ព័ត៌មានអន្ដរជាតិ
អាថ៌កំបាំងក្រោមភ្នំ Pickaxe៖ មូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់ដែលអាមេរិក និងអ៊ីស្រាអែល ពិបាកនឹងវាយ
ភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ នៅតែបន្តពុះកញ្ជ្រោល ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងស្វែងរកមធ្យោបាយ ដើម្បីទប់ស្កាត់ការផលិតអាវុធនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ ថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារទីតាំងនុយក្លេអ៊ែរក្រោមដីដ៏អាថ៌កំបាំងមួយកន្លែងរបស់អ៊ីរ៉ង់ ដែលមានឈ្មោះថា ភ្នំ Pickaxe។ ប៉ុន្តែអ្វីដែលធ្វើឱ្យទីតាំងមួយនេះ ក្លាយជាបញ្ហាដ៏ឈឺក្បាលបំផុតសម្រាប់យោធាអាមេរិក និងអ៊ីស្រាអែល គឺលក្ខណៈពិសេសភូមិសាស្ត្រ និងជម្រៅដ៏ជ្រៅរបស់វា ដែលធ្វើឱ្យការវាយប្រហារតាមផ្លូវអាកាសស្ទើរតែមិនអាចទៅរួច។

តើភ្នំ Pickaxe នៅឯណា ហើយមានប្រវត្តិបែបណា?
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian ភ្នំ Pickaxe មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២២០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីតេហេរ៉ង់ និងស្ថិតនៅចម្ងាយត្រឹមតែ ២គីឡូម៉ែត្រប៉ុណ្ណោះពីទីតាំងនុយក្លេអ៊ែរ Natanz ដ៏សំខាន់របស់អ៊ីរ៉ង់។ ការសាងសង់រោងចក្រក្រោមដីនេះ បានចាប់ផ្តើមនៅក្នុងឆ្នាំ២០២០ បន្ទាប់ពីមានគេលួចបំផ្ទុះបំផ្លាញរោងចក្រដំឡើងម៉ាស៊ីនចម្រាញ់អ៊ុយរ៉ាញ៉ូមនៅ Natanz។ ដើម្បីកុំឲ្យគេងាយវាយប្រហារបានទៀត អ៊ីរ៉ង់បានសម្រេចចិត្តផ្លាស់ប្តូរទីតាំងសំខាន់ៗរបស់ខ្លួនចូលទៅក្នុងតំបន់ជួរភ្នំ Zagros។
លក្ខណៈពិសេសដែលធ្វើឱ្យពិបាកនឹងវាយប្រហារ
ភាពរឹងមាំ និងទីតាំងយុទ្ធសាស្ត្ររបស់ភ្នំ Pickaxe គឺជាឧបសគ្គចម្បង។ យោងតាមសារព័ត៌មាន The Times of Israel និងរបាយការណ៍ចារកម្ម មូលដ្ឋាននេះ ត្រូវបានសាងសង់យ៉ាងជ្រៅទៅក្នុងដី ដោយស្ថិតនៅក្រោមថ្មក្រានីតរហូតដល់ជម្រៅចន្លោះពី ៨០ ទៅ ១០០ម៉ែត្រ (ជាង ៣០០ហ្វីត)។ កម្រិតជម្រៅនេះ គឺជ្រៅជាងទីតាំងនុយក្លេអ៊ែរ Fordow និង Natanz ទៅទៀត ដែលទីតាំងទាំងនោះធ្លាប់រងការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល អំឡុងសង្គ្រាមកាលពីខែមិថុនា ឆ្នាំ២០២៥ និងកំឡុងយុទ្ធនាការទម្លាក់គ្រាប់បែកនៅដើមឆ្នាំ២០២៦ នេះ។
ដោយសារតែវាស្ថិតនៅជ្រៅខ្លាំង និងគ្របដណ្ដប់ដោយស្រទាប់ថ្មភ្នំដ៏រឹងមាំ គ្រាប់បែកទម្លុះបេតុងជាច្រើនប្រភេទដែលអាមេរិក និងអ៊ីស្រាអែលមាន គឺពិបាកនឹងទម្លុះទៅដល់គោលដៅណាស់។ លើសពីនេះ រូបភាពផ្កាយរណបថ្មីៗ បានបង្ហាញថា អ៊ីរ៉ង់បានពង្រឹងផ្លូវរូងក្រោមដីចូលទៅកាន់ទីតាំងនោះ និងបានសាងសង់ជញ្ជាំងសន្តិសុខបន្ថែម រួមទាំងបានរឹតបន្តឹងផ្លូវចេញចូល ដើម្បីការពារការវាយលុកពីខាងក្រៅ។
ការផ្លាស់ទីបរិក្ខារនុយក្លេអ៊ែរ ដើម្បីគេចពីការវាយប្រហារ
របាយការណ៍របស់ The Wall Street Journal ដកស្រង់ដោយ The Times of India បានបញ្ជាក់ពីការវាយតម្លៃរបស់ចារកម្មអ៊ីស្រាអែលថា អ៊ីរ៉ង់បាននិងកំពុងផ្លាស់ទីម៉ាស៊ីនចម្រាញ់អ៊ុយរ៉ាញ៉ូម (Centrifuges) រាប់ពាន់គ្រឿងចូលទៅក្នុងរូងក្រោមភ្នំ Pickaxe កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងការពារឧបករណ៍សំខាន់ៗទាំងនេះ ពីការវាយប្រហារតាមផ្លូវអាកាស ព្រោះទីតាំង Pickaxe នេះមិនធ្លាប់រងការវាយប្រហារចំគោលដៅនោះទេ ទោះបីជាមានយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរទៅលើទីតាំងផ្សេងៗទៀតក៏ដោយ។
ថ្វីត្បិតតែទីតាំងនេះ មានការការពាររឹងមាំយ៉ាងណាក៏ដោយ ក៏ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកកំពុងតាមដានទីតាំងនេះយ៉ាងយកចិត្តទុកដាក់។ យោងតាមសារព័ត៌មាន Anadolu Agency លោក ត្រាំ បានលើកឡើងថា អាមេរិកអាចនឹងធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើទីតាំងនោះក្នុងពេលឆាប់ៗខាងមុខ។
សរុបមក ភ្នំ Pickaxe មិនត្រឹមតែជារោងចក្រនុយក្លេអ៊ែរក្រោមដីដ៏ស្មុគស្មាញប៉ុណ្ណោះទេ ប៉ុន្តែវាជានិមិត្តរូបនៃការប្រជែងគ្នារវាងបច្ចេកវិទ្យាយោធាទំនើប និងភូមិសាស្ត្រធម្មជាតិ។ ការលាក់ខ្លួនយ៉ាងជ្រៅក្រោមថ្មភ្នំដ៏រឹងមាំ បានធ្វើឱ្យទីតាំងនេះក្លាយជាខែលការពារដ៏មានប្រសិទ្ធភាពសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងជាបញ្ហាប្រឈមយុទ្ធសាស្ត្រដ៏ធំមួយ ដែលអាមេរិក និងអ៊ីស្រាអែលកំពុងព្យាយាមស្វែងរកដំណោះស្រាយ៕

អត្ថបទ៖ ឈាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


