Connect with us

កូវីដ-១៩

ក្រសួងណែនាំឱ្យអភិបាលរាជធានី-ខេត្តពង្រឹងវិធានការធ្វើចត្តាឡីស័ក និងធ្វើតេស្តអ្នកសង្ស័យមកពីខេត្ត ឬប្រទេសហានិភ័យ

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានធ្វើការណែនាំដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេសត្រូវពង្រឹងវិធានការធ្វើចត្តាឡីស័កនិងធ្វើតេស្តកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ទៅលើអ្នកសង្ស័យមកពីខេត្ត និងប្រទេសមានហានិភ័យខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍នៅក្នុងសេចក្តីជូនដំណឹងចុះនៅថ្ងៃទី២៦ ខែឧសភានេះថា ការពង្រឹងវិធានការធ្វើចត្តាឡីស័កនិងធ្វើតេស្តកូវីដ-១៩ បន្ទាប់ពីមានការកើនឡើងករណីវិជ្ជមានជំងឺកូវីដ‑១៩ ជារៀងរាល់ថ្ងៃ នៅបណ្តាប្រទេសជិតខាង ជាពិសេសពលករចំណាកស្រុកដែលត្រឡប់ចូលមកវិញក៏មានការរកឃើញករណីវិជ្ជមានច្រើន។

លោករដ្ឋមន្រ្តី បានណែនាំឱ្យអភិបាលរាជធានី-ខេត្តត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ជាងនេះទៀតត្រូវពង្រីកការធ្វើតេស្តរកកូវីដ-១៩ ទៅលើអ្នកសង្ស័យ និងពលករមកពីខេត្តមានហានិភ័យខ្ពស់នៃប្រទេសជិតខាង ជាពិសេសប្រទេសថៃ។

លោកបានជំរុញឱ្យអភិបាលរាជធានីខេត្តត្រូវពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារការចម្លងជំងឺកូវីដ-១៩ ៣ការពារដូចជា ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និង៣កុំដូចជាកុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងលើកទឹកចិត្តប្រជាជនឱ្យចូលរួមអនុវត្តឱ្យបានទាំងអស់ស្របតាមរបត់នៃ “ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ‑១៩”៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម