Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​សួរ “លក់​ឬ​ក៏​បិទ” តែ​ TikTok ឆ្លើយ​ថា “អត់”

បានផុស

នៅ

ក្រុមហ៊ុន ByteDance បាន​​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​ខ្លួន​ថា ​ក្រុមហ៊ុន​​មិន​មាន​គម្រោង​លក់ TikTok ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ទៅ​ឲ្យ​​សហរដ្ឋ​អាមេរិក​នោះ​ឡើយ បើ​ទោះ​​ជា​​​មហា​អំណាច​មួយ​នេះ​ចេញ​ច្បាប់​ថ្មី​គំរាម​បិទ​កម្មវិធី TikTok នៅ​​លើ​​ទឹក​ដី​ខ្លួន​ក៏​ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​បញ្ជាក់​ច្បាស់ៗ​​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​មួយ​ចំនួន​​ថា ByteDance កំពុង​ស្វែង​រក​ជម្រើស​​​លក់ TikTok ឲ្យ​អាមេរិក ដោយ​​វិធី​សមស្រប​ណា​មួយ។ “របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​​បរទេស​​​​ទាំង​នោះ​អំពី ByteDance លក់ TikTok គឺ​មិន​ពិត​សោះ​ឡើយ” នេះ​​ជា​អ្វី​ដែល​ក្រុមហ៊ុន ByteDance បាន​ប្រាប់។

គួរ​រំឮក​ថា វិធានការ​ច្បាប់​ “លក់​ឬ​ក៏​បិទ” TikTok ត្រូវ​បាន​ចូល​ជា​ធរមាន​ហើយ​កាល​ពី​ថ្ងៃ​២៤ ខែ​មេសា ​​ដោយ​មាន​​ការ​យល់​ព្រម​ពី​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន។ ចំណាត់ការ​​នេះ ផ្តោត​​សំខាន់​លើ​ការ​ព្រួយ​បារម្ភ​ថា TikTok ប្រហែល​ជា​លួច​ចែកចាយ​​​ទិន្នន័យ​អ្នក​ប្រើប្រាស់​ឲ្យ​ទៅ​រដ្ឋាភិបាល​ចិន។

ក្នុង​ច្បាប់​ថ្មី​នេះ ByteDance មាន​ពេល​ចំនួន​៩​ខែ ដើម្បី​លក់​ជំនួញ​របស់​ខ្លួន​ឲ្យ​ទៅ​អាមេរិក។ បើ​មិន​លក់​នោះ​ទេ TikTok នឹង​ត្រូវ​បិទ​មិន​ឲ្យ​​ប្រជាជន​អាមេរិក​ប្រើ​នោះ​ឡើយ។ មុន​បិទ អាមេរិក​នឹង​​ទុក​​ពេល​៣​​ខែ​បន្ថែម​ទៀត​ទៅ TikTok ក្នុង​ការ​បញ្ចប់​ជំនួញ​ទាំង​ស្រុង​របស់​ខ្លួន។

បើ​តាម​របាយការណ៍​ទិន្នន័យ​​នៅ​លើ​​វិបសាយ Statista បាន​​ឲ្យ​ដឹង​ថា បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​​ឈរ​នៅ​លេខ​រៀង​​​​ទី​១ ដែល​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម TikTok ច្រើន​​ជាង​គេ។ ត្រឹម​ខែ​មករា ឆ្នាំ​២០២៤ ទិន្នន័យ​បង្ហាញ​ថា អ្នក​ប្រើ TikTok នៅ​អាមេរិក មាន​ចំនួន​ជិត ១៥០​លាន​នាក់ តាម​ពី​ក្រោយ​ដោយ ឥណ្ឌូណេស៊ី (១២៦​លាន​នាក់) និង ប្រេស៊ីល (៩៨​លាន​នាក់)។ ដោយ​គ្រាន់​​តែ​អាមេរិក​មួយ​ TikTok អាច​រក​បាន​ចំណូល​​ដល់ ១៦​ពាន់​លាន​ដុល្លារ​ឯណោះ​​កាល​ពី​ឆ្នាំ​២០២៣​កន្លង​ទៅ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម