ព័ត៌មានអន្ដរជាតិ
ពលរដ្ឋតៃវ៉ាន់ភាគច្រើន ជឿថា ចិនមិនហ៊ានឈ្លានពានខ្លួនទេ ក្នុងរយៈពេល៥ឆ្នាំទៅមុខ
បើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិសុខ និងការការពារជាតិតៃវ៉ាន់ (INDSR) នៅថ្ងៃទី៩ខែតុលា ប្រជាជននៃដែនកោះមួយនេះភាគច្រើនជឿថា ចិនទំនងជាមិនហ៊ានឈ្លានពាននោះទេនៅក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត ប៉ុន្តែពួកគេនៅចាត់ទុកចិនជាការគំរាមកំហែងដ៏ធំដដែលសម្រាប់តៃវ៉ាន់នាពេលបច្ចុប្បន្ន។

ការស្ទង់មតិរបស់ INDSR បានធ្វើឡើងលើពលរដ្ឋតៃវ៉ាន់ប្រមាណជា ១ ២០០នាក់ កាលពីខែកញ្ញា ហើយបានបង្ហាញថា ៦១%នៃពួកគេយល់ឃើញថា តៃវ៉ាន់នឹងមានសុវត្ថិភាពបន្តទៀតក្នុងរយៈពេលកន្លះទសវត្សរ៍ទៅមុខ ដោយគ្មានការវាយប្រហារពីចិន។ យ៉ាងណាមិញ ពួកគេនៅតែបារម្ភខ្លាំងអំពីការគំរាមកំហែងនានាពីរដ្ឋាភិបាលក្រុងប៉េកាំង ដូចជា ការធ្វើសមយុទ្ធយោធា និងការឃោសនាប្រឆាំង ជាដើម។
ការស្ទង់មតិនេះ បង្ហាញពីភាពផ្ទុយគ្នាទៅនឹងការព្រមានរបស់ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក ដែលបាននិយាយកាលពីឆ្នាំមុនថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឲ្យយោធាត្រៀមខ្លួនធ្វើការវាយប្រហារឈ្លានពានតៃវ៉ាន់នៅឆ្នាំ២០២៧។
INDSR បានរៀបរាប់ថា ប្រជាជនតៃវ៉ាន់ដឹងពីការគំរាមកំហែង ប៉ុន្តែរក្សាភាពស្ងប់ស្ងាត់ និងសមស្របជាមួយនឹងការរំពឹងទុកនៃសង្រ្គាមដែលជិតមកដល់។
ជាង ៦៧% នៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិ បានប្រាប់ថា ពួកគេនឹងវាយបកវិញ បើចិនវាយប្រហារ។ ប៉ុន្តែពេលសួរនាំអំពីទំនុកចិត្តដែលថាកងកម្លាំងតៃវ៉ាន់អាចទប់ទល់ និងការពារដែនកោះរបស់ខ្លួនបានដែរឬអត់ ពលរដ្ឋត្រឹមតែ៥០%ប៉ុណ្ណោះដែលជឿថា កងកម្លាំងតៃវ៉ាន់អាចមានសមត្ថភាពការពារខ្លួន។
លោក Lee Kuan-chen អ្នកស្រាវជ្រាវនៅ INDSR បានប្រាប់ថា យោធារបស់តៃវ៉ាន់គួរតែបន្តបង្កើនសមត្ថភាពការពាររបស់ខ្លួន ដើម្បីកសាងទំនុកចិត្តសាធារណៈ។
ការស្ទង់មតិក៏បានចោទសួរថាតើសហរដ្ឋអាមេរិកនឹងជួយការពារតៃវ៉ាន់ដែរឬក៏អត់ ហើយចម្លើយបានឲ្យដឹងថា ៧៤% ជឿថា រដ្ឋាភិបាលអាមេរិកទំនងជាជួយ «ដោយប្រយោល» តាមរយៈការផ្តល់នូវអាហារ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងសព្វាវុធ។ ចំណែក ៥២% គិតថា យោធាអាមេរិកនឹងបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅធ្វើអន្តរាគមន៍។
ផ្អែកលើទិន្នន័យនេះ លោក Lee បាននិយាយថា រដ្ឋាភិបាលរបស់តៃវ៉ាន់គួរតែមានតម្លាភាពបន្ថែមទៀតអំពីកិច្ចសហប្រតិបត្តិការសន្តិសុខរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក ដោយបន្ថែមថា៖ «តាមវិធីនោះ មនុស្សនឹងមិនមានការរំពឹងទុកខ្ពស់ពេក ឬទាបពេកលើជំនួយរបស់សហរដ្ឋអាមេរិកទេ»។
សូមរំឭកជាថ្មីម្ដងទៀត រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសថា តៃវ៉ាន់ជាទឹកដីរបស់ចិនតាំងពីបុរាណកាលមក និងតែងចាត់ទុកតៃវ៉ាន់ជាអធិបតេយ្យភាពរបស់ខ្លួន ហើយក៏មិនបដិសេធក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីយកកោះនេះឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ រដ្ឋាភិបាលតៃវ៉ាន់បានច្រានចោលការអះអាងទាំងនោះ ដោយនិយាយថាមានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចអនាគតរបស់ពួកគេ។
រាជវង្ស Qing នៃប្រទេសចិន បានចុះហត្ថលេខាប្រគល់កោះតៃវ៉ាន់ទៅប្រទេសជប៉ុននៅក្នុងឆ្នាំ១៨៩៥ ក្រោមសន្ធិសញ្ញាមួយ ហើយនៅឆ្នាំ១៩៤៥ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ កោះនេះត្រូវបានប្រគល់ទៅឲ្យរដ្ឋាភិបាលសាធារណរដ្ឋចិន។ នៅ៤ឆ្នាំបន្ទាប់ក្រោយចាញ់សង្គ្រាមស៊ីវិលជាមួយបក្សកុម្មុយនិស្តរបស់លោក ម៉ៅ សេទុង រដ្ឋាភិបាលសាធារណរដ្ឋចិនបានរត់ភៀសខ្លួនទៅគ្រប់គ្រងនៅកោះតៃវ៉ាន់មកទល់នឹងសព្វថ្ងៃនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


