Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប​​គ្រោង​​ដាក់​​ទណ្ឌកម្ម​​ប្រេង​​រុស្ស៊ី​ ប៊ុលហ្គារី​​ថា​ នឹង​​វេតូ​ បើ​​គ្មាន​​ការ​​លើក​​លែង

បានផុស

នៅ

ប្រទេសប៊ុលហ្គារី​នឹង​​មិន​គាំទ្រ​​ទណ្ឌកម្ម​ថ្មី​របស់​សហភាព​អឺរ៉ុបប្រឆាំង​លើ​​ប្រេង​​​រុស្ស៊ី​​ឡើយ​ ប្រសិន​បើ​​ខ្លួន​មិន​ទទួល​បាន​ការ​លើក​លែង​​​​សម្រាប់​ការ​ទិញ​ប្រេង​រុស្ស៊ី។ ​ឧបនាយករដ្ឋ​មន្ត្រី​ប៊ុលហ្គារី លោក Assen Vassilev បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​៨ ខែ​ឧសភា។

កាល​ពី​ថ្ងៃ​អាទិត្យ មេ​ដឹក​នាំ​​របស់​​សហភាព​អឺរ៉ុប​កាន់​តែ​ខិតជិត​​ឯកភាព​គ្នា​​លើ​ទណ្ឌកម្ម​ដ៏​តឹង​តែង​​ប្រឆាំង​លើ​រុស្ស៊ី​ជុំ​វិញ​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន ប៉ុន្តែ​គ្រោង​ពិភាក្សា​បន្ថែម​ទៀត​នា​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​​​ដោះ​ស្រាយ​ចំពោះ​​​ប្រទេស​ដែល​ពឹង​ផ្អែក​​ខ្លាំង​លើ​ថាមពល​ពី​​​រុស្ស៊ី។

លោក Vassilev បាន​ប្រាប់​ទូរទស្សន៍​ជាតិ BNT ថា ៖«កិច្ច​ពិភាក្សា​នឹង​បន្ត​ថ្ងៃ​ស្អែក បន្ត​ទៅ​ថ្ងៃ​អង្គារ៍​​ដែរ​។ ការ​ប្រជុំ​នៃ​មេ​ដឹក​នាំ​ប្រហែល​ជា​ត្រូវ​ការ​រាប់​បញ្ចូល​ពួក​គេ។ គោល​ជំហរ​របស់​ពួក​យើង​ច្បាស់​លាស់​ណាស់។ ប្រសិន​បើ​មាន​ការលើក​លែង​​សម្រាប់​ប្រទេស​មួយ​ចំនួន យើង​ខ្ញុំ​ក៏​ចង់​ទទួល​បាន​ការ​លើក​លែង​ដែរ»។

«ប្រសិន​បើ​មិន​ទទួល​បាន​ការ​លើក​លែង​ទេ យើង​នឹង​មិន​គាំទ្រ​ចំពោះ​ទណ្ឌកម្ម​ទេ។ ប៉ុន្តែ​ខ្ញុំ​មិន​រំពឹង​ទទួល​បាន​ទេ បើ​​ផ្អែក​តាម​កិច្ច​ពិភាក្សា​នៅ​ពេល​នេះ»។ លោក​បាន​បន្ថែម។

ប្រទេស​ ហុងគ្រី ស្លូវ៉ាគី និងសាធារណៈរដ្ឋឆែក​​ដែល​ពឹង​ផ្អែក​ខ្លាំង​លើប្រេង​ឆៅ​ពី​​រុស្ស៊ី​​ប្រឈម​នឹង​ប្រភព​ធនធាន​ថាមពល​ជំនួស ​និង​បាន​ស្នើ​សុំ​ការ​លើក​លែង​ពី​ទណ្ឌកម្ម​​របស់​សហភាព​អឺរ៉ុប។ ប៊ុលហ្គារី​ក៏​បាន​ស្នើ​សុំ​ការ​លើក​លែង​ដែរ។

តាម​ប្រភព​ពីអឺរ៉ុប​ថា គណៈកម្មការ​អឺរ៉ុប​កាល​ពី​ថ្ងៃ​សុក្រ​បាន​ស្នើ​ការ​ផ្លាស់​ប្តូរ​​ចំពោះ​គម្រោង​ទណ្ឌកម្ម​លើ​ប្រេង​រុស្ស៊ី​ដើម្បី​ផ្តល់​ឲ្យ​ប្រទេស​ចំនួន​៣​មាន​ពេល​វេលា​បន្ថែម​ទៀត​ក្នុង​ការផ្លាស់​ប្តូរ​ថាមពល​របស់ពួក​គេ​ ខណៈ​ប្រទេស​ប៊ុលហ្គារី​មិន​ត្រូវ​បាន​ផ្តល់​សម្បទាន​​ឡើយ។​

លោក​ឧបនាយក​រដ្ឋ​មន្ត្រី Vassilev បាន​និយាយ​ថា ប៊ុលហ្គារី​ក៏​ត្រូវ​ការ​ការ​លើក​លែង​ដែរ ដោយ​សារ​រោង​ចក្រចម្រាញ់​ប្រេង​តែ​មួយ​គត់​របស់​ខ្លួន​នៅ​កំពង់ផែ Burgas ត្រូវ​ការ​ពេល​វេលា​ដើម្បី​​បង្កើន​​ឧបករណ៍​ចាំបាច់​​មុន​ពេល​ផ្តាច់​ប្រេង​ឆៅ​រុស្ស៊ី។

លោក​បន្ថែម​ថា កង្វះ​នៃ​ការ​លើក​លែង​នឹង​បង្ក​ហានិភ័យ​ធ្ងន់​ធ្ងរ​ដល់​បរិស្ថាន​នៅ​តំបន់កំពង់​ផែ Burgas ឬ​បង្ខំ​ឲ្យ​រោង​ចក្រចម្រាញ់​ប្រេង​កាត់​បន្ថយ​ការ​កែ​ច្នៃ​ដែល​អាច​បង្កើត​ឱនភាព និង​បង្កើន​តម្លៃ​ខ្ពស់​ថែម​ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម