Connect with us

ជីវិតកម្សាន្ដ

ហ៊ាទី ពញ្ញាក់ស្មារតីសាធារណជនខ្មែរ កុំអាលបំភ្លេចរឿងជាតិ ខណៈកងទ័ពកម្ពុជា ១៨រូប នៅទឹកដីគេនៅឡើយ

បានផុស

នៅ

បន្ទាប់ពីមួយរយៈនេះ ហាក់ផ្ទុះរឿងរ៉ាវជាច្រើនលើបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា អ្នកផលិតមាតិកាបែបកំប្លុកកំប្លែក ហ៊ាទី បានចេញសារពញាក់ស្មារតីសារធារណជនខ្មែរកុំអាលភ្លេចរឿងប្រទេសជាតិ ពិសេសវីរកងទ័ពទាំង ១៨រូប ដែលថៃចាប់យកទៅដោយខុសច្បាប់ មិនទាន់ដោះលែងនៅឡើយ។

ហ៊ាទី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារពីទំព័រហ្វេសប៊ុកផ្លូវនៅថ្ងៃទី ០៨ ខែតុលានេះ ហ៊ាទី បានដាស់តឿនមហាជនដូច្នេះថា “កុំបំភ្លេចរឿងជាតិយើងអីណា ប្រទេសជាតិយើងកម្សត់ណាស់ បងបងទាំង ១៨នាក់ នៅទឹកដីគេនៅឡើយទេ”។

ទន្ទឹមនឹងសារពញ្ញាក់ស្មារតីរបស់អ្នកផលិតមាតិការូបនេះ សាធារណជនមួយចំនួន បានចេញមកស្នើចិត្តជនរួមជាតិដទៃទៀត បន្តផុសផុលឈឺឆ្អាលនឹងរឿងជាតិកុំឱ្យបានតែមួយឆាវ មិនថាការចូលរួមពហិកាផលិតផលសៀម ឬចូលរួមសកម្មភាពនានាដើម្បីទ្រទ្រង់កងទ័ព និងពលរដ្ឋភៀសសឹកកម្ពុជានោះឡើយ។

ម្នាក់ក្នុងចំណោមនោះដែលអះអាងថាជាអ្នករស់នៅជិតព្រំដែន បានរៀបរាប់ឱ្យដឹងពីទុក្ខលំបាកមួយរបស់អ្នករស់នៅជិតព្រំដែនកម្ពុជា-ថៃផងដែរថា មិនដែលបានសម្រាកពេញភ្នែក និងស្រណុកក្នុងចិត្តនោះឡើយ ព្រោះនៅតែបារម្ភ។

ដោយឡែក ក៏មតិផ្សេងទៀត ស្នើឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តរួមគ្នាពហិការទំនិញផ្ទះលេខ២ ដោយចងចាំទុកនូវមនសិការធំ ៥ចំណុច គឺមុនហូប ត្រូវគិត, មុនផឹកកាហ្វេ ត្រូវគិត, មុនចាក់សាំង ត្រូវគិត និងមុនទិញទំនិញ ត្រូវគិត ពោលគិតសារឡើងវិញ គិតហើយគិតទៀត និងត្រូវរំលឹកខ្លួនឯងរាល់ថ្ងៃថា វីរកងទ័ពកម្ពុជា ១៨រូប នៅទឹកដីគេនៅឡើយ ខណៈ ២រូបដែលត្រឡប់មកវិញ សុខភាពក៏មិនល្អ។ ឯសំណង់ប្រាសាទដ៏ល្អវិចិត្ររបស់ជាតិកម្ពុជា ក៏រងការបំផ្លិចបំផ្លាញ ខណៈពលរដ្ឋខ្មែររងទុក្ខច្រើនណាស់។

គួររំលឹកថា ក្រោយពីយោធាថៃបើកការវាយប្រហារឈ្លានពានកម្ពុជា តាំងកាលពីខែកក្កដាកន្លងទៅ មហាជនខ្មែរទាំងក្នុងនិងក្រៅស្រុក ជាពិសេសអ្នកសិល្បៈ និងអ្នកមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយ បានស្រាក់ដៃគ្នាយ៉ាងសកម្មក្នុងការនាំសារនៃការពិតទៅប្រាប់អន្តរជាតិ ក៏ដូចជាផុសផុលក្នុងការឧបត្តម្ភទ្រទ្រង់កងទ័ព និងពលរដ្ឋភៀសសឹកផងដែរ។

ក្នុងចំណោមនោះ ហ៊ាទី អ្នកដ៏មានប្រជាប្រិយក្នុងចង្កោមសិល្បៈ ក៏បានចេញមុខរួមចំណែកនឹងរាជរដ្ឋាភិបាលក្នុងការឈឺឆ្អាលនឹងរឿងប្រទេសជាតិ តាមរយៈសកម្មភាពមនុស្សធម៌ផងដែរ៕ អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម