Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ហ្សេលេនស្គី សង្ឃឹមថាកិច្ចប្រជុំជាមួយត្រាំ​សប្ដាហ៍​នេះ នឹងជួយឲ្យ​សង្គ្រាមកាន់​តែ​ជិត​បញ្ចប់

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា លោកសង្ឃឹមថាកិច្ចប្រជុំនាពេលខាងមុខរបស់គាត់ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួយជំរុញអ៊ុយក្រែន​ឲ្យ​កាន់តែខិតជិតក្នុងការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។

លោក ហ្សេលេនស្គី​ និង​លោក ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសុន្ទរកថានៅពេលល្ងាចកាលពីថ្ងៃពុធ​ទី​១៥​ខែ​តុលា ពីរថ្ងៃមុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក ហ្សេលេនស្គី បាន​លើក​ឡើង​ថា សហរដ្ឋអាមេរិក «មានអំណាចដើម្បីគ្រប់គ្រងឥទ្ធិពលសកលលោក» ហើយថា របៀបវារៈនៃកិច្ចពិភាក្សាលើក​នេះ​នឹងមាន«សារៈសំខាន់​ណាស់»។

លោក ហ្សេលេនស្គី បានរៀបរាប់​ថា «ភាគីអ៊ុយក្រែនបានធ្វើកិច្ចការផ្ទះរបស់ខ្លួនមុនកិច្ចប្រជុំ ទាំងផ្នែកយោធា និងផ្នែកសេដ្ឋកិច្ច»។

លោកបានបន្ថែមថា គណៈប្រតិភូអ៊ុយក្រែន មាន​ដូចជា​នាយករដ្ឋមន្ត្រី​លោកស្រី Yulia Svyrydenko និងប្រធានបុគ្គលិក​លោក Andriy Yermak បានទៅដល់ទីក្រុងវ៉ាស៊ីនតោនរួចហើយ ដើម្បីរៀបចំសម្រាប់កិច្ចពិភាក្សា។ កិច្ចប្រជុំក៏ត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុនការពារជាតិ និងថាមពលរបស់សហរដ្ឋអាមេរិកផងដែរ។

លោក ហ្សេលេនស្គី បានកត់សម្គាល់ថា អាទិភាពរបស់អ៊ុយក្រែនគឺការធានាប្រព័ន្ធសព្វាវុធទំនើបៗ ដើម្បីពង្រឹងសន្តិសុខរយៈពេលវែង។ លោកបានបញ្ជាក់​ថា «ឧបករណ៍ដូចជា Patriots និង Tomahawk អាចជួយចាក់គ្រឹះយូរអង្វែងសម្រាប់សន្តិភាព» ដោយសំដៅទៅលើប្រព័ន្ធមីស៊ីលដែលមានសមត្ថភាពស្ទាក់ចាប់ និងរារាំងការវាយប្រហាររបស់រុស្ស៊ី។

ប្រធានបទសំខាន់មួយដែលត្រូវបានរំពឹងទុកនៅក្នុងកិច្ចពិភាក្សានា​ថ្ងៃសុក្រសប្ដាហ៍​នេះ គឺសំណើរបស់ទីក្រុងកៀវ សម្រាប់មីស៊ីល​ Tomahawk ដែលផលិតដោយសហរដ្ឋអាមេរិក ដែលអាចវាយប្រហារគោលដៅបានចម្ងាយរហូតដល់ ២ ៥០០​គីឡូម៉ែត្រ។

អ៊ុយក្រែន​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ពេញ​ទំហឹង​​របស់​រុស្ស៊ី​អស់​រយៈ​ពេល​ជាង​បី​ឆ្នាំ​កន្លះ ដោយ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ជំនួយ​យោធា និង​ហិរញ្ញវត្ថុ​របស់​លោកខាងលិច។

លោក ត្រាំ ដែលថ្មីៗនេះត្រូវបានគេសរសើរនៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ការជួយធានាបទឈប់បាញ់នៅតំបន់​ហ្គាហ្សា ត្រូវបានគេរំពឹងថានឹងពិភាក្សាទាំងជំនួយយោធា និងផែនការកសាងឡើងវិញក្រោយសង្គ្រាមជាមួយ​លោក ហ្សេលេនស្គី ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម