Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ប្រកាសថា ជួប ហ្សេលេនស្គី នៅឯណាក៏បាន តែអ៊ុយក្រែន ត្រូវធ្វើតាមលក្ខខណ្ឌរបស់ រុស្ស៊ី សិន

បានផុស

នៅ

ស្របពេលដែល សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាន់តែលេចចេញសញ្ញា ឈានដល់ទីបញ្ចប់នោះ មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា លោកជួបជាមួយប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅឯណាក៏បានដែរ ប៉ុន្តែមុននឹងជំនួបមួយអាចកើតឡើងបាន អ៊ុយក្រែន ត្រូវធ្វើតាមលក្ខខណ្ឌ របស់រុស្ស៊ីសិន។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូប៖ Reuters)

ក្នុងសន្និសីទកាសែត ក្រោយអបអរទិវាជ័យជម្នះ កាលពីថ្ងៃ អាទិត្យ ទី១០​ ខែ ឧសភា ឆ្នាំ ២០២៦ ​លោកពូទីន បញ្ជាក់ថា អ៊ុយក្រែន ត្រូវតែឯកភាព ចំពោះកិច្ចព្រមព្រៀងសន្តិភាព រយៈពេលវែងចុងក្រោយ ដែលត្រូវបានរៀបចំយ៉ាងពេញលេញ និងរួចរាល់សម្រាប់ការចុះហត្ថលេខា ជាមុនសិន។

លោកពូទីនថ្លែងថា៖ «យើងអត់ដែលបដិសេធទេ ចំពោះការជួបគ្នាដោយផ្ទាល់ជាមួយលោក ហ្សេលេនស្គី! នៅកន្លែងណាក៏បាន ប្រទេសទី៣ ក៏បាន ប៉ុន្តែត្រូវធ្វើតាមលក្ខខណ្ឌសិន។ ជំនួបនោះ ត្រូវក្លាយជាពិធីចុះហត្ថលេខាចុងក្រោយ តែម្តងទៅ ហើយមិនបាច់ ចរចាអ្វីទៀតទេ»។

ការអះអាងរបស់លោកពូទីន កើតឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីរូបនេះ បញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែន អាចនឹង «ឈានដល់ទីបញ្ចប់»។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូប៖ Reuters)

ថ្លែងទៅកាន់អ្នកយកព័ត៌មាន លោកពូទីន បានស្តីបន្ទោស «ឥស្សរជនសកលនិយម» លោកខាងលិចចំពោះសង្គ្រាមនេះ ដោយនិយាយថា ពួកគេសន្យាថា អង្គការណាតូ នឹងមិនពង្រីកខ្លួនទៅទិសខាងកើតទេ បន្ទាប់ពីការដួលរលំនៃជញ្ជាំងបែរឡាំង ឆ្នាំ ១៩៨៩ ប៉ុន្តែបន្ទាប់មក បែរជាព្យាយាមទាញអ៊ុយក្រែន ឲ្យចូលទៅក្នុងគន្លងរបស់ សហភាពអឺរ៉ុប ទៅវិញ។

សូមជម្រាបជាថ្មី សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងជាទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពេលរុស្ស៊ី បើកការវាយលុកចូលអ៊ុយក្រែន ក្នុងអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស»។

ហេតុផលចម្បង នៃការសម្រេចចិត្តបើកប្រតិបត្តិការរបស់រុស្ស៊ី គឺដោយសារតែ ការពង្រីកខ្លួនរបស់អង្គការណាតូ និងបញ្ហាតំបន់ Donbas ដែលលោកពូទីន អះអាងថា ប្រជាជននៅទីនោះ រងការធ្វើទុក្ខបុកម្នេញខ្លាំងណាស់ ពីសំណាក់អ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម