សេដ្ឋកិច្ច
កម្ពុជា រំពឹងក្រុមហ៊ុនជប៉ុនបង្កើតរោងចក្រវិភាគរំលាយសារធាតុពុលក្នុងទឹកកាត់បន្ថយការប្រើជី និងថ្នាំកសិកម្ម
ក្រុមហ៊ុន Club Eco Water គឺជាក្រុមហ៊ុនតែមួយលើពិភពលោកដែលមានបច្ចេកវិទ្យាវិភាគ និងរំលាយសារធាតុក្នុងទឹក (water solubilization ionize) និងសមាសធាតុរ៉ែផ្សេងៗ រួមទាំងធាតុដែលមានក្នុងរ៉ែ ហើយបំប្លែងសារធាតុរ៉ែទាំងនោះ ទៅជាសារធាតុអ៊ីយ៉ុង និងសារធាតុបំប៉នផ្សេងៗទៀត ដើម្បីជួយដល់ការលូតលាស់ដំណាំបន្លែ ផ្លែឈើដោយកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំកសិកម្ម។ នេះជាការបញ្ជាក់ដោយលោក Satoshi SHIMADA នាយកប្រតិបត្តិក្រុមហ៊ុន Club Eco Water។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម នៅថ្ងៃទី ២៧ ខែកក្កដា លោក Satoshi SHIMADA បានលើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនបានចាប់ដៃគូជាមួយវិស័យឯកជននៅកម្ពុជា ធ្វើការសិក្សាស្រាវជ្រាវ និងពិសោធន៍ ធ្វើយ៉ាងណាឱ្យផលិតផលនេះ មានភាពសមស្រប បន្សាំ និងសុវត្ថិភាពសម្រាប់ប្រើប្រាស់ស្របតាមក្សេត្របរិស្ថានកម្ពុជា។ លោកថា ការពិសោធនេះបានអនុវត្តបានជាង ៦ខែមកហើយ លើមុខដំណាំខ្ញី និងដំឡូងជ្វាផ្អែម ដោយក្នុង១លីត្រ អាចលាយជាមួយទឹកពី ៨ ០០០ ទៅ ១០ ០០០លីត្រ ដើម្បីយកទៅស្រោចស្រព និងបាញ់ទៅលើស្លឹក និងដើម។ ចំពោះដំណាំខ្ញី លទ្ធផលដែលទទួលបាន គឺគ្មានពួកដង្កូវស៊ីខ្ញី មានគុណភាពល្អ និងទិន្នផលខ្ពស់ផងដែរ។ លើសពីនេះទៀត ផលខ្ញីដែលទទួលបាននោះ គឺបានបញ្ជូនទៅប្រទេសជប៉ុន ដើម្បីធ្វើការវិភាគ និងពិសោធ រងចាំលទ្ធផល។
លើសពីនេះទៀត ផលិតផលនេះ មានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ក្នុងរក្សាបរិស្ថានទឹក និងសុវត្ថិភាពចំណីអាហារ តាមរយៈការកាត់បន្ថយសំណល់ថ្នាំកសិកម្ម និងជាតិពុលផ្សេងៗនៅក្នុងបន្លែ ផ្លែឈើ។ ផលិតផលនេះ ក៏អាចប្រើប្រាស់ក្នុងអនុវិស័យផលិតកម្មសត្វផងដែរ។
លោក SHIMADA រំពឹងថា ផលិតផលនេះ នឹងអាចពង្រីកវិសាលភាពនៃបច្ចេកវិទ្យានេះឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ដើម្បីប្រជាជន និងជាពិសេសកុមារដែលជាអនាគតនៃកម្ពុជា អាចបរិភោគបន្លែ ផ្លែឈើដែលមានសុវត្ថិភាព។
បន្ទាប់ពីស្តាប់ការរាយការណ៍របស់លោក SHIMADA រួចមក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងស្រាវជ្រាវរបស់លោក និងសហការី ជាពិសេសស្របពេលដែលសកលលោកកំពុងជួយប្រទះវិបត្តិនៃការឡើងថ្លៃនៃតម្លៃជី និងថ្នាំកសិកម្ម។ បច្ចុប្បន្ននេះ លោកសន្និដ្ឋានបានថា ផលិតផលនេះគឺល្អ និងមិនប៉ះពាល់ដល់ទាំងអ្នកប្រើប្រាស់ និងអ្នកបរិភោគ។ តែមុននឹងអាចធ្វើការផ្សព្វផ្សាយ និងចែកចាយផលិតផលនេះទៅដល់ប្រជាកសិករ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីយកផលិតផលនេះមកសិក្សាស្រាវជ្រាវ វិភាគ និងពិសោធនៅតាមស្ថានីយកសិកម្មនានាតាមបណ្តាលរាជធានី-ខេត្ត ទៅលើមុខដំណាំដូចជាស្រូវ ដំឡូវមី ពោត ដំណាំសាកវប្បកម្ម និងសត្វឱ្យបានពី ៦ខែ ទៅ ១ឆ្នាំសិន។

លោករដ្ឋមន្រ្តី ក៏សង្ឃឹមថា លោក SHIMADA នឹងវិនិយោគបង្កើតរោងចក្រផលិតផលិតផលនេះ នៅកម្ពុជានាពេលអនាគត៕
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


