Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រាប់​ថា ទោះ​កិច្ចចរចាបរាជ័យ តែ​វា​ជា​មូលដ្ឋាន​គ្រឹះថ្មីសម្រាប់​ការទូត​សន្តិភាព

បានផុស

នៅ

ថ្វីដ្បិត​កិច្ចចរចាដ៏ស្វិតស្វាញរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដកាលពីចុងសប្តាហ៍កន្លងទៅនេះ មិនទាន់អាចឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយក៏ដោយ ក៏ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសប៉ាគីស្ថាន លោក Reza Amiri Moghadam បានផ្តល់ទស្សនៈវិជ្ជមានយ៉ាងខ្លាំង។ នេះ​បើយោង​តាម​ការ​ចុះផ្សាយ​​របស់​ទីភ្នាក់ងារ​ព័ត៌មាន Anadolu នា​ថ្ងៃទី​១៣​ខែ​មេសា​ឆ្នាំ​២០២៦។

លោក Reza Amiri Moghadam (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Moghadam បានបញ្ជាក់យ៉ាងច្បាស់ថា ជំនួបនេះមិនមែនជាព្រឹត្តិការណ៍ឯកត្តោភាគីនោះទេ ប៉ុន្តែវាគឺជាការចាប់ផ្តើមនៃដំណើរការការទូត​ដ៏សំខាន់មួយ ដែលនឹងផ្លាស់ប្តូរទិសដៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Moghadam បានសង្កត់ធ្ងន់ថា ជំនួបនេះបានជួយកសាងគ្រឹះដ៏ចាំបាច់មួយសម្រាប់កិច្ចសន្ទនាទៅថ្ងៃអនាគត។ តាមរយៈការឆ្លុះបញ្ចាំងពីលទ្ធផលនៃការជួបជុំនេះ លោកជឿជាក់យ៉ាងមុតមាំថា ប្រសិនបើភាគីទាំងពីរអាចខិតខំពង្រឹងទំនុកចិត្តទៅវិញទៅមក និងមានឆន្ទៈនយោបាយដ៏មុតស្រួច ដំណើរការនេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់។ ក្របខ័ណ្ឌដែលកំពុងកសាងនេះ មិនត្រឹមតែជាដំណោះស្រាយបណ្តោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយទៅជាក្របខ័ណ្ឌដ៏រឹងមាំ និងមានចីរភាព ដែលធានាបាននូវផលប្រយោជន៍ស្របច្បាប់សម្រាប់គ្រប់ភាគីទាំងអស់។

យ៉ាង​ណា​មិញ មតិសាធារណៈនៅតែមានការព្រួយបារម្ភចំពោះភាពខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើបញ្ហានុយក្លេអ៊ែរ និងសន្តិសុខក្នុងតំបន់ តែ​តាម​ការលើកឡើងរបស់លោក Moghadam បានបង្ហាញថា ភាគីទាំងពីរបានចាប់ផ្តើមទទួលស្គាល់ពីភាពចាំបាច់នៃការដោះស្រាយជម្លោះតាមផ្លូវការទូត។ ការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រទេសប៉ាគីស្ថាន បានបង្កើតបរិយាកាសដ៏សមរម្យមួយ ដែលអនុញ្ញាតឲ្យ​ភាគីទាំងពីរអាចអង្គុយចរចាគ្នាដោយផ្ទាល់ជាលើកដំបូងគិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩មក។ នេះគឺជាសញ្ញាណមួយដែលបញ្ជាក់ថា ទោះបីផ្លូវខាងមុខនៅមានការលំបាក ប៉ុន្តែការបើកទ្វារសម្រាប់កិច្ចសន្ទនាបែបនេះ គឺជាជំហានដំបូងដ៏មានតម្លៃឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពដែលគ្រប់គ្នាទន្ទឹងរង់ចាំ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម