ព័ត៌មានអន្ដរជាតិ
ភ្ញៀវបរទេសទៅថៃធ្លាក់ចុះ ខណៈវិស័យទេសចរណ៍ជំរុញឱ្យ អានុទីន ពង្រឹងទំនាក់ទំនងទេសចរណ៍ជាមួយចិន
ចំនួនភ្ញៀវទេសចរបរទេសទៅលេងប្រទេសថៃ បានធ្លាក់ចុះ ៣,០៩% មកនៅត្រឹម ១៦,៧លាននាក់ ក្នុងអំឡុងថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពីក្រសួងទេសចរណ៍ និងកីឡាថៃកាលពីថ្ងៃពុធ ខណៈវិស័យទេសចរណ៍របស់ប្រទេស កំពុងប្រឈមនឹងសម្ពាធពីការធ្លាក់ចុះនៃទីផ្សារទេសចរណ៍សំខាន់ៗ។

ស្របពេលជាមួយគ្នានោះ សមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរ៉ាគុល ប្រើប្រាស់ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិនក្នុងសប្ដាហ៍នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ និងជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំង២។
ការអំពាវនាវនេះធ្វើឡើង ក្រោយសេដ្ឋកិច្ចចិនកើនឡើងយឺតជាងការរំពឹងត្រឹម ៤,៣% កាលពីត្រីមាសទី២ ដែលនោះជាកំណើនយឺតបំផុតក្នុងរយៈពេលជិត ៣ ឆ្នាំ។ ស្ថានភាពនេះ បានធ្វើឱ្យការចំណាយរបស់ប្រជាជនចិននៅតែទន់ខ្សោយ និងអាចប៉ះពាល់ដល់ការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេស។
មន្រ្តី ATTA បានលើកឡើងថា រដ្ឋាភិបាលថៃគួរចរចាជាមួយទីក្រុងនានារបស់ចិន ដើម្បីបង្កើនជើងហោះហើរត្រង់ និងផ្តល់សំបុត្រយន្តហោះក្នុងតម្លៃសមរម្យ។ លោកជឿថា វិធានការទាំងនេះនឹងជួយទាក់ទាញភ្ញៀវទេសចរចិនឱ្យត្រឡប់មកប្រទេសថៃវិញ ខណៈថៃនៅតែជាគោលដៅដែលមានតម្លៃសមរម្យជាងប្រទេសជាច្រើន។

ATTA ក៏បានស្នើឱ្យថៃ និងចិនធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងទេសចរណ៍ទ្វេភាគីឡើងវិញ និងបង្កើតគណៈកម្មាធិការរួម ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពភ្ញៀវទេសចរ កែលម្អស្តង់ដារទេសចរណ៍ និងចែករំលែកទិន្នន័យរវាងប្រទេសទាំង២ ខណៈជំរុញឱ្យពន្លឿនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងអាស៊ាន និងចិន ដើម្បីបង្កើតផ្លូវទេសចរណ៍រួម និងពង្រឹងការតភ្ជាប់ក្នុងតំបន់។
អ្នកជំនាញថៃបានលើកឡើងថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរបរទេស កើតឡើងដោយសារតែកង្វល់សុវត្ថិភាព ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងបញ្ហាភូមិសាស្រ្តនយោបាយ ក៏ដូចជាកំណើននៃការប្រកួតប្រជែងពីប្រទេសផ្សេងៗក្នុងតំបន់ជាដើម។
ដោយឡែក ថ្មីៗនេះ រដ្ឋាភិបាលថៃបានប្រកាសកែសម្រួលគោលនយោបាយលើកលែងទិដ្ឋាការ ដើម្បីទប់ស្កាត់ការប្រើប្រាស់ខុសគោលបំណង។ ក្រោមវិធានការថ្មី ថៃនឹងបញ្ចប់ការលើកលែងទិដ្ឋាការរយៈពេល ៦០ ថ្ងៃសម្រាប់ប្រជាពលរដ្ឋពី ៩៣ ប្រទេស ហើយប្ដូរមកអនុញ្ញាតឱ្យប្រជាពលរដ្ឋពី ៦៥ ប្រទេស និងដែនដី ចូលស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការ បានរយៈពេលមិនលើស ៣០ ថ្ងៃ។ រដ្ឋាភិបាលថៃបញ្ជាក់ថា ការកែប្រែនេះមានគោលបំណងធ្វើឱ្យប្រព័ន្ធទិដ្ឋាការមានតម្លាភាព និងមានស្តង់ដារកាន់តែប្រសើរ ខណៈបន្តគាំទ្រវិស័យទេសចរណ៍ និងការពារសន្តិសុខជាតិ៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


