ព័ត៌មានជាតិ
កម្ពុជាបានក្លាយជាសមាជិកប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់
ធនាគារជាតិនៃកម្ពុជា (NBC) បានក្លាយជាសមាជិកផ្លូវការនៃកិច្ចសហប្រតិបត្តិការតភ្ជាប់ ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ (Regional Payment Connectivity-RPC) ក្នុងគោលដៅពង្រឹងបន្ថែម នូវសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសដើម្បីចូលរួមលើកកម្ពស់ការដោះដូរពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC ការបញ្ចូល ធនាគារជាតិនៃកម្ពុជា ជាសមាជិក នៃគម្រោងនេះ ធ្វើឡើងបន្ទាប់ពី ធនាគារជាតិនៃកម្ពុជា បានផ្ញើលិខិតបញ្ជាក់ពីបំណងក្នុងការចូលរួម ទៅបណ្តាធនាគារកណ្តាលជាសមាជិកដទៃទៀត។
សេចក្តីប្រកាសព័ត៌មានលើកឡើងថា NBC បានប្រកាសពីការចូលរួម ចុះអនុស្សរណៈយោគយល់គ្នាបន្ថែមទី៤ ស្តីពី កិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ ក្នុងតំបន់ នៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកួតដំណាក់កាលទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេល នៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល លើកទី១២ នៅទីក្រុង គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
បើយោងតាម NBC ៖«ការបញ្ចូលធនាគារជាតិនៃកម្ពុជា ជាសមាជិកក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ ក្នុងតំបន់ បានបង្កើនចំនួនសមាជិកធនាគារកណ្តាលអាស៊ានក្នុងគម្រោងនេះដល់ប្រាំបួន»។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖ «ការចូលរួមក្នុងគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ នឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើឱ្យប្រព័ន្ធទូទាត់សងប្រាក់កាន់តែមានភាពប្រទាក់ក្រឡាគ្នាក្នុងតំបន់អាស៊ាន»។

បើតាម NBC បន្ទាប់ពី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដោយធនាគារកណ្តាលឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ គម្រោង RPC បានទទួលសមាជិកភាពបន្ថែមពីធនាគារកណ្តាលវៀតណាម ក្នុងខែសីហា ឆ្នាំ២០២៣ ធនាគារកណ្តាលព្រុយណេ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ និងធនាគារកណ្តាលឡាវ ក្នុងខែមេសា ឆ្នាំ២០២៤។
«ការកើនឡើងនៃសមាជិកភាពចូលរួមក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុង តំបន់នេះ បានបង្ហាញពីសក្តានុពលនៃការពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់ប្រទេសដទៃទៀតនៅក្នុង អាស៊ាន និងតំបន់ផ្សេងៗទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់ និងជំរុញសមាហរណកម្មហិរញ្ញវត្ថុនៅក្នុងប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់»។ នេះបើយោងតាម NBC។
កិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ មានគោលបំណងសម្រួលការទូទាត់សងប្រាក់ឆ្លងដែនឱ្យបានកាន់តែលឿន ក្នុងតម្លៃសមរម្យ មានតម្លាភាព និងប្រកបដោយបរិយាបន្ន។

ចាប់តាំងពីពេលបង្កើតឡើង គម្រោងនេះបានជំរុញ និងពន្លឿនដំណើរអភិវឌ្ឍន៍ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ តាមរយៈមធ្យោបាយទូទាត់ឃ្យូអរកួត (QR) និងការទូទាត់រហ័សជាដើម។ គម្រោង RPC បានគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ព្រមទាំងបង្កើនលទ្ធភាពពង្រីកទីផ្សារ បានកាន់តែទូលំទូលាយសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) សម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការផ្ទេរប្រាក់កាន់តែប្រសើរឡើង៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន