Connect with us

ព័ត៌មានអន្ដរជាតិ

ឧស្សាហកម្មបង្គាឥណ្ឌូណេស៊ីរំពឹង​ផលប៉ះពាល់ខ្លាំង​ពីពន្ធ ត្រាំ ​ដោយការនាំចេញ​អាចធ្លាក់ចុះ ៣០ %

បានផុស

នៅ

ឧស្សាហកម្មបង្គារបស់ឥណ្ឌូណេស៊ី​កំពុងប្រឈមមុខ​នឹង​ផលប៉ះពាល់ខ្លាំងពីពន្ធខ្ពស់របស់សហរដ្ឋ​អាមេរិក​​ដែល​នឹង​ចូលជាធរមាន​នៅសប្ដាហ៍នេះ ​ហើយ​អាច​បង្កឱ្យ​ការនាំចេញ​បង្គាឥណ្ឌូណេស៊ីធ្លាក់ចុះយ៉ាងខ្លាំង និង​គំរាមកំហែងដល់ជីវភាពរស់នៅរបស់កម្មករជិត ១ លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ សហរដ្ឋអាមេរិក ដែលជាទីផ្សារបង្គាធំជាងគេរបស់ឥណ្ឌូណេស៊ីកាលពីឆ្នាំមុន ​រួមចំណែក​ប្រមាណ ៦០ ភាគរយ នៃការនាំចេញបង្គាសរុប​របស់​ឥណ្ឌូណេស៊ី ១,៦៨ ប៊ីលាន​ដុល្លារ។ យ៉ាងណាមិញ ពន្ធនាំចូល ១៩ ភាគរយ របស់អាមេរិក ដែលចូលជាធរមាននៅទី ៧ សីហា នេះ​ កំពុងបង្ហាញពីសញ្ញា​នៃផលប៉ះពាល់ជាបណ្ដើរៗរួច​ហើយ ដោយ​វាជួញបង្អែរបង្អង់ការបញ្ជាទិញ​ពីអតិថិជននៅសហរដ្ឋអាមេរិក​។

រ៉យទ័របាន​ស្រង់សម្ដីកសិករចិញ្ចឹមបង្គាម្នាក់ ឈ្មោះ Denny Leonardo ​​​រស់នៅភាគនិរតីនៃកោះជ្វា ដែល​បាន​និយាយថា លោក​គ្រោងនឹងពង្រីក​កន្លែងចិញ្ចឹមបង្គា​របស់ខ្លួន ១០០ ស្រះទៀត​នៅឆ្នាំនេះ​ ដែល​បច្ចុប្បន្នមាន​ចំនួន ១៥០ ស្រះ។​ ប៉ុន្តែដោយសារតែពន្ធ ត្រាំ លោក​ត្រូវ​ផ្អាក​ផែនការនេះសិន​។ ​

លោក Leonardo បាននិយាយថា៖ «នៅពេល​សហរដ្ឋអាមេរិកដាក់សម្ពាធលើការនាំចេញរបស់ឥណ្ឌូណេស៊ី ​គ្រប់គ្នាកំពុងស្វែងរកឱកាសថ្មីៗដើម្បីធ្វើពិពិធកម្ម ដើម្បីកាត់បន្ថយការពឹងផ្អែក​លើសហរដ្ឋ​អាមេរិក​»។

ជុំវិញ​បញ្ហានេះ អ្នកជំនាញ​ក្នុង​​ឧស្សាហកម្ម​បង្គាឥណ្ឌូណេស៊ី បាន​ព្រមាន​ថា ​ពន្ធ​ថ្មី​អាច​មាន​ផលវិបាក​​ខ្លាំង​​ទូលំទូលាយ។ ប្រធានសមាគមអ្នកចិញ្ចឹមបង្គា​ឥណ្ឌូណេស៊ី លោក Andi Tamsil បានប៉ាន់ប្រមាណថាការនាំចេញបង្គាសរុបរបស់ឥណ្ឌូណេស៊ី អាចធ្លាក់ចុះ ៣០ ភាគរយ​ នៅឆ្នាំ ២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ លោក​ Tamsil បាននិយាយថា៖ «ផលប៉ះពាល់គឺធ្ងន់ធ្ងរ។ ការងារ ១ លាន កន្លែងកំពុងរងហានិភ័យ​»។

ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម​កាលពីចុង​ខែកក្កដា កាត់បន្ថយពន្ធពី ៣២ ភាគរយ មកត្រឹម ១៩ ភាគរយ អតិថិជននៅសហរដ្ឋអាមេរិក​នៅតែស្ទាក់ស្ទើរក្នុងការបញ្ជាទិញ​បង្គាពីឥណ្ឌូណេស៊ី។

​ប្រធានសមាគមអាជីវកម្មអាហារសមុទ្រ​ឥណ្ឌូណេស៊ី លោក Budhi Wibowo បាននិយាយថា អត្រាពន្ធថ្មីនេះនៅតែធ្វើឱ្យប្រទេសឥណ្ឌូណេស៊ី​រង​នូវ​គុណវិបត្តិ បើប្រៀបធៀបទៅនឹងប្រទេសដូចជា អេក្វាឌ័រ (នៅអាមេរិកខាងត្បូង) ​ដែលប្រឈមនឹងពន្ធទាបជាង ១៥ ភាគរយ​ លើការនាំចេញបង្គាទៅសហរដ្ឋ​អាមេរិក​។

លោក Wibowo បាននិយាយថា​ ឥឡូវនេះអាជីវកម្មបង្គាឥណ្ឌូណេស៊ីកំពុងធ្វើពិពិធកម្មទីផ្សារទៅប្រទេសផ្សេងទៀត​ ក្រៅតែពីការនាំចេញទៅអាមេរិក​

​ចិន ដែលជាប្រទេសនាំចូលបង្គាធំជាងគេលើពិភពលោកតាមបរិមាណ បានទិញបង្គាឥណ្ឌូណេស៊ីត្រឹមតែមួយចំណែកតូចប៉ុណ្ណោះ ​ប៉ុន្តែឥឡូវនេះ តំណាងឧស្សាហកម្មបង្គាឥណ្ឌូណេស៊ី កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការលក់នៅទីនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម