Connect with us

ព័ត៌មានអន្ដរជាតិ

TikTok យល់ព្រមលក់អាជីវកម្មនៅអាមេរិកទៅឲ្យក្រុមវិនិយោគិនក្នុង​ស្រុក

បានផុស

នៅ

យោងតាមអនុស្សរណៈផ្ទៃក្នុងមួយដែលទីភ្នាក់ងារសារព័ត៌មាន Associated Press បានទទួល TikTok បានឈានដល់កិច្ចព្រមព្រៀងលក់អាជីវកម្មរបស់ខ្លួននៅសហរដ្ឋអាមេរិក ទៅ​ឲ្យ​ក្រុមវិនិយោគិនអាមេរិកមួយក្រុមដែលដឹកនាំដោយក្រុមហ៊ុន Oracle, Silver Lake និង MGX ដែលអនុញ្ញាត​ឲ្យ​កម្មវិធីវីដេអូខ្លីមួយនេះអាចបន្តដំណើរការនៅក្នុងទឹកដី​​អាមេរិកតទៅ​មុខ​បានទៀត។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ ដែលរំពឹងថានឹងបញ្ចប់នៅថ្ងៃទី២២​ខែមករា​ឆ្នាំ​ក្រោយ នឹងដាក់ភាគហ៊ុនចំនួន​៥០% នៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីរបស់ TikTok US ទៅក្នុងដៃរបស់សម្ព័ន្ធវិនិយោគិនដែលមានមូលដ្ឋាននៅ​អាមេរិក ដោយក្នុងនោះក្រុមហ៊ុន Oracle, Silver Lake និង MGX ម្នាក់ៗកាន់កាប់ភាគហ៊ុន១៥%។ ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃវិនិយោគិនដែលមានស្រាប់របស់ ByteDance នឹងកាន់កាប់ ៣០,១% ខណៈដែលក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន នឹងរក្សាទុកភាគហ៊ុនចំនួន ១៩,៩%។

អង្គភាពថ្មីនៅ​អាមេរិកនេះ នឹងត្រូវគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលដែលមានសមាជិក៧​រូប ដែលភាគច្រើនជានាយកជាតិអាមេរិក ហើយនឹងដំណើរការក្រោមវិធានការការពារ ក្នុងគោលបំណងការពារទិន្នន័យអ្នកប្រើប្រាស់អាមេរិក និងសន្តិសុខជាតិ។ អនុស្សរណៈដដែលបានបញ្ជាក់ថា ទិន្នន័យអ្នកប្រើប្រាស់អាមេរិកទាំងអស់ នឹងត្រូវរក្សាទុកក្នុងស្រុកនៅលើប្រព័ន្ធដែលដំណើរការដោយក្រុមហ៊ុន Oracle។

Algorithm របស់ TikTok នឹងត្រូវបានបណ្តុះបណ្តាលឡើងវិញដោយប្រើទិន្នន័យអ្នកប្រើប្រាស់អាមេរិក ដើម្បីការពារឥទ្ធិពលពីខាងក្រៅ ខណៈដែលក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅអាមេរិកនេះ នឹងទទួលបន្ទុកលើការត្រួតពិនិត្យខ្លឹមសារ និងការសម្រេចចិត្តលើគោលនយោបាយនៅក្នុងប្រទេស។

កិច្ចព្រមព្រៀងនេះបានបញ្ចប់ភាពមិនច្បាស់លាស់ជាច្រើនឆ្នាំលើអនាគតរបស់ TikTok នៅ​សហរដ្ឋអាមេរិក បន្ទាប់ពីសភាបានអនុម័តច្បាប់តម្រូវ​ឲ្យ​ ByteDance ដកការវិនិយោគ បើមិនដូច្នេះទេនឹងត្រូវប្រឈមមុខនឹងការហាមឃាត់។ TikTok ធ្លាប់បានផ្អាកដំណើរការរយៈពេលខ្លីមុនពេលឱសានវាទក្នុងខែមករាឆ្នាំ​២០២៥​ចូលមកដល់ និង​មុនពេលប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិជាបន្តបន្ទាប់ដើម្បីពន្យារពេល ខណៈដែលកិច្ច​ចរចានៅតែបន្ត។

ការលក់នេះបានកើតឡើងបន្ទាប់ពីការ​ចរចាមិនជោគជ័យអស់​ជា​ច្រើន​លើក ដែលបានបរាជ័យចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាង​អាមេរិក និងចិន ប៉ុន្តែពេលនេះវាបានបើកផ្លូវ​ឲ្យ​ TikTok អាចបន្តមានវត្តមាននៅលើបណ្តាញអ៊ីនធឺណិតក្នុង​ទឹកដី​អាមេរិក ក្រោមភាពជាម្ចាស់ និងការត្រួតពិនិត្យរបស់អាមេរិក៕

ប្រែសម្រួល៖​ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម