ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះគំហុកម្សិលមិញ និងថ្ងៃនេះ ដោយសញ្ញាបន្ធូរកម្ដៅនៃជម្លោះអ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះជាគំហុកពេលបញ្ចប់ការជួញដូរម្សិលមិញ និងបន្តធ្លាក់ចុះខ្លាំងទៀតនៅព្រឹកថ្ងៃអង្គារនេះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់ និងអ៊ីស្រាអែលសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលជួញបន្ធូរបន្ថយក្ដីបារម្ភជុំវិញការរំខានផ្នែកផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ា។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៧,២ ភាគរយ ដោយបញ្ចប់ការជួញដូរថ្ងៃចន្ទ នៅត្រឹម ៧១,៤៨ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate វិញ បានធ្លាក់ចុះ ៧,២ ភាគរយដូចគ្នា មកត្រឹម ៦៨,៥១ ដុល្លារ/បារ៉ែល។ តម្លៃប្រេងទាំង២ បានកើនខ្លាំងបំផុតដល់កម្រិតខ្ពស់បំផុតរាប់តាំងពីខែមករា អំឡុងពេលការជួញដូរនៅព្រឹកថ្ងៃចន្ទ លើទីផ្សារអាស៊ី។
តម្លៃប្រេងសំខាន់ៗទាំង២ បានបន្តធ្លាក់ចុះនៅព្រឹកថ្ងៃអង្គារនេះ ទៀត ដោយ Brent ជួញដូរនៅតម្លៃ ៦៩,៥២ ដុល្លារ/បារ៉ែល ធ្លាក់ចុះ ២,៧៤ ភាគរយ ខណៈប្រេង WTI ជួញដូរនៅតម្លៃ ៦៦,៥០ ដុល្លារ/បារ៉ែល ធ្លាក់ចុះ ២,៩៣ ភាគរយ គិតត្រឹមម៉ោង ១០ ព្រឹកនៅទីក្រុងហុងកុង។
ការធ្លាក់ចុះនៅថ្ងៃចន្ទ កើតឡើងក្រោយអ៊ីរ៉ង់វាយប្រហារតាមអាកាសលើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសកាតា ប៉ុន្តែត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងលក្ខណៈបន្ថូរបន្ថយភាពតានតឹង ព្រោះអ៊ីរ៉ង់បានបញ្ជូនដំណឹងតាមបណ្ដាញការទូតទៅសហរដ្ឋអាមេរិកជាមុន ខណៈលោក ត្រាំ ហៅការវាយប្រហារអ៊ីរ៉ង់ ថា «ខ្សោយខ្លាំង»។

ហើយការបន្តធ្លាក់ចុះនៅថ្ងៃអង្គារនេះ ជំរុញដោយការអះអាងរបស់ ត្រាំ ដែលថា អ៊ីរ៉ង់ និងអ៊ីស្រាអែល បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់ទាំងស្រុង»។ យ៉ាងណាមិញ ៤ ទៀបភ្លឺនៅក្រុងតេអេរ៉ង់ (ជាងម៉ោង ៦ ព្រឹកនៅកម្ពុជា) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា «មិនទាន់មានការព្រមព្រៀងបទឈប់បាញ់ណាមួយ សម្រេចបាននៅឡើយទេ»។ ប៉ុន្តែថា អ៊ីរ៉ង់នឹងបញ្ឈប់ការវាយប្រហាររបស់ខ្លួន ប្រសិនបើអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ។ អ៊ីស្រាអែលមិនបានទទួលស្គាល់បទឈប់បាញ់ភ្លាមៗទេ ប៉ុន្តែមកទល់ពេលនេះ (ម៉ោង ៩ ព្រឹកនៅកម្ពុជា) គេមិនឃើញមានការវាយប្រហារថ្មីណាមួយពីអ៊ីស្រាអែលទេ។
ក្នុងបរិបទបែបនេះ អ្នកវិភាគលើកឡើងពីសញ្ញានៃការបន្ធូរបន្ថយនៃភាពតានតឹង ដែលធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ខណៈប៉ុន្មានថ្ងៃចុងក្រោយ តម្លៃប្រេងហក់ឡើង ជាពិសេសក្នុងក្ដីបារម្ភដែលថា ច្រកសមុទ្រ Hormuz ដែលរួមចំណែកដល់ការដឹកជញ្ជូនប្រេង ១/៥ នៃការផ្គត់ផ្កង់សកល អាចត្រូវបានបិទ៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៤ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


