ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថា បញ្ហាអ៊ីរ៉ង់ ឈានដល់ដំណាក់កាលចុងក្រោយ និងប្រកាសផ្ដល់ជម្រើសចំនួនពីរ
លោក ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃទីពុធ ថា បច្ចុប្បន្ន បញ្ហាជាមួយអ៊ីរ៉ង់ បានឈានចូលដល់ដំណាក់កាលចុងក្រោយហើយ ពោលគឺសល់ពេលតែ ២ ទៅ ៣ថ្ងៃទៀតប៉ុណ្ណោះ ដោយលោកបានទុកជម្រើសពីរ គឺការព្រមព្រៀងគ្នាតាមផ្លូវការទូត ឬក៏ត្រូវប្រឈមមុខនឹងវិធានការតឹងរ៉ឹងបំផុត ប៉ុន្តែលោកសង្ឃឹមថា រឿងរ៉ាវអាក្រក់ នឹងមិនកើតឡើងនោះទេ ដោយលោកចង់ឃើញការបាត់បង់ជីវិតមនុស្សតិចតួចបំផុត ឬមិនមានទាល់តែសោះ ប្រសិនបើអាចធ្វើទៅបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន North West Star នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦។

ស្របពេលជាមួយគ្នានេះ លោក ត្រាំ ក៏ទើបតែបានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីតួកគី លោក Tayyip Erdogan ដែលជាអ្នកគាំទ្រដល់ការបន្តបទឈប់បាញ់ និងបានបង្ហាញការយល់ឃើញថា ដំណោះស្រាយប្រកបដោយហេតុផលមួយ គឺអាចទៅរួចសម្រាប់វិបត្តិសង្គ្រាមនេះ។ ប៉ុន្តែផ្ទុយទៅវិញ ខាងភាគីអ៊ីរ៉ង់ ហាក់មិនទាន់មានទំនុកចិត្តឡើយ ដោយលោក Mohammad Baqer Qalibaf ប្រធានសភា និងជាអ្នកចរចាសន្តិភាពកំពូលរបស់អ៊ីរ៉ង់ បានផ្ញើសារជាសំឡេងលើបណ្តាញសង្គមថា សកម្មភាពទាំងចំហ និងលាក់កំបាំងរបស់សត្រូវ បានបង្ហាញថា អាមេរិកកំពុងត្រៀមបើកការវាយប្រហារថ្មីៗបន្ថែមទៀត។
ទោះជាយ៉ាងណា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងថា ក្រុងតេហេរ៉ង់នៅតែបើកចំហទ្វារចរចា ប៉ុន្តែលោកបានសង្កត់ធ្ងន់លើបណ្តាញសង្គម X ថា ការគាបសង្កត់ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់ គឺគ្រាន់តែជាការយល់សប្តិរបស់អាមេរិកប៉ុណ្ណោះ។ ស្របគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ក៏បានលើកឡើងដែរថា អ៊ីរ៉ង់ចូលរួមចរចាដោយភាពម៉ឺងម៉ាត់ និងស្មោះត្រង់ ប៉ុន្តែពួកគេនៅតែមានការសង្ស័យយ៉ាងខ្លាំង ចំពោះទង្វើ និងចេតនាពិតប្រាកដរបស់អាមេរិក។
ដើម្បីជួយសម្របសម្រួលដល់វិបត្តិនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន ដែលជាប្រទេសធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំការចរចាសន្តិភាពកន្លងមក បានធ្វើដំណើរទៅដល់ក្រុងតេហេរ៉ង់កាលពីថ្ងៃពុធ ដើម្បីធ្វើជាអ្នកនាំសាររវាងភាគីទាំងពីរ។ នៅក្នុងសប្តាហ៍នេះ អ៊ីរ៉ង់បានដាក់សំណើថ្មីមួយទៅកាន់អាមេរិក ប៉ុន្តែខ្លឹមសារនៃសំណើនោះ ត្រូវបានគេដឹងថាភាគច្រើនជាលក្ខខណ្ឌចាស់ៗ ដែលលោក ត្រាំ ធ្លាប់បានបដិសេធរួចទៅហើយ រួមមាន ការទាមទារគ្រប់គ្រងច្រកសមុទ្រហ័រមូស (Hormuz) ការទាមទារសំណងខូចខាតសង្គ្រាម ការដកទណ្ឌកម្ម ការបញ្ចេញទ្រព្យសម្បត្តិ ដែលត្រូវបង្កក និងការដកទ័ពអាមេរិកចេញពីតំបន់។
កាលពីថ្ងៃអង្គារ លោក ត្រាំ ធ្លាប់បានបង្ហើបថា លោកស្ទើរតែបានបញ្ជាឱ្យមានការវាយប្រហារទៅលើអ៊ីរ៉ង់ទៅហើយ តែត្រូវពន្យារពេលវិញ ព្រោះមានការស្នើសុំពីប្រទេសជិតខាងមួយចំនួន នៅតំបន់ឈូងសមុទ្រ។
គួររំលឹកថា សង្គ្រាមនេះ បានផ្ទុះឡើងខ្លាំង ចាប់តាំងពីមានការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលធ្វើឱ្យអ៊ីរ៉ង់សម្រេចបិទច្រកសមុទ្រហ័រមូស ស្ទើរតែទាំងស្រុង និងបានបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោកយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្ត្រ។ យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានសម្តែងការជឿជាក់ថា អតិផរណា និងតម្លៃថាមពលដែលកំពុងហក់ឡើងខ្ពស់នេះ គឺជារឿងបណ្តោះអាសន្នប៉ុណ្ណោះ ហើយវានឹងវិលមកសភាពដើមវិញ នៅពេលសង្គ្រាមបញ្ចប់។ យោងតាមទិន្នន័យចុងក្រោយ ចំនួននាវាឆ្លងកាត់ច្រកសមុទ្រនេះ ចាប់ផ្តើមមានការកើនឡើងបន្តិចវិញ ដោយមាននាវា ២៦គ្រឿងបានឆ្លងកាត់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ប៉ុន្តែចំនួននេះនៅតែតិចតួចខ្លាំង បើធៀបនឹងចំនួន ១៤០គ្រឿងក្នុងមួយថ្ងៃ កាលពីមុនពេលមិនទាន់ផ្ទុះសង្គ្រាម៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


