Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរបញ្ចកោណ កែទិន្នន័យទាហានរងគ្រោះ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈសភាទាមទារតម្លាភាព

បានផុស

នៅ

តួលេខនៃជនរងគ្រោះ ក្នុងជួរកងទ័ពអាមេរិកពីសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ បានកើនឡើងយ៉ាងខ្លាំងកាលពីចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីមន្ទីរបញ្ចកោណអាមេរិក បានលួចកែប្រែ​ទិន្នន័យផ្លូវការរបស់ខ្លួនដោយស្ងាត់ៗ។ នេះ​បើយោងតាម​សារព័ត៌មាន AP ចុះផ្សាយ​នា​ថ្ងៃ​ចន្ទ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៦។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធវិភាគទិន្នន័យរងគ្រោះរបស់ក្រសួងការពារជាតិអាមេរិក (DCAS) ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ តួលេខថ្មីនេះ បានបង្ហាញថា កងទ័ពអាមេរិកចំនួន ១៨នាក់បានស្លាប់ និង ៦២៤នាក់ផ្សេងទៀត បានរងរបួស គិតចាប់តាំងពីជម្លោះផ្ទុះឡើង កាលពីថ្ងៃទី២៨ កុម្ភៈ។ ការកែប្រែនេះ បានធ្វើឱ្យចំនួនអ្នករងគ្រោះកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល៥ខែនៃសង្គ្រាមនេះ ហើយវាក៏បានបញ្ឆេះឱ្យមានការចោទសួរយ៉ាងខ្លាំងនៅក្នុងសភាអាមេរិក ជុំវិញការគ្រប់គ្រងរបាយការណ៍អ្នកស្លាប់ និងរបួសរបស់យោធាផងដែរ។

ការកែតួលេខសរុបនេះ គឺជាការកើនឡើងយ៉ាងគំហុក បើធៀបនឹងទិន្នន័យកាលពីប៉ុន្មានថ្ងៃមុន ដែលមានទាហានរងរបួសត្រឹមតែ ៤៨២នាក់ប៉ុណ្ណោះ។ កាន់តែគួរឱ្យសង្ស័យនោះគឺ ទាហានអាមេរិក៤នាក់ ដែលបានស្លាប់ក្នុងពេលប្រយុទ្ធគ្នាថ្មីៗនេះ ធ្លាប់ត្រូវបានគេលុបចេញពីបញ្ជីអ្នកស្លាប់មួយរយៈខ្លី មុនពេលដាក់បញ្ចូលទៅក្នុងប្រភេទថ្មីមួយដាច់ដោយឡែក ដែលមានឈ្មោះថា «ប្រតិបត្តិការក្រៅប្រទេស» ដែលចាប់ផ្តើមរាប់បញ្ចូលតាំងពីថ្ងៃទី៧ ខែកក្កដាមក។

ជុំវិញភាពមិនប្រក្រតីនេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោក Joel Valdez និងលោក Sean Parnell បានចេញមុខបកស្រាយថា តួលេខខុស​ពីមុន មិនមែនជាការលាក់បាំងព័ត៌មាននោះទេ ប៉ុន្តែវាបណ្តាលមកពី «បញ្ហាបច្ចេកទេស» និង «ការរអាក់រអួលទិន្នន័យបណ្តោះអាសន្ន» នៅលើគេហទំព័រតែប៉ុណ្ណោះ។

ទោះជាមានការបកស្រាយបែបនេះក្តី ក៏សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យចំនួន ១២រូប កាលពីសប្តាហ៍មុន បានសរសេរសំបុត្រផ្ញើទៅកាន់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ដើម្បីទាមទារការពន្យល់ឱ្យបានច្បាស់លាស់ពីការប្រែប្រួលទិន្នន័យនេះ និងស្នើសុំតម្លាភាពពេញលេញ ដើម្បីរក្សាទំនុកចិត្តពីសាធារណជន។ ការលាតត្រដាងទិន្នន័យថ្មីនេះ កើតឡើងស្របពេល ដែលកងទ័ពអាមេរិកកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់នៅឡើយ ទោះបីជាមានការផ្អាកបាញ់គ្នាជាបណ្តោះអាសន្នរយៈពេលពីរយប់ជាប់គ្នាមកហើយក៏ដោយ ដើម្បីទុកឱកាសសម្រាប់កិច្ចចរចា​ការទូត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម