ព័ត៌មានអន្ដរជាតិ
NYT៖ លោកម៉ាឌូរ៉ូ ដូរកន្លែងដេករាល់យប់ ដោយសារភ័យខ្លាចការវាយប្រហាររបស់អាមេរិក
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កំពុងដេកនៅកន្លែងផ្សេងគ្នារៀងរាល់យប់ និងប្តូរទូរសព្ទចល័តជាញឹកញាប់ ក្នុងអំឡុងពេលការភ័យខ្លាចកើនឡើងអំពីប្រតិបត្តិការយោធាសហរដ្ឋអាមេរិកដែលអាចកើតមាន ដើម្បីដកលោកចេញពីអំណាច។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times ដោយដកស្រង់ប្រភពជិតស្និទ្ធនឹងរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូ។

របាយការណ៍ដែលត្រូវយកចុះផ្សាយបន្តដោយ Independent នាថ្ងៃទី៤ខែធ្នូឆ្នាំ២០២៥ បានបង្ហើបថា មេដឹកនាំវ៉េណេស៊ុយអេឡា វ័យ៦៣ឆ្នាំ បានពង្រីកក្រុមសន្តិសុខរបស់លោក និងបង្កើនចំនួនមន្ត្រីប្រឆាំងការស៊ើបការណ៍សម្ងាត់បរទេសបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធ។ ការប្រុងប្រយ័ត្ននេះកើតឡើងបន្ទាប់ពីមន្ត្រីក្នុងទីក្រុងការ៉ាកាសបានមើលឃើញថាជាការប្រមូលផ្តុំកម្លាំងកងទ័ពជើងទឹកអាមេរិកដ៏សំខាន់នៅឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា។
ភាពតានតឹងសម្រាប់លោកម៉ាឌូរ៉ូ កាន់តែខ្លាំងឡើងៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់មេដឹកនាំវ៉េណេស៊ុយអេឡាម្តងហើយម្តងទៀតថាបានបើកផ្លូវឲ្យមានការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ហើយលោកបានព្រមានថា ក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនប្រើកម្លាំងផ្លូវគោកប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅវ៉េណេស៊ុយអេឡាក្នុងពេលឆាប់ៗខាងមុខ បន្ថែមពីប្រតិបត្តិការនៅលើសមុទ្រ។
លោកត្រាំ បាននិយាយថា «នរណាក៏ដោយដែលធ្វើរឿងនោះ ហើយលក់វាចូលក្នុងប្រទេសរបស់យើង គឺស្ថិតក្រោមការវាយប្រហារ» ដោយបន្ថែមថា កងកម្លាំងអាមេរិក«ដឹងពីគ្រប់ផ្លូវដែលពួកគេធ្វើដំណើរទាំងអស់»។
យោងតាមមន្ត្រីអាមេរិក ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយទាហានប្រហែល១៥០០០នាក់ និងនាវាចម្បាំងច្រើនជាង១២គ្រឿង ទៅកាន់តំបន់ការ៉ាប៊ីន ក្រោម«ប្រតិបត្តិការ Southern Spear»។ ទីក្រុងការ៉ាកាសបានច្រានចោលការចោទប្រកាន់ការជួញដូរគ្រឿងញៀនថាជារឿងនយោបាយ ដោយលោកម៉ាឌូរ៉ូ អះអាងថា ឥរិយាបថយោធានេះត្រូវបានរៀបចំឡើងដើម្បីបង្កអស្ថិរភាព និងចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក។
លោកម៉ាឌូរ៉ូ ពុំបានបង្ហាញខ្លួនជាសាធារណៈក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះទេ ដោយជំរុញឲ្យមានពាក្យចចាមអារ៉ាមកាលពីសប្តាហ៍មុនថា លោកបានភៀសខ្លួនចេញពីប្រទេសហើយ។ យ៉ាងណាមិញ លោកបានលេចមុខមកវិញ ហើយប្រកាសអំពីកិច្ចចរចាជាមួយក្រុមរបស់លោកត្រាំ។ ប៉ុន្តែមន្ត្រីវ៉េណេស៊ុយអេឡាបាននិយាយថា ការពិភាក្សាទាំងនោះមិនទាន់បានកាត់បន្ថយភាពតានតឹងនៅឡើយទេ៕

ប្រែសម្រួល៖ ឈាង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


