ព័ត៌មានអន្ដរជាតិ
មន្រ្តីជាន់ខ្ពស់អាមេរិក និងចិន គ្រោងជួបចរចាពន្ធនៅក្រុងហ្សឺណែវ
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer នឹងជួបចរចាពន្ធជាលើកដំបូងជាមួយមន្ត្រីសេដ្ឋកិច្ចកំពូលរបស់ចិន លោក He Lifeng នៅក្រុងហ្សឺណែវ ប្រទេសស្វីស នាចុងសប្តាហ៍នេះ។ នេះបើតាមការឱ្យដឹងរបស់មន្រ្តីនៃប្រទេសទាំង២ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ជំនួបរវាងមន្រ្តីកំពូលអាមេរិក និងគណៈប្រតិភូចិនដឹកនាំដោយឧបនាយករដ្ឋមន្រ្តី លោក He Lifeng ធ្វើឡើងជាលើកដំបូងរាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពន្ធគយបដិការនៅដើមខែមេសា ដែលធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មក្ដៅកាន់តែខ្លាំងឡើង ជាពិសេសរវាងចិន និងអាមេរិក ដែលដាក់ពន្ធលើគ្នាទៅវិញទៅមកជាង ១០០ ភាគរយ។
ប្រភពមិនបញ្ចេញឈ្មោះ បានប្រាប់រ៉យទ័រថា ភាគីទាំង ២ រំពឹងថានឹងពិភាក្សាអំពីការកាត់បន្ថយពន្ធ ក៏ដូចជាចរចាគ្នាលើការលុបបំបាត់ពន្ធលើផលិតផលជាក់លាក់ គោលនយោបាយលើកលែងពន្ធទំនិញថោកជាង ៨០០ ដុល្លាររបស់សហរដ្ឋអាមេរិក និងបញ្ជីត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិកជាដើម។
ជំនួបចរចាទ្វេភាគី ត្រូវបានប្រកាសឡើងដោយរដ្ឋបាល ត្រាំ កាលពីថ្ងៃអង្គារ ហើយក្រោយមក លោក Bessent បានប្រាប់ទូរទស្សន៍ Fox News ថា៖ «ខ្ញុំមានអារម្មណ៍ថា នឹងមានការបន្ធូរបន្ថយភាពតានតឹង។ យើងត្រូវតែបន្ធូរបន្ថយភាពតានតឹងមុនពេលបន្តទៅមុខ»។

ក្រសួងពាណិជ្ជកម្មចិនឯណោះវិញ កាលពីថ្ងៃអង្គារបានបញ្ជាក់ពីជំនួបដដែល ដោយអ្នកនាំពាក្យរបស់ក្រសួងបាននិយាយថា៖ «ភាគីចិនបានវាយតម្លៃដោយប្រុងប្រយ័ត្ននូវព័ត៌មានពីភាគីសហរដ្ឋអាមេរិក ហើយបានសម្រេចចិត្តយល់ព្រមក្នុងការទាក់ទងជាមួយភាគីសហរដ្ឋអាមេរិក បន្ទាប់ពីបានពិចារណាយ៉ាងពេញលេញនូវការរំពឹងទុកជាសកល ផលប្រយោជន៍របស់ចិន និងការអំពាវនាវពីអាជីវកម្ម និងអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក»។ អ្នកនាំពាក្យបន្តថា ចិននឹងមិន «លះបង់គោលការណ៍របស់ខ្លួន ឬសមធម៌សកល ឬយុត្តិធម៌ក្នុងការស្វែងរកកិច្ចព្រមព្រៀងណាមួយឡើយ»។
គួររំឭកថា នាពេលកន្លងមក លោក ត្រាំ បានអះអាងពីវឌ្ឍនភាពនៃការចរចារវាងប្រទេសទាំង២ ប៉ុន្តែភាគីចិនច្រានចោលវាថាជាការអះអាងមិនពិត។ ជាថ្មីម្ដងទៀត លោក Bessent កាលពីថ្ងៃអង្គារបានផ្តល់សក្ខីកម្មដល់គណៈកម្មាធិការសភាថា សហរដ្ឋអាមេរិក និងចិន «មិនបានចូលរួមក្នុងការចរចា» ណាមួយទេ ប៉ុន្តែនៅសប្ដាហ៍នេះ សហរដ្ឋអាមេរិកនឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មកំពូលៗរបស់សហរដ្ឋអាមេរិកមួយចំនួន។
កន្លងមកភាគីចិន និងអាមេរិកបានបន្ទន់ជំហរពន្ធដាក់គ្នា យ៉ាងណាមិញចិនបានប្រកាន់ខ្ជាប់ថា កិច្ចព្រមព្រៀងណាមួយអាចសម្រេចទៅបាន លុះត្រាតែវាមិនធ្វើឱ្យខាតប្រយោជន៍របស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


