។ល។ ហើយក្រុមហ៊ុនបានត្រៀមលក្ខណសម្បត្តិរួចរាល់ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគត។

ទី២- ក្រុមហ៊ុន បឹងកេត ហ្វេសហ្រ៊ូត ឯ.ក ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៨២ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ បច្ចុប្បន្នក្រុមហ៊ុនបានដំណើរការសាងសង់រោងចក្រសម្រេចបានជាង៨០% ប៉ុន្តែជាបឋមដើម្បីឲ្យទាន់រដូវប្រមូលផលស្វាយ រោងចក្របានដាក់ឲ្យដំណើរការបណ្តោះអាសន្នសិន ដោយធ្វើការប្រមូលទិញផលិតផលស្វាយពីប្រជាកសិករដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។ បន្ទាប់ពី់រោងចក្រសាងសង់រួច វាមានលទ្ធភាពសំរិតសំរាំងគុណភាពនិងទំហំផ្លែស្វាយបានចំនួន១៥០- ២០០ តោន/ថ្ងៃ។

ទោះជាយ៉ាងណា ក្រុមហ៊ុនកំពុងញាប់ដៃញាប់ជើងធ្វើយ៉ាងណាឲ្យដំណើរការសាងសង់រោងចក្រសម្រេចឲ្យទាន់តាមផែនការ មុនក្រុមបច្ចេកទេសអញ្ជើញមកពីអគ្គនាយកដ្ឋានគយចិនចុះមកពិនិត្យនិងវាយតម្លៃចុងក្រោយក្នុងពេលឆាប់ៗខាងមុខ។
ទី៣- ក្រុមហ៊ុន Long Wo Agriculture (Cambodia) ដែលហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ុននេះក៏មិនខុសពីក្រុមហ៊ុនពីរខាងដើមប៉ុន្មានដែរ ពោលគឺស្ទើរតែសាងសង់រួចរាល់ជាស្ថាពរ។ ប៉ុន្តែក្រុមហ៊ុននេះខុសពីក្រុមហ៊ុនមុនត្រង់ថាប្រព័ន្ធប្រព្រឹត្តិកម្មសម្លាប់សមាសភាពសត្វចង្រៃគឺប្រើទឹកក្តៅ(Hot Water Treatment)។ ក្រោយពេលរៀបចំតម្លើងឧបករណ៍ក្នុងរោងចក្រសព្វគ្រប់ វាអាចសំអាចស្វាយបានចំនួន១០០តោនក្នុង១ថ្ងៃ។ ក្នុងដំណាក់កាលដំបូង ឧបករណ៍និងសម្ភារភាគច្រើនត្រូវបាននាំ ចូលពីចិន ប៉ុន្តែអនាគតក្រុមហ៊ុននឹងតម្លើងរោងចក្រផលិតខ្លួនឯងដើម្បីកាត់បន្ថយថ្លៃដើមមានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារ។ បច្ចុប្បន្ន ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយកសិករ ប្រមូលទិញផ្លែស្វាយបាន ២៥ ០០០ដើម (ប្រហែលជាជាង ១០០ហ.ត) បន្ទាប់ពីរោងចក្រដាក់ឲ្យដំណើរការនិងបាននាំចេញទំហំផ្ទៃដីនឹងមានការកើនឡើងទ្វេដង។

ទី៤- ក្រុមហ៊ុន បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបមិន ឯ.ក ដែលមានទីតាំងស្ថិតនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះមាន ៥០លានដុល្លារ ដើម្បីសង់រោងចក្រកែច្នៃវេចខ្ចប់ ឃ្លាំងស្តុក ខ្សែច្រវ៉ាក់ផលិតកម្ម និងប្រព័ន្ធសម្លាប់សមាសភាពសត្វចង្រៃដោយប្រើចំហាយទឹកក្តៅរោងតាំងផលិតផលកសិកម្ម អគារដ្ឋបាល សណ្ឋាគារសម្រាប់ភ្ញៀវរបស់ក្រុមហ៊ុន ផ្ទះស្នាក់នៅរបស់កម្មករ លើផ្ទៃដី៤ហិកតា ក្នុងចំណោមផ្ទៃដីសរុបចំនួន៥៧ហិកតា របស់ក្រុមហ៊ុន។ បច្ចុប្បន្ន ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយកសិករបានចំនួន៦ ០០០ហិកតា ហើយគ្រោងដាំចំនួន១០០០០ហិកតាទៀត។ បើទោះជារោងចក្រមិនទាន់ដំណើរការ ប៉ុន្តែក្រុមហ៊ុនបាននិងកំពុងប្រមូលទិញផ្លែស្វាយពីកម្ពុជា នាំចេញទៅសម្អាត និងវេចខ្ចប់នៅប្រទេសវៀតណាម មុននាំចេញបន្តទៅប្រទេសចិន ជាមធ្យម៣០កុងតឺន័រក្នុង១ថ្ងៃ ហើយអាចឈានទៅ៥០កុងតឺន័រ នៅរដូវប្រមូលផលខាងមុខ។

ក្រោយពេលម៉ាស៊ីន VHTតម្លើងរួចមានសមត្ថភាពសម្លាប់សមាសភាពសត្វចង្រៃបានចំនួន៤០០តោនក្នុង១ថ្ងៃ។ អនាគតក្រុមហ៊ុន នឹងរៀបចំឃ្លាំងស្តុក កន្លែងតាំងបង្ហាញកសិផលនិងផ្តល់សេវាសម្លាប់សមាសភាពសត្វចង្រៃជូនអតិថិជនទូទៅ។
ដោយមើលឃើញសក្តានុពលរបស់ក្រុមហ៊ុននីមួយៗក្នុងការប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែស្វាយ និងផលិតផលស្វាយលោក វេង សាខុន បានវាយតម្លៃខ្ពស់លើសមិទ្ធផលដែលក្រុម ហ៊ុនសម្រេចបាន ហើយសង្ឃឹមថារាល់កិច្ចការដែលនៅសេសសល់ក្រុមហ៊ុននឹងខិតខំអនុវត្តឲ្យបានសម្រេចទាន់ផែនការគ្រោងទុកដើម្បីឲ្យទាន់សភាពការនៃការអនុវត្តខ្លឹមសារពិធីសារ ស្តី អំពី"លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ទីផ្សារចិន"។
លោករដ្ឋមន្ត្រីមានជំនឿមុតមាំថាផលិតផលស្វាយកែវរមៀតរបស់កម្ពុជានឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារចិននាពេលឆាប់ៗខាងមុខ៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


