Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាល ត្រាំ ដាក់ពន្ធប្រេស៊ីល ២៥% ខណៈភាពតានតឹងផ្នែកពាណិជ្ជកម្មកើនឡើង

បានផុស

នៅ

​រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធនាំចូល ២៥% លើទំនិញមួយចំនួន​របស់ប្រេស៊ីល ​ដោយប្រើ​មាត្រា ៣០១ ​នៃច្បាប់ពាណិជ្ជកម្ម​អាមេរិក ​​​ដោយចោទប្រកាន់ថា គោលនយោបាយ​ប្រេស៊ីលបានបង្កបន្ទុកដល់ពាណិជ្ជកម្មរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងពាណិជ្ជកម្មអាមេរិក (USTR) លោក Jamieson Greer បាននិយាយកាលពីថ្ងៃពុធថា ការសម្រេចចិត្តនេះ ធ្វើឡើងតាមការណែនាំរបស់លោក ត្រាំ បន្ទាប់ពីការស៊ើបអង្កេតរយៈពេល១ឆ្នាំ រកឃើញថា គោលនយោបាយរបស់ប្រេស៊ីលពាក់ព័ន្ធនឹងពាណិជ្ជកម្មឌីជីថល ពន្ធគយ កម្មសិទ្ធិបញ្ញា ​អេតាណុល ​និង​ការកាប់បំផ្លាញព្រៃឈើ បាន​បង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

ការសម្រេចរបស់រដ្ឋបាល ត្រាំ ធ្វើឡើង​បន្ទាប់ពីការចរចាជាច្រើនខែរវាងភាគីទាំង២ មិនអាចឈានដល់កិច្ចព្រមព្រៀង​។ មន្ត្រីប្រេស៊ីលម្នាក់បានប្រាប់រ៉យទ័រ​ថា សហរដ្ឋអាមេរិកបានទាមទារឱ្យប្រេស៊ីលផ្តល់អត្រាពន្ធអនុគ្រោះជាពិសេសសម្រាប់ទំនិញអាមេរិក ប៉ុន្តែការទាមទារនោះមិនអាចអនុវត្តបានទេ ក្រោមច្បាប់របស់ប្រេស៊ីល។

ពន្ធថ្មីនេះ​រំពឹងថានឹងប៉ះពាល់ដល់ទំនិញជាង ៤​ ០០០ មុខ ដែលមានតម្លៃនាំចេញប្រមាណ ១៥ ប៊ីលានដុល្លារ/ឆ្នាំ រួមមានស្ករអំពៅ ​ឈើកែច្នៃ អេតាណុល និងថ្នាំជក់។ ទោះជាយ៉ាងណា ទំនិញសំខាន់ៗមួយចំនួន ដូចជា សាច់គោ កាហ្វេ រ៉ែធាតុកម្រ និងគ្រឿងបន្លាស់យន្តហោះ ត្រូវបានលើកលែងពីពន្ធថ្មី​។

ជាការឆ្លើយតប រដ្ឋាភិបាលប្រេស៊ីលបានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដោយលោក​រដ្ឋមន្ត្រីការបរទេស Mauro Vieira ចាត់ទុកការស៊ើបអង្កេតអាមេរិក​ថា ជាវិធានការបំពាន និងជាផ្នែកមួយនៃសម្ពាធសេដ្ឋកិច្ច​របស់អាមេរិក​។

សហព័ន្ធឧស្សាហកម្មជាតិប្រេស៊ីល (CNI) បានព្រមានថា ការដំឡើងពន្ធនឹងបង្កផលប៉ះពាល់ដល់ក្រុមហ៊ុននៅក្នុងប្រទេសទាំង២ ខណៈមន្ត្រីប្រេស៊ីលមួយចំនួនបានបញ្ជាក់ថា រដ្ឋាភិបាលអាចពិចារណាវិធានការឆ្លើយតប បន្ទាប់ពីពន្ធថ្មីចូលជាធរមាន។

មន្ត្រីប្រេស៊ីលខ្លះទៀតបាន​និយាយថា ពន្ធគយ​អាមេរិកមិនបានធ្វើឱ្យ​ប្រទេសខ្លួនដួលរលំនោះទេ ប៉ុន្តែជំរុញក្រុមហ៊ុននានាស្វែងរកដៃគូផ្សេងទៀត ​និងអាចធ្វើឱ្យទំនាក់ទំនងជាមួយ​ចិនកាន់តែរឹងមាំ។ ​

ការដាក់ពន្ធនេះ ក៏ត្រូវបានគេមើលឃើញថា កើតឡើងស្របពេលទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយរវាង​អាមេរិក និងប្រេស៊ីល​នៅតែមានភាពតានតឹង។ ​​

​ក្នុងសម័យពន្ធបដិការដែលតុលាការកំពូលអាមេរិកចាត់ទុកថាខុសច្បាប់ លោក ត្រាំ បាន​ដំឡើងពន្ធជាបន្តបន្ទាប់លើប្រេស៊ីលដល់ ៤០% ដែលកាលនោះ អ្នកខ្លះលើកឡើងថា វាជា​ចេតនានយោបាយពាក់ព័ន្ធនឹងការចាប់ខ្លួនរបស់អតីតប្រធានាធិបតីប្រេស៊ីល លោក​ Jair Bolsonaro ដែលជាសម្ព័ន្ធមិត្តរបស់ ត្រាំ។ ​យ៉ាងណាមិញ រដ្ឋបាលលោក ត្រាំ ​នៅតែទទូចថា ពន្ធបច្ចុប្បន្ន​របស់ខ្លួន ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតពាណិជ្ជកម្មក្រោម​មាត្រា ៣០១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម