Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលលើកទឹកចិត្តគម្រោងវិនិយោគចំនួន ១៧ បន្ថែមទៀត នៅខេត្តព្រះសីហនុ មានទុន ២៨០ លានដុល្លារ

បានផុស

នៅ

គម្រោងវិនិយោគចំនួន ១៧ បន្ថែមទៀត នៅក្នុងខេត្តព្រះសីហនុ ជាមួយទុនវិនិយោគប្រមាណ ២៨០ លានដុល្លារ ទទួលបានគោល​ការណ៍លើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល។

គម្រោងទាំង ១៧ នេះ មានគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ, គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម, គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់សត្វចិញ្ចឹម, គម្រោងអគារពហុមុខងារ និងគម្រោងសណ្ឋាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ជា​ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ បានសម្រេចជាគោលការណ៍ ផ្តល់នូវការលើកទឹកចិត្តពិសេសដល់គម្រោងនានា ដែលបានដាក់ស្នើសុំការលើកទឹកចិត្ត។

លោក ហ៊ាន សាហ៊ីប បានលើកឡើងថា ការងារដំបូងរបស់ក្រុមការងារ គឺការផ្តល់គោលការណ៍លើកទឹកចិត្ត, ទី២ ក្រុមការងារផ្តោតការយកចិត្តទុកដាក់ ធ្វើឱ្យគោលការណ៍នោះ ក្លាយជាការផ្តល់ការលើកទឹកចិត្តជាក់ស្តែង, ហើយទី៣ ក្រុមការងារត្រូវផ្តោតការយកចិត្តលើការជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ឱ្យបានជាអតិបរិមា ដើម្បីផ្ទេរចំណេះដឹង និង ជំនាញ និងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក សំដៅឈានទៅភាពម្ចាស់ការ ដោយកម្ពុជាខ្លួនឯង នូវសមត្ថភាពផលិតក្នុងស្រុក ឱ្យបានជាអតិបរិមា ទាំងបរិមាណ គុណភាព និងប្រភេទទំនិញ។

លើសពីនេះទៀត, ក្រុមការងារបានសម្របសម្រួលស្រង់ស្ថិតិពីតម្រូវការកម្លាំងពលកម្មក្នុងខេត្តព្រះសីហនុ ដែលមានចំនួន ៦៤៥ នាក់ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្វែងរកការងារជូនពលករចំណាកស្រុក, ខណៈដែលរដ្ឋបាលខេត្តបានជួយស្វែងរកការងារជូនពលករចំណាកស្រុកពីប្រទេសជិតខាង បានចំនួន ៥៣៩ នាក់។

អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីដល់គម្រោងចំនួន ១៧ គម្រោង រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ១០ និងគម្រោងថ្មី ចំនួន ៥ និងគម្រោងមានស្រាប់ចំនួន ២ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៨០ លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២ ១៩៥ កន្លែង។

ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ កញ្ញា ឆ្នាំ ២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៩២ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ៨០១ លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារ ៥០ ៦៧០ កន្លែង។

គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៨៦ គម្រោង, គម្រោង​វិនិយោគថ្មី ១៦៦ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និងគម្រោងវិនិយោគមានស្រាប់ ១៥ គម្រោង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម