Connect with us

សេដ្ឋកិច្ច

រាជរដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៣៧ ជាមួយទុនជាង ៦ ពាន់លានដុល្លារ

បានផុស

នៅ

នៅក្នុងរយៈពេល ១១ ខែ រាជរដ្ឋាភិបាលអាណត្តិថ្មី បានអនុម័តគម្រោងវិនិយោគចំនួន ២៣៧ គម្រោង ជាមួយ​ទុនវិនិយោគជាង ៦ ពាន់លានដុល្លារ មានការកើនឡើង ២២០% ប្រៀបធៀប ១១ ខែដូចគ្នា​ ឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិមកលើស្ថេរភាពនយោបាយ សន្តិសុខ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងបាឋកថា ស្ដីពី អត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោនៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបាន​ឱ្យ​​ដឹងថា អ្នកវិនិ​យោគ​នៅ​តែ​មាន​ទំនុកចិត្ត​មកលើរាជ​រដ្ឋាភិ​បាលកម្ពុជា ក្រោមការ​ដឹក​​នាំ​​របស់​​សម្ដេច​មហា​​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា។

កំណើនគម្រោង និងទុនវិនិយោគ បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុង​ការ​​ទាក់​ទាញការវិនិ​យោគ​ពី​បរទេស។

លោកឧបនាយក​រដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ថា កត្តាសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច​នៅកម្ពុ​ជា​​​ធ្វើឱ្យមានការបណ្ដាក់ទុនវិនិយោគមកកម្ពុជាកាន់តែច្រើន។

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីចុងសប្តាហ៍មុនតាមរយៈ ការតាមដានយ៉ាងយកចិត្តទុកដាក់ និងជាប្រចាំលើសូចនាករសំខាន់ៗ និងផ្អែកលើទិន្នន័យដែលទទួលបាន ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ នេះ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាអាចនឹងសម្រេចបានក្នុង អត្រាកំណើន ៦% ក្នុងឆ្នាំ ២០២៤ ជាមួយនឹងអត្រាអតិផរណាប្រមាណ ២.៧១%។

​«កំណើននេះគឺទាបជាងតួលេខកំណើនដែលត្រូវបានព្យាករនៅពេលរៀបចំច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤ នេះ ដោយសារកត្តាពីរសំខាន់គឺទំហំសេដ្ឋកិច្ចកម្ពុជាផ្អែកលើទិន្នន័យផលិតផលក្នុងស្រុកសរុប (ផ.ស.ស. ឆ្នាំពេលថ្មី ឆ្នាំ ២០១៤ ធំជាងទំហំសេដ្ឋកិច្ចផ្អែកលើទិន្នន័យ ផ.ស.ស. ឆ្នាំគោលចាស់ ឆ្នាំ ២០០០ ដែលការណ៍នេះធ្វើឱ្យសេដ្ឋកិច្ច កម្ពុជាផ្អែកលើឆ្នាំគោលថ្មី ជារួមមិនអាចមានអត្រាកំណើនខ្ពស់ដូចទំហំសេដ្ឋកិច្ចផ្អែកលើឆ្នាំចោលលាស់ឡើយ​(កត្តាតួលេខ) និង ​ទី២​​ ការថមថយជាងការរំពឹងទុកនៃវិស័យជំរុញកំណើនមួយចំនួន ជាពិសេស សំណង់ និងអចលនទ្រព្យ (កត្តាសេដ្ឋកិច្ចជាក់ស្តែង)»។ នេះបើយោងតាមរបាយការណ៍ដែលត្រូវបានចុះហត្ថលេខាដោយលោក អូន ព័ន្ធមុន្នីរ័ត្ន​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម