Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះបន្តិច​ជុំវិញភាពស្រពិចស្រពិលតម្រូវការ និងពន្ធលើឥណ្ឌា

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះបន្តិចសម្រាប់ការជួញដូរ​លើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ចំពេលដែល​វិនិយោគិន​នៅបន្តឃ្លាំមើលពីតម្រូវការនៅសហរដ្ឋអាមេរិក​ និងបញ្ហាពាក់ព័ន្ធនឹង​ពន្ធអាមេរិក​លើឥណ្ឌាជុំវិញការទិញប្រេងរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេង​ឆៅនាពេល​អនាគត​ ម៉ាក​ Brent បានធ្លាក់ចុះ ៣១ សេន ឬ ០,៤៦ ភាគរយ មកត្រឹម ៦៧,៧៤ ដុល្លារ/បារ៉ែល ​ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) ​បាន​ធ្លាក់ចុះ ៣៦ សេន ឬ ០,៥៦ ភាគរយ មកត្រឹម ៦៣,៧៩ ដុល្លារ/បារ៉ែល។​

ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះចំនួន ២,៤ លាន​បារ៉ែល កាលពីសប្ដាហ៍មុន ដោយច្រើនជាងការរំពឹងទុក ១,៩ លាន​បារ៉ែល។ ​នេះបង្ហាញពីតម្រូវការខ្លាំងនៅមុន​ទិវាពលកម្មជាតិអាមេរិក នាចុងសប្តាហ៍នេះ។ ទោះជាយ៉ាងណាក៏ដោយ ​អ្នកជំនាញលើកឡើងថា តម្រូវការអាចនឹងធ្លាក់ចុះក្នុងពេលឆាប់ៗនេះ នៅពេល​រដូវដំណើរកម្សាន្ត​ (រដូវក្ដៅ) របស់ពលរដ្ឋអាមេរិកបិទ​បញ្ចប់​ ដែលធ្វើឱ្យ​តម្លៃប្រេងធ្លាក់ចុះទៅតាមនោះដែរ។

យ៉ាងណាមិញ វិនិយោគិន​ក៏រងចាំមើលពីបញ្ហាពាក់ព័ន្ធពន្ធ ៥០ ភាគរយ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើឥណ្ឌា ដែល​ចូលជាធរមាន​កាលពីថ្ងៃពុធផងដែរ។ ការដាក់ពន្ធនេះ ធ្វើឡើងដើម្បីឱ្យ​ឥណ្ឌាឈប់ទិញប្រេងរុស្ស៊ី ដែលបន្តឈ្លានពានអ៊ុយក្រែន។

ខណៈដែល​អ៊ុយក្រែន និងរុស្ស៊ីនៅតែបន្តវាយប្រហារគ្នា ហើយដំណោះស្រាយសន្តិភាពហាក់ស្រពិចស្រពិលនោះ អ្នកជំនាញលើកឡើងថា ឥណ្ឌាអាច​នឹង​នៅតែបន្តទិញប្រេងរុស្ស៊ីក្នុងរយៈពេលខ្លី ខណៈរយៈពេលវែង គេមិនទាន់ដឹងនៅឡើយ។ ប្រសិនបើឥណ្ឌាឈប់ទិញប្រេងរុស្ស៊ីនោះ នោះតម្លៃប្រេងសកលអាច​នឹង​ហក់ឡើងថ្មី។

ក្រៅពីនេះ វិនិយោគិន​ក៏រងចាំមើលការសម្រេចចិត្តកាត់អត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក។ ប្រសិន​បើស្ថាប័ននេះបន្ថយអត្រាការប្រាក់ តម្លៃប្រេងក៏អាច​កើនឡើងផងដែរ​ ជុំវិញសុទិដ្ឋិនិយមនៃសកម្មភាពសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម