Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បោះឆ្នោតប្រឆាំង បទឈប់បាញ់នៅហ្គហ្សា

បានផុស

នៅ

នៅថ្ងៃពុធទី២០ខែវិច្ឆិកាឆ្នាំ២០២៤ សហរដ្ឋអាមេរិក បានបោះឆ្នោតប្រឆាំងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិលើបទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាមអាយុកាល១៣ខែនៅតំបន់ហ្គាហ្សា ដោយលើកហេតុផលថា ក្នុងសំណើនោះគឺមិនមានចែងអំពីការទាមទារឲ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងភ្លាមៗនោះទេ។

(រូបថត៖ UN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមសមាជិកទាំង១៥របស់ក្រុមប្រឹក្សា UN គឺមាន១៤ប្រទេសទៅហើយដែលបោះឆ្នោតគាំទ្រ ខុសតែអាមេរិកមួយប៉ុណ្ណោះដែលសម្រេចចិត្តវេតូ។ តាមច្បាប់ ដើម្បីអនុម័តលើសំណើអ្វីមួយ ត្រូវតម្រូវឲ្យសមាជិកទាំងអស់បោះឆ្នោតគាំទ្រ ប៉ុន្តែបើមានសមាជិកណាមួយវេតូ នោះអ្វីៗនឹងត្រូវជាប់គាំងមិនអាចដំណើរការទៅមុខបានឡើយ។

ជុំវិញបញ្ហានេះ ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកលោក Robert Wood​ បកស្រាយថា «យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​ការ​ចរចាហើយ​ថា យើង​មិន​អាច​គាំទ្រ​បទ​ឈប់​បាញ់​គ្មាន​លក្ខខណ្ឌ​ ទាំងដែលមិន​ដោះលែង​ចំណាប់​ខ្មាំង​នោះ​ទេ។ ក្រុមហាម៉ាសនឹងមើលឃើញថា យុទ្ធសាស្ត្រដ៏ឃោរឃៅរបស់ខ្លួនពិតជាមានសង្ឃឹម ហើយសហគមន៍អន្តរជាតិ បានបំភ្លេចជោគវាសនារបស់ចំណាប់ខ្មាំងជាង១០០នាក់ មកពីជាង២០ប្រទេស ដែលត្រូវបានឃុំឃាំងអស់រយៈពេល៤១០ថ្ងៃមកហើយ»។

(រូបថត៖ UN)

ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតរងរបស់ប៉ាឡេស្ទីន លោក Majed Bamya បានបង្ហាញកំហឹងនិងការខកចិត្តយ៉ាងខ្លាំង ចំពោះបរាជ័យរបស់ស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់ UN ដោយនិយាយថា ការដែលបទឈប់បាញ់មិនអាចលេចជារូបរាងបាន​ គឺជាការអនុញ្ញាតឲ្យអ៊ីស្រាអែល បន្តវាយលុកពេញទំហឹង ប្រឆាំងប្រជាជននិងទឹកដីប៉ាឡេស្ទីន។

សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ចូ បៃដិន បានចេញមុខគាំទ្រផ្នែកការទូតដ៏រឹងមាំចំពោះអ៊ីស្រាអែល និងបន្តផ្តល់អាវុធសម្រាប់សង្រ្គាមនេះ។ បន្ទាប់ពីបានរារាំងសេចក្តីសម្រេចមុនៗ ពាក់ព័ន្ធជម្លោះនៅតំបន់ហ្គាហ្សា ទីក្រុងវ៉ាស៊ីនតោនកាលពីខែមីនា ក៏បានវេតូលើដំណោះស្រាយដែលទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ផងដែរ។

អ៊ីស្រាអែល បានបើកប្រតិបត្តិការនៅតំបន់ហ្គាហ្សា ដោយគិតត្រឹមពេលនេះមានមនុស្សស្លាប់ជិត ៤៤ ០០០នាក់ហើយ។ យុទ្ធនាការដ៏សាហាវនេះ គឺជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលសម្លាប់មនុស្សប្រមាណ ១ ២០០នាក់ និងចាប់ជាង២៥០នាក់ទៀតជាចំណាប់ខ្មាំង៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម