ព័ត៌មានអន្ដរជាតិ
សេដ្ឋវិទូ៖ លទ្ធភាពរំលាយសភាថៃ អាចប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ដែលមិនស្រួលស្រាប់ហើយ
សេដ្ឋវិទូនៅក្នុងប្រទេសថៃបានព្រមានថា ការរំលាយសភាថៃដែលអាចកើតមានក្រោមភាពតានតឹងនយោបាយចុងក្រោយរបស់ប្រទេស អាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ដែលប្រឈមមុខនឹងបញ្ហាជាច្រើនរួចស្រាប់ហើយ ជាពិសេសក្នុងបរិបទពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការព្រមាននេះ ធ្វើឡើងក្រោយសម្ព័ន្ធនយោបាយនៃរដ្ឋាភិបាលចម្រុះថៃបានបែកបាក់គ្នា ដោយគណបក្ស Bhumjaithai របស់ លោក Anutin Charnvirakul ដែលកំពុងដឹកនាំកាន់កាប់ក្រសួងមហាផ្ទៃរបស់ថៃ កាលពីល្ងាចថ្ងៃពុធនេះ បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ ដែលមានលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ជានាយករដ្ឋមន្ត្រី។ ការណ៍នេះកើតឡើងក្រោយមានការបែកធ្លាយសារសំឡេងសន្ទនារវាងលោកស្រី ផែថងថាន និង សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ពាក់ព័ន្ធនឹងភាពតានតឹងព្រំដែនកម្ពុជា-ថៃ ដែលបង្កការរិះគន់យ៉ាងចាស់ដៃលើនាយករដ្ឋមន្រ្តីថៃ រួមទាំងទាមទារឱ្យលោកស្រីរំលាយសភា និងចុះចេញពីតំណែង។
ក្រោយភាពតានតឹងនយោបាយក្នុងស្រុកបែបនេះ សេដ្ឋវិទូជាន់ខ្ពស់នៃមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ចរបស់ធនាគារ Siam Commercial Bank (SCB EIC) លោក Poonyawat Sreesing បាននិយាយថា សេដ្ឋកិច្ចថៃត្រូវបានរងសម្ពាធដោយភាពមិនច្បាស់លាស់ខាងនយោបាយមួយរយៈមកហើយ ប៉ុន្តែមិនអាចទប់ទល់នឹងការធ្លាក់ចុះធ្ងន់ធ្ងរ ពីការរំលាយសភាម្ដងទៀតនោះទេ។
លោកបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា «ខ្ញុំគិតថាយើងត្រូវរង់ចាំមើលរូបភាពកាន់តែច្បាស់អំពីការរុះរើគណៈរដ្ឋមន្ត្រី» ប៉ុន្តែលោកក៏ចង់បានការសម្របសម្រួលគ្នាក្នុងចំណោមអ្នកនយោបាយថៃផងដែរ។ លោកបន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំជឿថាគ្មាននរណាម្នាក់ចង់ឃើញការផ្លាស់ប្តូរដ៏សំខាន់ [នៅក្នុងនយោបាយ] ចំពេលដែលសេដ្ឋកិច្ចមានភាពផុយស្រួយ ហើយគ្មានអ្វីការពារដូចនៅអំឡុងវិបត្តិកូវីដ និងពេលបោះឆ្នោតថ្មីនោះទេ»។
លោកបន្តថា ប្រសិនបើមានការផ្លាស់ប្ដូរគណៈរដ្ឋមន្រ្តី គោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាលគួរតែត្រូវបានរក្សា ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលធ្លាក់ចុះ។
ចំណែកឯប្រធានសេដ្ឋវិទូនៅ SCB EIC លោក Yunyong Thaicharoen បាននិយាយថា ការរុះរើគណៈរដ្ឋមន្ត្រី គួរតែកើតឡើងយ៉ាងឆាប់រហ័ស ដើម្បីកំណត់គ្រោះថ្នាក់ដល់សេដ្ឋកិច្ច ដោយថា «អស្ថិរភាពនយោបាយធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត»។

នាយកគ្រប់គ្រងក្រុមហ៊ុនចែកចាយផលិតផល IT SIS Distribution (Thailand) Plc លោក Somchai Sittichaisrichart បាននិយាយថា អស្ថិរភាពនយោបាយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ចដែលផុយស្រួយរួចទៅហើយរបស់ប្រទេសថៃ រួមទាំងបំណុលគ្រួសារ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងវិស័យទេសចរណ៍ ជាពិសេសពីទីផ្សារចិន។
លោកបានមានប្រសាសន៍ថា កត្តាទាំងនេះអាចបណ្តាលឱ្យមានកំណើនផលិតផលក្នុងស្រុកសរុប GDP ធ្លាក់ដល់សូន្យ ឬល្អបំផុត កើនឡើងត្រឹម ១ ភាគរយនៅឆ្នាំនេះ ខណៈវាធ្វើឱ្យមានការព្រួយបារម្ភអំពីសន្តិសុខជាតិកាន់តែខ្លាំងពីការគំរាមកំហែងខាងក្រៅផ្សេងៗ។
ជុំវិញបញ្ហានេះផងដែរ សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា ខ្លួននឹងគ្មានការភ្ញាក់ផ្អើលទេ ប្រសិនបើរដ្ឋាភិបាលបន្តរុះរើគណៈរដ្ឋមន្ត្រី ប៉ុន្តែបានសង្កត់ធ្ងន់ថា ស្ថិរភាពនយោបាយថៃ គឺចាំបាច់ណាស់ដើម្បីជំរុញសេដ្ឋកិច្ច។
គួរគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃបានប្រឈមមុខនឹងបញ្ហាផ្សេងៗរួចហើយ រួមទាំងបំណុលគ្រួសារខ្ពស់ ការធ្លាក់ចុះផលិតកម្ម និងកម្សោយតម្រូវការ ការធ្លាក់ចុះនៃវិស័យទេសចរណ៍ និងហានិភ័យពន្ធអាមេរិកសម្រាប់ការនាំចេញជាដើម។ កន្លងមក សេដ្ឋវិទូព្រមានថា ការបន្តនៃអស្ថិរភាពនយោបាយរបស់ថៃ អាចរំខានដល់ទំនុកចិត្តរបស់វិនិយោគិន ដែលប៉ះពាល់ដល់ការបោះទុនថ្មីៗសម្រាប់អាជីវកម្ម៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


