Connect with us

ព័ត៌មានអន្ដរជាតិ

ចំណុចពិសេសចំនួន៥ ក្នុងប្រតិបត្តិការដ៏គ្រោះថ្នាក់ ជួយសង្គ្រោះអ្នកចម្បាំងអាកាសអាមេរិក នៅអ៊ីរ៉ង់

បានផុស

នៅ

បេសកកម្មដ៏គ្រោះថ្នាក់ជួយសង្គ្រោះអ្នកចម្បាំងអាកាសអាមេរិកលើទឹកដីអ៊ីរ៉ង់ បានធ្វើឲ្យល្បីកក្រើកពេញពិភពលោក ព្រោះតែប្រតិបត្តិការដ៏កំពូលពោរពេញដោយភាពអស្ចារ្យរបស់កងទ័ពអាមេរិក។

(រូប៖ Reuters)

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហៅបេសកកម្មនោះ ថាជា បេសកកម្មដ៏ «អង់អាច» ដើម្បីជួយសង្គ្រោះអ្នកចម្បាំងអាកាស ដែលលោតរំដោះខ្លួនចេញពីយន្តហោះចម្បាំង F-15E ក្រោយត្រូវអ៊ីរ៉ង់បាញ់ទម្លាក់។

ដូចនេះ តើមានចំណុចពិសេសអ្វីខ្លះក្នុងប្រតិបត្តិការជួយសង្គ្រោះនោះ?

១. ទំហំនៃកម្លាំងអាកាសដ៏មហិមា

លោក ត្រាំ ទម្លាយថា បេសកកម្មនេះមិនមែនប្រើត្រឹមតែឧទ្ធម្ភាគចក្រប៉ុន្មានគ្រឿងនោះទេ ប៉ុន្តែបានប្រើប្រាស់យន្តហោះសរុបដល់ទៅ ១៥៥ គ្រឿង ដើម្បីការពារ និងជួយសង្គ្រោះអាកាសយានិកទីពីរ ដែលជាប់ក្នុងទឹកដីអ៊ីរ៉ង់។

ក្នុងនោះមានដូចជា យន្តហោះទម្លាក់គ្រាប់បែក៤គ្រឿង, យន្តហោះចម្បាំង៦៤គ្រឿង, យន្តហោះចាក់សាំងលើអាកាស៤៨គ្រឿង, យន្តហោះជួយសង្គ្រោះនិងយន្តហោះផ្សេងៗ៣៩គ្រឿង។

២. ល្បិចបន្លំភ្នែកនិងតួនាទីរបស់ CIA

តាមការផ្សាយរបស់ BBC កាលពីថ្ងៃអង្គារទី៧ខែមេសាឆ្នាំ២០២៦ ដើម្បីការពារកុំឲ្យកងទ័ពអ៊ីរ៉ង់រាប់ពាន់នាក់រកឃើញអាកាសយានិក អាមេរិកបានប្រើល្បិចបន្លំជាច្រើនដូចជា យុទ្ធនាការផ្តល់ព័ត៌មានក្លែងក្លាយ ដែលឲ្យ CIA បញ្ចេញព័ត៌មានមិនពិតថា អាកាសយានិកត្រូវបានជួយសង្គ្រោះរួចហើយ ដើម្បីឲ្យអ៊ីរ៉ង់បន្ថយការរុករក។

មួយទៀតគឺការហោះហើរបន្លំទីតាំង! យន្តហោះអាមេរិកបានហោះក្រឡឹងនៅតំបន់ផ្សេងៗគ្នាដល់ទៅ ៧ កន្លែង ដើម្បីធ្វើឲ្យអ៊ីរ៉ង់យល់ច្រឡំពីទីតាំងពិតប្រាកដរបស់អ្នកចម្បាំងអាកាស។

៣. ការប្រើប្រាស់បច្ចេកវិទ្យាសម្ងាត់ និងការរស់រាន

អាកាសយានិកបានប្រើប្រាស់ឧបករណ៍ម្យ៉ាងឈ្មោះថា Beeper ដែលមានបច្ចេកវិទ្យាខ្ពស់ ដើម្បីផ្ញើសញ្ញាទីតាំងរបស់ខ្លួនមកកាន់ទីបញ្ជាការ។ ទន្ទឹមនោះ CIA បានប្រើប្រាស់កាមេរ៉ាពីចម្ងាយ (ទំនងជាតាមរយៈដ្រូន ឬផ្កាយរណប) ដើម្បីកំណត់អត្តសញ្ញាណអាកាសយានិកក្នុងតំបន់ភ្នំ Zagros ដ៏ស្មុគស្មាញ។

៤. មូលដ្ឋានទ័ពបណ្តោះអាសន្ននិងការបំផ្លាញព័ស្តុតាង

អាមេរិក បានប្រើប្រាស់ផ្លូវរត់យន្តហោះកសិកម្មដែលគេបោះបង់ចោលមួយកន្លែងនៅជិតក្រុង Shahreza ក្នុងខេត្ត Isfahan ជាមូលដ្ឋានបណ្តោះអាសន្ន។

ដោយសារមានយន្តហោះដឹកជញ្ជូន ២ គ្រឿងបានជាប់ផុងខ្សាច់ក្នុងទឹកដីអ៊ីរ៉ង់ លោក ត្រាំ បានបញ្ជាឲ្យកងទ័ពបំផ្ទុះវាឲ្យខ្ទេច ដើម្បីកុំឲ្យអ៊ីរ៉ង់លួចយកឧបករណ៍ និងបច្ចេកវិទ្យាសម្ងាត់នៅលើយន្តហោះនោះបាន។

៥. ការប្រយុទ្ធគ្នាដ៏សាហាវ

អាកាសយានិក បានលាក់ខ្លួនក្នុងចន្លោះភ្នំអស់រយៈពេលជិត ៤៨ ម៉ោង និងបានព្យាបាលរបួសដោយខ្លួនឯង។ ក្នុងអំឡុងពេលជួយសង្គ្រោះ មានការបាញ់តតាំងគ្នាពីចម្ងាយយ៉ាងខ្លាំងក្លា ហើយយន្តហោះអាមេរិកខ្លះត្រូវបានបាញ់ដោយកាំភ្លើងពីដី ប៉ុន្តែមិនមានទាហានអាមេរិកណាម្នាក់បាត់បង់ជីវិតក្នុងប្រតិបត្តិការនោះឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម