Connect with us

សេដ្ឋកិច្ច

ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរ​ជាង ៣៨ ម៉ឺននាក់ក្នុងរយៈពេល ៧ ខែ កន្លងមកនេះ

បានផុស

នៅ

លោក ហម អរុណ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈ​ពេល ៧ ខែ ដើម​ឆ្នាំ​២០២៥​ ខេត្ត​បាត់ដំបង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​សរុប​ជាង ៣៨ ម៉ឺន​នាក់ (៣៨៧,៩០២នាក់) ដែល​បាន​ទៅ​ទស្សនា​​នៅ​តាម​ទីតាំង​ទេសចរណ៍​នានា​ក្នុង​ខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​មក​កាន់ «កម្ពុជា​ថ្មី​» នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៥ នេះ​ លោក ហម អរុណ បាន​ឱ្យ​ដឹង​ថា រយៈ​ពេល ៧ ខែ នៃ​ដើម​ឆ្នាំ​២០២៥ ខេត្ត​បាត់ដំបង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​សរុប​ជាង ៣៨ ម៉ឺន​នាក់ (៣៨៧,៩០២នាក់)។ ក្នុង​នោះ ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង ៣៦ ម៉ឺន​នាក់ (៣៦៨,០២៩ នាក់) កើន​ឡើង​ជាង ២ ម៉ឺន​នាក់ (២៤,៨៣៣ នាក់) បើ​ធៀប​ទៅ​និង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៤។ ដោយ​ឡែក ភ្ញៀវ​អន្តរ​ជាតិ មាន ១៩,៨៧៣ នាក់ មាន​ការ​កើន​ឡើង​ជាង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៤ ដែល​មាន​ចំនួន ១៧,៨៨២ នាក់។

ទន្ទឹម​នេះ លោក ហម អរុណ ក៏​បាន​អះអាង​ដែរ​ថា ខេត្ត​បាត់ដំបង គឺ​ជា​ខេត្ត​គោលដៅ​មួយ​ដែល​មាន​ភាព​សម្បូរ​បែប​នៃ​តំបន់​ដែល​មាន​សក្ដានុពល​ទេសចរណ៍​ ទាំង​ទេសចរណ៍​ធម្មជាតិ កែច្នៃ វប្បធម៌ សិល្បៈ​ កសិ អេកូរ​ទេសចរណ៍ ក៏​ដូច​ជា​ទេសចរណ៍​សាសនា​ចម្រុះ​ដែល​ផ្តល់​នូវ​អារម្មណ៍​កម្សាន្ត​ប្លែក​ៗ​ជា​ច្រើន​ដល់​ភ្ញៀវ​ទេសចរ។

ឆ្នាំ​នេះ លោក​សង្កេត​ឃើញ​ថា ភាគ​ច្រើន​ភ្ញៀវ​ទេសចរ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លេង​នៅ​ស្រុក​បាណន់ ដែល​ក្នុង​នោះ​មាន​គោលដៅ​សំខាន់​ៗ​ដូច​ជា​ ប្រសាទ​បាណន់ ជើង​ភ្នំ​បាណន់​ ជើង​ភ្នំ​សំពៅ ចង្អូរ​ថ្ម ក៏​ដូច​ជា​សួន​ផ្កា​ផ្សេង​ៗ​។ ក្រៅ​ពី​នេះ​ ក៏​នៅ​មាន​ស្រុក​រតនៈមណ្ឌល​ដែល​មាន​គោលដៅ ដូច​ជា ចម្ការ​ទុរេន​អូតង​ ទឹក​ធ្លាក់​ភ្នំ​កំពូល​ ស្ទឹង​ខ្វាក ជា​ដើម។

លោកថា ស្រុក​សំឡូត​ដែល​ជា​បេះ​ដូង​របស់​ទេសចរណ៍​ធម្មជាតិ​របស់​ខេត្ត​បាត់ដំបង​ដែល​មាន​ភាព​ចម្រុះ​ ​ភាព​សម្បូរ​បែប​នៃ​ទីតាំង​ទេសចរណ៍​ដ៏​ទាក់ទាញ ជាក់ស្តែង​ ដូច​ជា​ ទឹក​ធ្លាក់​ចម្ការ​ស្វាយ ទឹក​ធ្លាក់​សំឡូត​ចាស់​ ចម្ការ​ទុរេន ស្ទឹង​ក្រញូង ទឹក​ធ្លាក់​អូជាំ ព្រម​ទាំង​ទេសភាព​តាម​ដង​ផ្លូវ​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​ឱ្យ​ទៅលេង​កម្សាន្ត។ ជា​ពិសេស​ ក្នុង​ឆ្នាំ​នេះ ជា​ពេល​វេលា​នៃ​ការ​ប្រមូល​ផល​ទុរេន​ ហើយ​ការ​ប្រមូល​ផល​ច្រើន​ជាង​ឆ្នាំ​មុន ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​សម្រុក​ទៅ​លេង​កម្សាន្ត​ច្រើន​។

បន្ថែម​ពី​នេះ​ ក៏​នៅ​មាន​តំបន់​ឯកភ្នំ ដែល​មាន​ប្រសាទ​ឯកភ្នំ​ជា​គោល ហើយ​ក៏​មាន​សិប្បកម្ម​ដោយ​ដៃ​របស់​ប្រជាពលរដ្ឋ ការ​ផលិត​សំបក​ណែម ការ​ផលិត​ស្រាសរ តាម​បែប​ប្រពៃណី​ និង​ការ​ធ្វើ​ចេក ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ទៅ​លេង​កម្សាន្ត​៕​

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម