Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ​ថា អ៊ុយក្រែន​ត្រូវ​តែ​ប្រគល់​ទឹកដី​ដូរ​យក​សន្តិភាព

បានផុស

នៅ

ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាន​ប្រកាស​ថា កិច្ចព្រមព្រៀង​សន្តិភាព​ណាមួយ​ជាមួយ​អ៊ុយក្រែន​ត្រូវតែ​រាប់បញ្ចូល​ការ​​ប្រគល់​​ទឹកដី​ដែល​ក្រុង​មូស្គូ​ទាមទារ​ ហើយ​​​បញ្ជាក់​ថា សេចក្តីព្រាង​សំណើ​ពី​ទីក្រុង​វ៉ាស៊ីនតោន​អាច​ជា«មូលដ្ឋាន»សម្រាប់​ការ​ចរចា​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)

យោង​តាម​ Independent អំឡុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ លោកពូទីន បាន​និយាយ​ម្តងទៀត​ថា កងកម្លាំង​អ៊ុយក្រែន​ត្រូវតែ​ដកខ្លួន​ចេញពី​តំបន់​ដែល​រុស្ស៊ី​ស្វែងរក​ការ​កាត់​បញ្ចូល​ជា​ឧបសម្ព័ន្ធ ដោយ​ព្រមាន​ថា ក្រុង​មូស្គូ​នឹង«សម្រេច​វា​ដោយ​​ប្រើ​កម្លាំង» បើ​ពួកគេ​បដិសេធ។ ការ​អត្ថាធិប្បាយ​របស់​លោក​ បាន​កើតឡើង​បន្ទាប់ពី​កិច្ច​ចរចា​ការទូត​ត្រូវ​បាន​បង្កើន​ក្នុង​​រយៈពេល​មួយ​សប្តាហ៍​កន្លង​មក​​​នេះ ដែល​មាន​ការ​ចូលរួម​ពី​​​​មន្ត្រី​រុស្ស៊ី អ៊ុយក្រែន និង​អាមេរិក។

ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​​​បញ្ជាក់​​ថា ក្រុម​អ្នកចរចា​អ៊ុយក្រែន និង​អាមេរិក​នឹង​ជួបគ្នា​ម្តងទៀត​នៅ​សប្តាហ៍​នេះ​ ដើម្បី​ពិភាក្សា​អំពី​ការ​ធានា​សន្តិសុខ ដែល​ជា​ចំណុច​គន្លឹះ​ក្នុង​ការ​ចរចា។ បេសកជន​អាមេរិក លោក Steve Witkoff ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទៅ​ដល់​ក្រុង​មូស្គូ​នៅ​សប្តាហ៍​ក្រោយដែរ ​សម្រាប់​ការ​ពិភាក្សា​អំពី​តំបន់គ្រីមៀរ និង​តំបន់​ដុនបាស។

អ៊ុយក្រែន​បាន​និយាយ​ម្តងទៀត​ថា ខ្លួន​នឹង​មិន​បោះបង់ចោល​ទឹកដី​ណាមួយ​ឡើយ។ លោក Andriy Yermak ដែល​ជា​អ្នកចរចា​កំពូល​របស់​ទីក្រុង​កៀវ បាន​ប្រាប់​កាសែត The Atlantic ថា «គ្មាន​នរណា​ម្នាក់​គួរ​ដាក់​សម្ពាធ​យើង​​ឲ្យ​​លះបង់​ទឹកដី​ឡើយ» ដោយ​សង្កត់ធ្ងន់​ថា «គ្មាន​មនុស្ស​ដែល​ចេះ​គិត​ឯណា​» ព្រម​​​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បែប​នេះទេ។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និង​លោក​ ដូណាល់ ត្រាំ (រូបថត៖ Reuters)

ក្រុង​មូស្គូ​បាន​ផ្តល់​សញ្ញា​នៃ​ការ​យល់ព្រម​​ចំពោះ​សេចក្តីព្រាង​២៨ចំណុច​របស់​សហរដ្ឋអាមេរិក ដែល​នឹង​ទទួលស្គាល់​តំបន់​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​ថា​ជា​ការ​គ្រប់គ្រង​ជាក់ស្តែង​របស់​ក្រុង​មូស្គូ ទោះបីជា​មិន​ស្របច្បាប់​ក៏ដោយ។ លោកពូទីន បាន​​លើក​ឡើង​​ថា បញ្ហា​មួយ​ចំនួន​ទាមទារ​​ឲ្យ​​មាន​ការ​កែប្រែ ហើយ​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវតែ​ទទួលស្គាល់​ដោយ​អន្តរជាតិ។

វិមាន​ក្រឹមឡាំង​ក៏បាន​ច្រានចោល​ការ​ព្រមាន​របស់​លោក​ខាងលិច​ដែល​ថា រុស្ស៊ី​អាច​នឹង​វាយប្រហារ​អឺរ៉ុប​ ហើយ​ចាត់​ទុក​រឿង​នេះ​ថា «គួរ​​ឲ្យ​​អស់​សំណើច» និង​បាន​ចោទប្រកាន់​អ្នក​រិះគន់​ថា​កំពុង​ព្យាយាម​បំផ្លាញ​ការ​ចរចា។

ដៃគូ​អឺរ៉ុប​បាន​បន្ត​រៀបចំ​កម្លាំង​ធានា​សម្រាប់​អ៊ុយក្រែន​នៅពេល​ដែល​បទ​ឈប់​បាញ់​ត្រូវ​បាន​សម្រេច។ តួកគី​បាន​​ប្រកាស​​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ខ្លួន​ត្រៀមរួច​ជាស្រេច​ដើម្បី​ចូលរួម បន្ទាប់ពី​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​និយាយ​ថា កម្លាំង​ធានា​សន្តិសុខ​ឲ្យ​អ៊ុយក្រែន​អាច​រួមបញ្ចូល​កងទ័ព​​មក​ពី​បារាំង អង់គ្លេស និង​តួកគី៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម