ព័ត៌មានអន្ដរជាតិ
អាមេរិកបើកការវាយប្រហារម្ដងទៀតលើទូកសង្ស័យជួញដូរគ្រឿងញៀន សម្លាប់មនុស្ស៤នាក់
កងទ័ពអាមេរិកបានធ្វើការវាយប្រហារថ្មីមួយទៀតទៅលើទូកសង្ស័យជួញដូរគ្រឿងញៀនមួយគ្រឿង នៅក្នុងដែនទឹកអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែធ្នូឆ្នាំ២០២៥ ដោយបានសម្លាប់មនុស្ស៤នាក់។

បញ្ជាការដ្ឋានភាគខាងត្បូងអាមេរិក បានលើកឡើងនៅលើបណ្តាញសង្គមថា «កាលពីថ្ងៃទី៤ធ្នូ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ក្រុមការងាររួម Southern Spear បានធ្វើការវាយប្រហារយ៉ាងគ្រោះថ្នាក់ទៅលើទូកដែលកំពុងដំណើរការដោយអង្គការភេរវករដែលត្រូវបានកំណត់ នៅក្នុងដែនទឹកអន្តរជាតិ»។
បញ្ជាការដ្ឋានបានលើកឡើងថា ព័ត៌មានសម្ងាត់បានបង្ហាញថា ទូកនេះកំពុងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់តាមបណ្តោយច្រករបៀងជួញដូរនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងកើត។ បុរសទាំង៤នាក់នៅលើទូក ដែលត្រូវបានពិពណ៌នាថាជា«អ្នកភេរវករគ្រឿងញៀន» ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។
ប្រតិបត្តិការនេះបាននាំឲ្យចំនួនអ្នកស្លាប់សរុបពីការវាយប្រហារតាមសមុទ្ររបស់អាមេរិកកើនឡើងដល់ ៨៦នាក់។

យោងតាមមន្ត្រីអាមេរិក ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់ពង្រាយទាហានប្រហែល១៥០០០នាក់ និងនាវាចម្បាំងច្រើនជាង១២គ្រឿង ទៅកាន់តំបន់ការ៉ាប៊ីនក្បែរប្រទេសវ៉េណេស៊ុយអេឡា ក្រោម«ប្រតិបត្តិការ Southern Spear» ក្នុងគោលបំណងកម្ចាត់ក្រុមជួញដូរគ្រឿងញៀន។ ប្រទេសវ៉េណេស៊ុយអេឡាបានច្រានចោលការចោទប្រកាន់ការជួញដូរគ្រឿងញៀនថាជារឿងនយោបាយ ដោយលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ អះអាងថា ឥរិយាបថយោធានេះត្រូវបានរៀបចំឡើងដើម្បីបង្កអស្ថិរភាព និងចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក។
កាលពីដើមខែសីហាកន្លងទៅ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថាផ្តល់រង្វាន់ទ្វេដងឡើងដល់៥០លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោសលោកម៉ាឌូរ៉ូ ដែលត្រូវចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅអាមេរិក។ អាមេរិកចោទប្រកាន់លោកម៉ាឌូរ៉ូ ថាកំពុងប្រើប្រាស់ប្រាក់ចំណេញពីគ្រឿងញៀនដើម្បីរក្សាអំណាចខ្លួន។ លោកម៉ាឌូរ៉ូ ត្រូវបានចោទប្រកាន់ជាលើកដំបូងនៅក្នុងឆ្នាំ២០២០ ដោយរដ្ឋអាជ្ញាអាមេរិក ដែលថា លោកបានដើរតួនាទីសំខាន់ក្នុងការសមគំនិតរត់ពន្ធកូកាអ៊ីនដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងទឹកដីអាមេរិក។
ក្រៅតែពីលោកម៉ាឌូរ៉ូ មន្ត្រីធំៗមួយចំនួនរបស់វ៉េណេស៊ុយអេឡា ក៏ត្រូវអាមេរិកប្រកាសចាប់ខ្លួនផងដែរ ដូចជា រដ្ឋមន្ត្រីការពារជាតិលោក Vladimir Padrino និងអតីតអនុប្រធានាធិបតី Tareck El Aissami ជាដើម៕
ប្រែសម្រួល៖ ឈាង
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


